រាជធានីភ្នំពេញ ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មី២ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន៣នាក់ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៣ សីហា ២០១២ នៅមុខផ្ទះសំណាក់សេរីសូរិយាដែលមានទីតាំងលេខ២១អឺ០ ផ្លូវលេខ៨១ ភូមិ៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។
ជនសង្ស័យប្រើប្រាស់គ្រឿងញៀនដែលសមត្ថកិច្ចឃាត់ខ្លួន ១-ឈ្មោះសំ ពិសី ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះលេខ១០៤អឺ០ ផ្លូវលេខ១៦៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន, ២-ឈ្មោះលី ជីវ័ន ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះលេខ២០កា ផ្លូវលេខ៤២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និង៣-ឈ្មោះហែម ណារ៉ូត ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះលេខ៩អឺ០ ផ្លូវលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
យោងតាមរបាយការណ៍របស់នគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មី២បានឱ្យដឹងថា នៅថ្ងៃខាងលើកម្លាំងនគរបាលប៉ុស្តិ៍បានចុះល្បាតក្នុងមូលដ្ឋាន លុះមកដល់មុខផ្ទះសំណាក់សេរីសុរិយាប្រទះឃើញក្រុមយុវជនស្ទាវ៣នាក់ក៏ធ្វើការឃាត់ខ្លួន និងឆែកឆេរត្រួតពិនិត្យរកឃើញគ្រឿងញៀនមួយកញ្ចប់តូចដែលឈ្មោះសំ ពិសី កាន់នៅនឹងដៃ។ បន្ទាប់ពីរកឃើញគ្រឿងញៀនជាក់ស្តែងជនសង្ស័យទាំង៣នាក់ខាងលើត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ