រាជធានីភ្នំពេញ ៖ មន្ត្រីយោធាម្នាក់កំពុងជិះម៉ូតូតាមផ្លូវត្រូវរថយន្តដឹកម្សៅមីមួយគ្រឿងបុកពីក្រោយពេញទំហឹង បណ្តាលឱ្យរបួសបាក់ភ្លៅខាងឆ្វេង ឯម៉ូតូស្ថិតនៅក្រោមរថយន្តរងការខូចខាតយ៉ាងដំណំដោយត្រូវរថយន្តកិននិងអូសជាង១០មែ៉ត្រ ។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តនោះបានព្យាយាមបើករត់ តែត្រូវប្រជាពលរដ្ឋនៅទីនោះឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច ។ ឧប្បតិ្តហេតុគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី២៣ សីហា នៅចំណុចផ្លូវបំបែកទំនប់សណ្តស្ទឹង ស្ថិតនៅក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ជនរងគ្រោះឈ្មោះ សាន់ កុសល ភេទប្រុស អាយុ៤៥ឆ្នាំ ជាមន្ត្រីយោធាមានទីលំនៅភូមិព្រែកដំណាក់ សង្កាត់ជើងឯក ខណ្ឌដង្កោ ។ ជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ខៀវ ។ បើកបរក្នុងទិសដៅពីជើងទៅត្បូង តាមផ្លូវលេខ២១៧ តែម្នាក់ឯង ។ ចំណែករថយន្តបង្កហេតុ ដែលបើកបុកម៉ូតូពីក្រោយនោះម៉ាកកាមរីគូទប៉ោង ស៊េរី១៩៩១ ពណ៌ខៀវ គ្មានស្លាកលេខបើកបរដោយបុរសម្នាក់ឈ្មោះ យី សុជាតិ អាយុ២៦ឆ្នាំ មានទីលំនៅភូមិទម្លាប់ ឃុំទម្លាប់ ស្រុកគិរីវង្ស ខេត្តតាកែវ ។ រថយន្តនិងម៉ូតូធ្វើដំណើរស្របទិសគ្នា។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជាមន្ត្រីយោធានោះជិះម៉ូតូតែម្នាក់ឯង តាមផ្លូវលេខ២១៧ ពេលជិះទៅដល់ចំណុចកើតហេតុបានបត់ឆ្វេងទៅទិសខាងកើតតាមផ្លូវសណ្តស្ទឹងស្រាប់តែរថយន្តខាងលើដែលបើកស្របទិសគ្នាបានទៅដល់ក៏បុកពីក្រោយពេញទំហឹង បណ្តាលឱ្យជនរងគ្រោះបាក់ភ្លៅខាងឆ្វេងតែម្តង ។ ដោយឡែកម៉ូតូត្រូវរថយន្តកិននិងអូសជាង១០មែ៉ត្រ រងការខូចខាតយ៉ាងដំណំ ។
ក្រោយពេលកើតហេតុ បុរសខាងលើត្រូវបានដឹកតាមរថយន្តសាមុយយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៕


ចែករំលែកព័តមាននេះ