ក្រសួងមហាផ្ទៃលីប៊ីរាយការណ៍ កាលពីថ្ងៃទី២៣ សីហា ថា បានរឹបអូសរថក្រោះជាង១០០គ្រឿង ពីក្រុមជីវពលមួយរបស់អតីតមេដឹកនាំលីប៊ីលោកមូអាម៉ា កាដាហ្វី ដែលក្រោយមកចូលរួមជាមួយបដិវត្តន៍ក្នុងតំបន់តាហ៊ូណា ភាគខាងលិចប្រទេស ។ ក្នុងឱកាសនៃសន្និសីទសារព័ត៌មានមួយលោកអាប់ដែល ម៉ូណេម អាល់ហ័រអ្នកនាំពាក្យរបស់ស្នងការជាន់ខ្ពស់នៃសន្តិសុខចំណុះឱ្យក្រសួងមហាផ្ទៃលីប៊ីគូសបញ្ជាក់ថា រថក្រោះជាង១០០គ្រឿង និងរថយន្តផ្ទុកជើងទម្របាញ់មីស៊ីលចំនួន២៦គ្រឿង ត្រូវរឹបអូសក្នុងបន្ទាយមួយនៅស៊ូកអាល់ អាសាដ ជិតក្រុងតាហ៊ូណា ចម្ងាយ៦០គ.ម ភាគអាគ្នេយ៍ក្រុងទ្រីប៉ូលី ជាទីតាំងរបស់កងជីវពលនេះ ។
លោកបន្តថា ការស៊ើបអង្កេតមួយលើការវាយប្រហារភេរវកម្ម ដោយរថយន្តបង្កប់គ្រឿងផ្ទុះ២ កាលពីថ្ងៃទិ១៩ សីហា កន្លងមកនេះ បណ្តាលឱ្យមនុស្សស្លាប់២នាក់ និងរបួស៤នាក់ នៅក្រុងទ្រីប៉ូលី សង្ស័យថា ទាក់ទិនដល់ក្រុមនោះ ។ កងជីវពលនេះមានឈ្មោះថា ក្រុម KITIBA AL-AWFIYA កាលសម័យរបបលោកកាដាហ្វី គេហៅកងពលទុក្កកម្មរបស់លោកកាដាហ្វី ៕
ចែករំលែកព័តមាននេះ