ខេត្តកំពត ៖ បុរសម្នាក់បានផឹកថ្នាំសម្លាប់ខ្លួន ដោយសារតែខឹងកូនស្រីរត់ចេញពីផ្ទះកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២១ សីហា ។ បុរសដែលគិតខ្លីផឹកថ្នាំធ្វើអត្តឃាតឈ្មោះជួន ថា អាយុ៣៨ឆ្នាំ នៅភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ។
តាមប្រភពព័ត៌មានឱ្យដឹងថា បុរសរងគ្រោះមានប្រពន្ធ២នាក់ ប្រពន្ធទី១មានកូនចំនួន៤នាក់ និងកូនប្តីមុនចំនួន៣នាក់ សរុប៧នាក់ តែស្ត្រីជាប្រពន្ធបានលង់ទឹកស្លាប់កាលពីឆ្នាំ ២០១១ ទៅហើយ ។ បន្ទាប់មកក៏យកប្រពន្ធមួយទៀតតែពុំមានកូននោះទេ ។ យោងតាមសម្តីកូនស្រីតូចៗចំនួន២នាក់បាននិយាយថា មុនពេលកើតហេតុបុរសជាឪពុកបានដេញពួកគេឱ្យចេញពីផ្ទះអស់ លុះមកដល់ម៉ោង៤រសៀលត្រឡប់មកផ្ទះវិញ ក៏ឃើញឪពុកដេកមិនក្រោកពីកន្ទេលបែកពពុះមាត់ស្កុល និងមានកញ្ចប់ថ្នាំចំនួន៤កញ្ចប់នៅជិតខ្លួនទើបដឹងថា ផឹកថ្នាំសម្លាប់ខ្លួនដោយផឹកអស់៣កញ្ចប់ ។
ប្រភពពីកូនស្រីរបស់ជនរងគ្រោះឈ្មោះទឹម សុភី អាយុ១៦ឆ្នាំ ឱ្យដឹងថា ឪពុករបស់នាងកាចណាស់បានវាយធ្វើបាបនាងជាញឹកញាប់ រហូតអត់ទ្រាំនឹងទង្វើឪពុកលែងបានក៏រត់ទៅធ្វើការនៅភ្នំពេញ តែមិនទាន់បានការងារធ្វើផង ឪពុកក៏ទៅតាម និងវាយតប់នាំត្រឡប់មកផ្ទះវិញ តែមិនបានប៉ុន្មានថ្ងៃនាងក៏រត់ចេញពីផ្ទះម្តងទៀត ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ