ភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី FSB ថ្លែងកាលពីថ្ងៃទី២៣ សីហា ថា ប្រទេសរុស្ស៊ី អ៊ុយក្រែន និងកាហ្សាក់ស្ថាន បានចាប់ផ្តើមធ្វើសមយុទ្ធរួម ដើម្បីតស៊ូប្រឆាំងភេរវកម្មក្នុងតំបន់រ៉ូស្គូវ ភាគខាងត្បូងរុស្ស៊ី ។
កងកម្លាំងប៉ូលិស និងភ្នាក់ងារសន្តិសុខរបស់ប្រទេសទាំង៣ បានចូលរួមក្នុងសមយុទ្ធនេះជាមួយនឹងភារកិច្ច សាកល្បងយន្តការចាត់តាំង និងសម្របសម្រួលការខិតខំប្រឹងប្រែងបង្ការ និងលុបបំបាត់ចោលការវាយប្រហារភេរវកម្ម នៅតាមមធ្យោបាយដឹកជញ្ជូន និងនៅទីសាធារណៈ ។ ប្រទេសទាំង៣ ក៏អនុវត្តផងដែរ នូវវិធានការនានា ដើម្បីថែរក្សាសណ្តាប់ធ្នាប់សាធារណៈក្នុងបណ្តាតំបន់ ដែលប្រឈមមុខនឹងការកើនឡើងនៃសកម្មភាពរបស់ពួកជ្រុលនិយម។ ក្រោយពីសមយុទ្ធនេះ ប្រមុខភ្នាក់ងារសន្តិសុខរបស់ប្រទេសទាំង៣ នឹងពិភាក្សាគ្នាពីមធ្យោបាយទាំងឡាយ ដើម្បីកែលំអប្រព័ន្ធចែករំលែកព័ត៌មានគ្នា ក្នុងពេលធ្វើប្រតិបត្តិការប្រឆាំងភេរវកម្ម ។
ប្រមុខភ្នាក់ងារសន្តិសុខទាំងនោះ ក៏នឹងពិភាក្សាគ្នាដែរលើមធ្យោបាយរំដោះចំណាប់ខ្មាំង និងកម្ទេចពួកភេរវករ ក្នុងនោះរួមទាំងបណ្តាប្រមុខក្រុមជនខិលខូច ដែលធ្វើប្រតិបត្តិការ ក្នុងបណ្តាប្រទេសជាសមាជិកនៃសហគមន៍រដ្ឋឯករាជ្យ CEI និងតំបន់ដទៃៗទៀត ព្រមទាំងដើម្បីប្រឈមមុខនឹងផលវិបាកទាំងឡាយនៃការវាយប្រហារភេរវកម្ម ដែលប្រើសារធាតុពុល ។ សមយុទ្ធរួមនេះ នឹងបញ្ចប់នាថ្ងៃទី៤ កញ្ញា ខាងមុខនេះ ៕
ចែករំលែកព័តមាននេះ