ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា សារធាតុគីមីដែលគេរកឃើញនៅក្នុងតែបៃតងអាចយកទៅព្យាបាលមហារីកស្បែកបាន២ប្រភេទ ។ ទោះជាយ៉ាងនេះក្តី គេមិនឃើញមានប្រសិទ្ធភាពនោះទេនៅពេលដែលយើងផឹកតែបៃតង ។ នេះក៏ព្រោះតែសារធាតុនោះមានចំនួនតិចតួចពេក ប៉ុន្តែយកវាទៅពិសោធន៍លើកោសិកាមហារីកក្នុងមន្ទីរពិសោធន៍ វាមានប្រសិទ្ធភាព២/៣ក្នុងការកំចាត់ដុំសាច់មហារីក ។
អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Strathclyde និងសាកលវិទ្យាល័យ Glasgowដែលបានដឹកនាំការស្រាវជ្រាវបានពិនិត្យឃើញថា សារធាតុគីមីឈ្មោះ epigallocatechin gallate (EGCg)ពុំមានផលប៉ះពាល់លើកោសិកាឬជាលិកាផ្សេងនៅក្នុងរាងកាយនោះទេ ។មហារីកស្បែក២ប្រភេទដែលសារធាតុគីមីឈ្មោះ epigallocatechin gallate (EGCg)អាចព្យាបាលបានគឺ epidermoid carcinomaនិង melanoma ។
អ្នកដឹកនាំការស្រាវជ្រាវ វេជ្ជបណ្ឌិត Christine Dufesបានបញ្ជាក់ថា ៖«នេះជាលទ្ធផលល្អមួយ ហើយយើងសង្ឃឹមថា វាជាការនាំផ្លូវមួយឆ្ពោះទៅរកវិធីព្យាបាលមហារីកប្រកបដោយប្រសិទ្ធភាព ។ នៅពេលដែលយើងប្រើប្រាស់តាមវិធីសាស្ត្ររបស់យើង សារធាតុគីមីepigallocatechin gallate (EGCg)របស់តែបៃតងអាចកាត់បន្ថយទំហំដុំសាច់បានយ៉ាងច្រើន ។ ក្នុងករណីខ្លះ វាថែមទាំងអាចកំចាត់ដុំសាច់នេះបានទៀតផង ។
ផ្ទុយទៅវិញ សារធាតុនេះគ្មានប្រសិទ្ធភាពសោះ នៅពេលដែលវាត្រូវបានចែកចាយដោយវិធីសាស្ត្រផ្សេង ហើយដុំសាច់មហារីកបន្តដុះលូតលាស់ដដែល ។ លទ្ធផលនៃការស្រាវជ្រាវនេះអាចជាការបើកផ្លូវឆ្ពោះទៅរកការព្យាបាលថ្មីមួយលើជំងឺដែលផ្តាច់ជីវិតមនុស្សគ្មានមេត្តាក្នុងបណ្តាប្រទេសជាច្រើន» ៕


ចែករំលែកព័តមាននេះ