រាជធានីភ្នំពេញ ៖ នារីម្នាក់អាយុប្រហែល២០ឆ្នាំ បានបើករថយន្ត CR-V ពណ៌សម្បកឪឡឹកមួយគ្រឿងក្នុងល្បឿនលឿន ហើយស្រវឹងជោកផងនោះ បានបើកវ៉ាគេឯងពេញផ្លូវក៏ជ្រុលចង្កូតទៅបុករបាំងដែកពុះចែកទ្រូងផ្លូវ បណ្តាលឱ្យបាក់៣ផ្ទាំង កាលពីវេលាម៉ោង៩និង៥៥នាទីយប់ថ្ងៃទី២៣ សីហា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយរថយន្តបង្កហេតុបែកកង់មុខខាងឆ្វេងបើកទៅមុខលែងរួច ត្រូវប៉ូលិសចរាចរដែលឈរជើងប្រចាំការនៅក្រោមស្ពានអាកាស៧មករា ធ្វើការឃាត់ភ្លាមៗទាំងរថយន្តទាំងអ្នកបើកបរ ។
យោងតាមប្រភពព័ត៌មានពីមន្ត្រីប៉ូលិសចរាចរម្នាក់ឱ្យដឹងថា មុនពេលកើតហេតុរថយន្ត CR-V ពណ៌សម្បកឪឡឹកមួយគ្រឿងបើកបរដោយនារីម្នាក់អាយុប្រហែល២០ឆ្នាំ ស្ថិតក្នុងស្ថានភាពស្រវឹង បានបើករថយន្តយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិច ហើយបើកវ៉ាគេឯងពេញផ្លូវ ស្រាប់តែមកដល់កន្លែងកើតហេតុក៏ជ្រុលចង្កូតទៅបុករបាំងដែកពុះចែកទ្រូងផ្លូវ បណ្តាលឱ្យបាក់ និងវៀចចំនួន៣ផ្ទាំង ឯរថយន្តបង្កហេតុបែកកង់មុខខាងឆ្វេងបើកទៅមុខលែងរួច ។ ឃើញដូចនោះប៉ូលិសក៏បានរត់ទៅឃាត់រថយន្ត និងនារីអ្នកបើកបររថយន្តបានភ្លាមៗដែរ ។
ក្រោយពេលកើតហេតុប៉ូលិសចរាចរបានចុះទៅវាស់វែង និងស្ទូចយករថយន្ត និងនាំអ្នកបើករថយន្តយកទៅសាលារាជធានីភ្នំពេញដើម្បីដោះស្រាយសងការខូចខាតសម្បត្តិសាធារណៈ ៕
ចែករំលែកព័តមាននេះ