អ្នកវិទ្យាសាស្ត្រពីមជ្ឈមណ្ឌលទិន្នន័យផ្នែកទឹកកក និងព្រិលរបស់សហរដ្ឋអាមេរិក បានបង្ហាញថាផ្ទៃទឹកកកនៅតំបន់ប៉ូលខាងជើង កំពុងធ្លាក់ចុះទាបជាងការថយចុះដែលធ្លាប់បានកត់ត្រាទុកកាលពីឆ្នាំ២០០៧ ។រូបភាពពីផ្កាយរណបចុងក្រោយកាលពីថ្ងៃទី១៣ សីហា ឃើញថាផ្ទៃទឹកកកមានទំហំ៥,០៩លានគីឡូម៉ែត្រក្រឡា ឬតិចជាងមធ្យមភាគដែលកត់ត្រាទុកពីឆ្នាំ១៩៧៩ដល់២០០០ ដល់ទៅ២,៦៩លានគីឡូម៉ែត្រក្រឡា និងតិចជាងទំហំដែលបានកត់ត្រាទុកកាលពី៥ឆ្នាំមុនដល់ទៅ៤៨៣,០០០គីឡូម៉ែត្រក្រឡា ។
លោក ថេត ស្គេមបូស អ្នកវិទ្យាសាស្ត្រនៅក្នុងមជ្ឈមណ្ឌលទឹកកក និងព្រិលសហរដ្ឋអាមេរិក រំពឹងទុកថា ផ្ទាំងទឹកកកនឹងរលាយបន្តទៀតរហូតដល់ដំណាច់ខែកញ្ញា ហើយនឹងបំបែកឯតទគ្គកម្មទាបបំផុតនៅក្នុងដំណាច់ខែសីហានេះ។មជ្ឈមណ្ឌលទិន្នន័យស្តីពីទឹកកក និងព្រិលសហរដ្ឋអាមេរិកឱ្យដឹងថា អត្រាការបាត់បង់ផ្ទាំងទឹកកកចាប់តាំងពីដំណាច់ខែមិថុនាកន្លងមក បានកើតឡើងយ៉ាងឆាប់រហ័ស ។ ការបាត់បង់ជារួមបានកើតឡើងពីកត្តានៅតំបន់អាកទិកដោយមានបើកកន្លែងតភ្ជាប់ជាមួយមហាសមុទ្រអាត្លង់ទិកនៅបរិវេណសមុទ្រប៊ីយូហ្វត និងសមុទ្រស៊ីបេរីខាងកើត ។
អត្រាធ្លាក់ចុះជាមធ្យមតាំងពីដំណាច់ខែមិថុនា ស្ថិតក្នុងអត្រា១០០.០០០គីឡូម៉ែត្រក្រឡាក្នុងមួយថ្ងៃ ឬជិត២ដងនៃអំឡុងពេលប្រក្រតីដែលកើតព្យុះនៅក្នុងតំបន់អាកទិក ។ទឹកកកនៅបរិវេណអាកទិក មានលក្ខណៈសំខាន់ក្នុងការថែរក្សាសីតុណ្ហភាពក្នុងតំបន់ប៉ូលឱ្យត្រជាក់ និងជួយគ្រប់គ្រងប្រព័ន្ធអាកាសធាតុនៅលើផែនដី ព្រោះផ្ទាំងទឹកកកមានពណ៌សថ្លា ទើបជួយចំណាំងផ្លាតពន្លឺព្រះអាទិត្យដែលចាំងបានជាង៨០ភាគរយត្រឡប់ទៅលំហអាការ ។ក្នុងពេលទឹកកករលាយធ្វើឱ្យចំណាំងផ្លាតពន្លឺព្រះអាទិត្យធ្លាក់ចុះជាង៩០ភាគរយ ធ្វើឱ្យតំបន់អាមេរិកមានអាកាសធាតុក្តៅឡើងខ្ពស់ ៕
ចែករំលែកព័តមាននេះ