រាជធានីភ្នំពេញ ៖ បុរសស្រវឹងជោកម្នាក់បានបើកម៉ូតូណៃហត ពណ៌ខ្មៅមួយគ្រឿងក្នុងល្បឿនលឿន ហើយព្យាយាមបើកវ៉ាម៉ូតូមួយគ្រឿងនៅពីមុខក៏ជ្រុលចង្កូតទៅបុកម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅមួយគ្រឿងទៀត បើកបរដោយបុរសម្នាក់ចំពីក្រោយពេញទំហឹង បណ្តាលឱ្យម៉ូតូ និងមនុស្សខ្ទាតទៅបុករនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់ចំនួន៥ផ្ទាំង និងបុរសអ្នកបើកម៉ូតូឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១២ នោះបែកក្បាលហូរឈាមពេញថ្នល់ របួសធ្ងន់ ឯបុរសម្នាក់ដែលស្រវឹងបើកម៉ូតូណៃហតនោះបាក់ដៃខាងឆ្វេងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទាំង២នាក់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី២៣ សីហា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខរោងចក្រគង់ហុង ។ បុរសស្រវឹងស្រាជោកម្នាក់ដែលបើកម៉ូតូណៃហតនោះឈ្មោះ ជិន មណ្ឌល អាយុ៤៤ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឯអ្នកបើកម៉ូតូសេ១២៥ មិនស្គាល់អត្តសញ្ញាណទេ ។
យោងតាមសាក្សីពីកន្លែងកើតហេតុឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូណៃហត ពណ៌ខ្មៅមួយគ្រឿងបើកបរដោយបុរសស្រវឹងជោកម្នាក់ បានបើកម៉ូតូយ៉ាងលឿនតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមកដល់កន្លែងកើតហេតុក៏ព្យាយាមបើកវ៉ាម៉ូតូមួយគ្រឿងនៅពីមុខក៏ជ្រុលចង្កូតទៅបុកម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១២ មួយគ្រឿងបើកបរដោយបុរសម្នាក់ស្របទិសគ្នាចំពីក្រោយពេញទំហឹង បណ្តាលឱ្យម៉ូតូទាំងពីរគ្រឿង និងអ្នកបើកទាំង២នាក់នោះខ្ទាតទៅបុករបាំងដែកពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឱ្យរបាំងដែកដួលបាក់៥ផ្ទាំង និងអ្នកបើកម៉ូតូឌ្រីមសេ១២៥ នោះបែកក្បាលហូរឈាមពេញថ្នល់ ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត ឯបុរសស្រវឹងស្រានរបួសបាក់ដៃឆ្វេងត្រូវមិត្តភក្តិដឹកតាមម៉ូតូយកទៅមន្ទីរពេទ្យដែរ ។
ក្រោយពេលកើតហេតុប៉ូលិសចរាចរបានចុះទៅវាស់វែង និងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅស្នងការដ្ឋានរាជធានីភ្នំពេញ រង់ចាំការដោះស្រាយ ៕



ចែករំលែកព័តមាននេះ