ខេត្តព្រៃវែង ៖ កាលពីថ្ងៃទី២១ សីហា កន្លងមកនេះ នៅសាលាស្រុកពាមរក៍ មានរៀបចំពិធីប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយព័ត៌មានការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ក្រោមអធិបតីភាពលោក សុខ យាត សមាជិកក្រុមប្រឹក្សាខេត្ត ។ អញ្ជើញចូលរួមក្នុងពិធីនេះ មានតំណាងមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត ស្ថាប័នគយនិងរដ្ឋាករក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ការិយាល័យនានាជុំវិញស្រុក អង្គការសង្គមស៊ីវិល អាជីវករ សិប្បករ ពាណិជ្ជករ អាជ្ញាធរ ភូមិ ឃុំ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបជិត៣០០នាក់ ។
លោក សៅ ប្រសិដ្ឋ អភិបាលស្រុកពាមរក៍ បានថ្លែងថា ការិយាល័យច្រកចេញចូលតែមួយត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់គោលការណ៍អភិបាលកិច្ចល្អ ការកែទម្រង់រដ្ឋបាល ដោយពង្រីកវិសាលភាពសេវាកម្មដែលផ្តល់ដោយរដ្ឋបាលស្រុកឱ្យបានទូលំទូលាយ តាមរយៈការប្រមូលផ្តុំសេវាកម្មទាំងអស់ក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ស្រុកដែលត្រូវផ្តល់ជូនអតិថិជននៅកន្លែងតែមួយ ។ ការិយាល័យច្រកចេញចូលតែមួយ គឺជាការិយាល័យផ្តល់សេវាជូនប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ សហគ្រាសនិងអង្គការទាំងឡាយដែលកំពុងធ្វើសកម្មភាពក្នុងមូលដ្ឋានទៅតាមនីតិវិធីរដ្ឋបាល ដែលអាចសម្រេចការងារប្រកបដោយប្រសិទ្ធភាព រហ័សមានតម្លាភាព និងតាមនីតិវិធីសាមញ្ញ ។
ចំណែកឯការិយាល័យប្រជាពលរដ្ឋ គឺជាអង្គភាពធ្វើសកម្មភាពដោយអព្យាក្រឹត ទទួលពាក្យបណ្តឹងតវ៉ាពីប្រជាពលរដ្ឋអំពីរដ្ឋបាលស្រុកសម្រុះសម្រួលដោះស្រាយពាក្យបណ្តឹងតវ៉ា ការពារប្រជាពលរដ្ឋ និងសហគ្រាស ក្នុងទំនាក់ទំនងជាមួយរដ្ឋបាលស្រុក និងកិច្ចការអាជីវកម្មពាក់ព័ន្ធជាមួយរដ្ឋបាលស្រុក ប្រឆាំងការធ្វើសេចក្តីសម្រេចទាំងឡាយដែលបំពានច្បាប់ ឬបទដ្ឋានរដ្ឋបាល ប្រឆាំងអំពើពុករលួយ និងជួយកសាងទំនាក់ទំនងល្អ និងធ្វើឱ្យមានទំនុកចិត្តរវាងរដ្ឋបាលស្រុក ជាមួយនឹងប្រជាពលរដ្ឋ អាជីវករ ក្រុមហ៊ុន និងសហគ្រាស នានា ។ លោកបានបញ្ជាក់ទៀតថា ការិយាល័យច្រកចេញចូលតែមួយ មានអង្គភាពចំនួន៩ នៅចាំបម្រើអតិថិជនពីម៉ោង៧ព្រឹកដល់ម៉ោង១១និង៣០នាទីព្រឹក និងពីម៉ោង២រសៀលដល់ម៉ោង៥និង៣០នាទីល្ងាច ។ ចំពោះចំណូល ចំណាយក្នុង១ឆ្នាំៗ ចំណូលបានត្រឹមតែ៣០លានរៀលជាង ឯចំណាយឡើងដល់ទៅ២ម៉ឺនដុល្លារឯណោះ ។ លោកបានអំពាវនាវឱ្យអភិបាលខេត្តជួយសម្របសម្រួល ហើយប្រធានមន្ទីរពាក់ព័ន្ធជួយដោះស្រាយសេវាធ្វើដំណើររបស់មន្ត្រីដែលនៅឆ្ងាយ ។
លោក សុខ យាត តំណាងឱ្យអភិបាលខេត្តបានអានសុន្ទរកថា ដែលមានខ្លឹមសារ និងអត្ថន័យល្អៗ ទាក់ទងទៅនឹងពិធីប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយព័ត៌មាន ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ។ លោកក៏បានកោតសរសើរមន្ត្រីបម្រើការនៅទីនោះផងដែរ ហើយបានផ្តាំផ្ញើដល់មន្ត្រីទាំងអស់ត្រូវខិតខំបំពេញការងារឱ្យបានល្អ ព្រោះនេះជាការងារថ្មីសម្រាប់មន្ត្រីរបស់យើង ដូច្នេះត្រូវទាមទារនូវការប្តេជ្ញាចិត្តខ្ពស់ និងការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ ទើបសម្រេចបានលទ្ធផលល្អនូវភារកិច្ចដ៏ឧត្តុង្គឧត្តម ដែលរាជរដ្ឋាភិបាលប្រគល់ជូន ដើម្បីបង្ខិតរដ្ឋបាលស្រុកឱ្យនៅជិតប្រជាពលរដ្ឋ កែប្រែទម្លាប់ចាស់ពីរដ្ឋបាលបែបគ្រប់គ្រង ទៅជារដ្ឋបាលបែបបម្រើសេវាជូនប្រជាពលរដ្ឋវិញ ។
ក្នុងយុទ្ធនាការនេះក៏មានការហែក្បួនដែលមានរថយន្តឆៃយ៉ាំនាំមុខ ចេញដំណើរឆ្ពោះទៅផ្សារអ្នកលឿង រហូតដល់ស្ទឹងស្លូត រួចទើបត្រឡប់មកសាលាស្រុកពាមរក៍វិញ ៕


ចែករំលែកព័តមាននេះ