ខេត្តកំពង់ធំ ៖ យុវជនម្នាក់បើករថយន្តកាមរីហើមបោះពួយតាមផ្លូវជាតិលេខ៦ពីជើងទៅត្បូង លុះមកដល់ក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន រថយន្តបែកកង់មុខខាងឆ្វេងអ្នកបើកបានជាន់ហ្វ្រាំងទាំងបង្ខំបណ្តាលឱ្យរថយន្តវិលខ្លួនមួយជុំរួចហក់ទៅបោកផ្ទប់ទ្វារដែកវៀចខូច១ផ្ទាំងហើយទៅបុកបាក់ទ្រេចសសររបងថ្មរួចបន្តទៅបោកត្រូវទ្វារផ្ទះបាក់មួយទៀតទើបអស់ល្បឿន ។ ហេតុការណ៍បុករះនេះបានកើតឡើង កាលពីវេលាម៉ោង៥និង៥នាទីព្រឹកថ្ងៃទី២៤ សីហា ឆ្នាំ២០១២ ។ ទោះជាយ៉ាងនេះក្តីពុំមានមនុស្សណាទទួលរងគ្រោះក្នុងករណីនេះទេ គ្រាន់តែខូចខាតរបស់ទ្រព្យខាងលើឯរថយន្តខ្ទេចមុខ។
តាមព័ត៌មានពីលោក សោម សុភី នាយផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះតាមការសន្និដ្ឋានរបស់សមត្ថកិច្ចគឺបណ្តាលមកពីអ្នកបើករថយន្ត បើកបរលឿនពេកពេលបែកកង់មុខជាន់ហ្វ្រាំងទាំងប្រថុចញ៉ុច បណ្តាលឱ្យរថយន្តវិលខ្លួនមួយជុំរួចបោកទៅលើទ្វារដែករបងថ្ម និងបន្តទៅបុកទ្វាផ្ទះឈើនៅខាងស្តាំដៃ បណ្តាលឱ្យបាក់ ចំណែករថយន្តត្រូវខ្ទេចមុខមួយចំហៀង និងបែកកង់ផ្នែកខាងឆ្វេង សំណាងដែរដែលមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ។ ម្ចាស់ផ្ទះទី១- ឈ្មោះ លី ឆេងហ៊ាន់ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិកើតហេតុខាងលើ ខូចខាត ទ្វារដែក១ និងបាក់ទ្រេតសសររបងថ្ម១ផ្ទាំង ។ រីឯម្ចាស់ផ្ទះទី២-ឈ្មោះ សៀង សុខុម ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នាធ្លាយទ្វារផ្ទះរបើកទាំងផ្ទាំងធ្វើឱ្យពួកគាត់កំពុងតែសម្រាន្តនៅក្នុងផ្ទះភ័យលស់ព្រលឹងទាំងព្រឹក។
យុវជនបើករថយន្តឈ្មោះ ស៊ុយ គឹមសួរ អាយុ១៩ឆ្នាំ រស់នៅភូមិប្រមាត់ដី សង្កាត់ស្រយូវ ក្រុងស្ទឹងសែនបាននិយាយថា នៅព្រឹកនោះខ្លួនបានបើកកាមរីហើមដឹកត្រីបោះពួយតាមផ្លូវជាតិលេខ៦យ៉ាងលឿន ។ ពេលមកដល់ក្នុងភូមិខាងលើស្រាប់តែរថយន្តបែកកង់មុខខាងឆ្វេងក៏រេចង្កូតចុះឡើងឃើញបែបមិនស្រួលខ្លួនបានជាន់ហ្វ្រាំងមួយទំហឹងធ្វើឱ្យរថយន្តវិលខ្លួន១ជុំរួចហក់ទៅបោកត្រូវទ្វារដែកវៀច និងបាក់ទ្រេតរបងថ្មរួចទៅបុកទ្វារផ្ទះ ធ្លុះអស់មួយទៀតទើបរថយន្តអស់ខ្យល់ ។ សំណាងដែរដែលម្ចាស់ផ្ទះកំពុងសម្រាន្តមិនទាន់មានមនុស្សក្រោកចេញក្រៅផ្ទះ កុំអីត្រូវធ្ងន់ធ្ងរជាងនេះ ។
ក្រោយពេលកើតហេតុភាគីទាំងសងខាងបានដោះស្រាយនៅនឹងកន្លែងដោយម្ចាស់រថយន្តចេញថ្លៃសងការខូចខាតទាំងអស់ ចំណែកសមត្ថកិច្ចនគរបាលបានត្រឹមធ្វើកំណត់ហេតុប៉ុណ្ណោះ ៕


ចែករំលែកព័តមាននេះ