ខេត្តកំពង់ឆ្នាំង ៖ សន្តិសុខរោងចក្រកាត់ដេរម្នាក់ បានស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួស ក្នុងហេតុការណ៍រថយន្តបុកកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី២៤ សីហា នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៤៨ និងលេខ៤៩ ស្ថិតក្នុងភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខណៈដែលសន្តិសុខរោងចក្រទាំង២នាក់ កំពុងជិះម៉ូតូទៅធ្វើការនៅរោងចក្រដូចសព្វដង ។
ជនរងគ្រោះស្លាប់បាត់បង់ជីវិតមានឈ្មោះភួង ចន្ថា អាយុ២២ឆ្នាំ ចំណែកម្នាក់ទៀត ដែលរងរបួសឈ្មោះប្រាក់ សុផា អាយុ២២ឆ្នាំ អ្នកទាំង២មានទីលំនៅភូមិតាអត ឃុំពានី ស្រុកសាមគ្គីមានជ័យដូចគ្នា ជាសន្តិសុខនៅរោងចក្រកាត់ដេរ (ទឹកហ្វុក) ស្ថិតក្នុងភូមិអន្លង់ត្នោត ឃុំលង្វែក ។ ក្រោយពេលកើតហេតុ អ្នកបើករថយន្តបានគេចខ្លួនបាត់ ហើយត្រូវបានប៉ូលិសនាំយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យប៉ូលិសចរាចរផ្លូវគោក ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕



ចែករំលែកព័តមាននេះ