រាជធានីភ្នំពេញ ៖ ចេញពីសប្បាយក្លាយជាកើតទុក្ខ យុវជនពីរនាក់បានជិះម៉ូតូម៉ាកសេ១២៥ឌុបគ្នាចេញពីក្រុងកោះពេជ្រ ដោយបានជិះឆ្លងស្ពានក្នុងល្បឿនលឿនពេលមកជិតដល់កែងផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក៏បានជ្រុលទៅបុកគូទរថយន្តជនជាតិកូរ៉េដែលកំពុងបើកស្របគ្នាពេញទំហឹង បណ្តាលឱ្យយុវជនទាំងពីរនាក់នោះដួលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៣ សីហា ។
នគរបាលចរាចរខណ្ឌចំការមនបានឱ្យដឹងថា យុុវជនពីរនាក់ដែលជិះម៉ូតូបុកគូទរថយន្តហើយដួលរងរបួសធ្ងន់ខាងលើនេះ ម្នាក់ឈ្មោះ ស៊ុំ ស៊ីវ័ន្ត អាយុ១៩ឆ្នាំ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងម្នាក់ទៀតឈ្មោះ គង់ ចន្ថា អាយុ២១ឆ្នាំ ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១២ ។ ចំណែករថយន្តដែលត្រូវយុវជនពីរនាក់ជិះម៉ូតូបុក ម៉ាកឡិចស៊ីសពណ៌ខ្មៅ ជិះដោយជនជាតិកូរ៉េពីរនាក់ ។
សាក្សីឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុ គេឃើញយុវជនទាំងពីរនាក់ជិះម៉ូតូឌុបគ្នាយ៉ាងលឿនចេញពីក្រុងកោះពេជ្រ ហាក់ដូចជាក្រុមប្រណាំងម៉ូតូអ៊ីចឹង ។ លុះជិះមកដល់ចំណុចកើតហេតុខាងលើ ជ្រែចុះជ្រែឡើងគេចម៉ូតូផ្សេងក៏ជ្រុលទៅបុកចំហៀងគូទរថយន្តឡិចស៊ីសពេញទំហឹង បណ្តាលឱ្យឈ្មោះស៊ុំ ស៊ីវ័ន្ត បោកក្បាលទៅនឹងកញ្ចក់រថយន្តរងរបួសធ្ងន់ និងឈ្មោះគង់ ចន្ថា ធ្លាក់ពីលើម៉ូតូបោកក្បាលទៅនឹងថ្នល់ និងរបួសពេញខ្លួនក្នុងសភាពធ្ងន់ធ្ងរបំផុត ។ ចំណែកម៉ូតូរងការខូចខាតមួយផ្នែកនិងរថយន្តមិនសូវជាខូចខាតប៉ុន្មានទេ ។
បន្ទាប់ពីកើតហេតុ នគរបាលមូលដ្ឋានបានសហការជាមួយនគរបាលក្រុងធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ។ ចំណែកអ្នករងរបួសត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត ៕
ចែករំលែកព័តមាននេះ