ខេត្តកំពង់ឆ្នាំង ៖ សន្តិសុខរោចក្រកាត់ដេរម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតបានរងរបួសធ្ងន់ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៤ សីហា នៅតាមបណ្តោយផ្លូវជាតិលេ៥ ចន្លោះគីឡូម៉ែត្រលេខ៤៨ និងលេខ៤៩ ស្ថិតក្នុងភូមិស្ពានពោធិ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខណៈដែលសន្តិសុខរោងចក្រទាំង២នាក់បានជិៈម៉ូតូទៅធ្វើការនៅរោងចក្រ ត្រូវរថយន្តកូរ៉េម៉ាកទីតាន់ ពណ៌ស ចំណុះ១តោនកន្លះ បើកជែងរថយន្ត១គ្រឿងទៀត ជ្រុលមកបុក ។
មន្ត្រីប៉ូលិសចរាចរស្រុកសាមគ្គីមានជ័យបាននិយាយឱ្យដឹងថា អ្នកស្លាប់បាត់បង់ជីវិតឈ្មោះ ភួង ចន្ថា អាយុ២២ឆ្នាំ ចំណែកម្នាក់ទៀតដែលរងរបួសធ្ងន់ឈ្មោះ ប្រាក់ សុផា អាយុ២២ឆ្នាំ ពួកគេមានទីលំនៅភូមិតាអត ឃុំពានី ស្រុកសាមគ្គីមានជ័យ ពួកគេធ្វើការជាសន្តិសុខនៅរោងចក្រកាត់ដេរមួយ ស្ថិតក្នុងភូមិអន្លង់ត្នោត ឃុំលង្វែក ។ ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់បានជិៈម៉ូតូម៉ាកគុបជ្រុងគ្មានស្លាកលេខក្នុងទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវជាតិលេខ៥ លុះមកដល់ចំណុចកើតហេតុមានរថយន្តកូរ៉េ ១គ្រឿងពណ៌ស ម៉ាកទីតាន់ចំណុះ១តោនកន្លះ បើកបញ្ច្រាសទិសគ្នា ហើយរថយន្តនោះបានបើកវ៉ារថយន្ត១គ្រឿងទៀតក៏ជ្រុលទៅបុកម៉ូតូយ៉ាងពេញទំហឹង បណ្តាលឱ្យម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ឯម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។
ក្រោយពេលកើតហេតុ អ្នកបើកបរបានគេចខ្លួនបាត់សល់តែរថយន្តត្រូវប៉ូលិសយកទៅរក្សាទុកនៅការិយាល័យប៉ូលិសចរាចរផ្លូវគោកជាមួយម៉ូតូ ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ៕


ចែករំលែកព័តមាននេះ