ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ជំនន់​ភ្លាមៗ​នៅប៉ាគីស្ថាន​ស្លាប់​៣២​នាក់

13 ឆ្នាំ មុន

ទូរទស្សន៍​​ប៉ាគីស្ថាន​ GEO ​រាយ​ការណ៍​​កាល​ពីថ្ងៃទី​២៣ សីហា ថា មនុស្ស​យ៉ាង​តិច​៣២​នាក់ ​បានត្រូវស្លាប់ ​ដោយសារ​ភ្លៀង​ធ្លាក់ខ្លាំង ​និងទឹក​ជំនន់​​​ក្នុងតំបន់​ភាគពាយ័ព្យ ​ភាគ​ខាងកើត​​​ និង​ភាគ​​ខាង​ជើង​ប៉ាគីស្ថាន រយៈ​ពេល​២៤​ម៉ោង ចុង​ក្រោយនេះ ។
តំបន់​​ដែល​​រង​ការ​​​ប៉ះ​ពាល់​​ខ្លាំង​ជាង​គេ​បំផុត​​​ គឺខេត្ត​​ KHYBER PAKHTUNKHWA ភាគ​ពាយ័ព្យ​ប្រទេស ។

ក្នុង​ស្រុក NOWSHERA ​នៃ​ខេត្តនេះ​ មាន​មនុស្ស​​ស្លាប់​ដល់ទៅ៩​នាក់ ហើយ​មនុស្ស​​១១​នាក់ទៀត ត្រូវ​របួស​ដោយ​សារ​ទឹក​ស្ទឹង​​​​មួយ​បាន​ជោរជន់​ ពេល​មានភ្លៀង​​ធ្លាក់​យ៉ាង​ខ្លាំង ។ ម្យ៉ាង​វិញទៀត ​នៅ​ខេត្ត​​នេះ​ដែរ គឺ​ក្នុងស្រុក​ MANSEHRA ​ផ្ទះ​ជា​ច្រើន ​​​ខ្នង​ត្រូវរលំ​បាក់ ដោយ​សារ​ទឹកជំនន់ ដែល​សម្លាប់​ប្រជាជន​៦​នាក់ ​និង​របួស១១​នាក់​។ អាជ្ញា​ធរ​​ខេត្ត និង​ស្រុក​ បាន​ចេញ​ការ​ប្រកាស​​អាសន្ន​ ក្នុងតំបន់​​រងគ្រោះ​​​ ហើយ​បាន​​ធ្វើ​ប្រតិ​បត្តិការ​​ជួយ​សង្គ្រោះ ។

ទឹកជំនន់​​នៅ​​បាន​នាំ​យក​មនុស្ស​យ៉ាង​តិច​​៤​នាក់ ក្នុង​តំបន់​​កុលសម្ព័ន្ធ​​ភាគ ​ពាយ័ព្យ​ប្រទេស ព្រម​​ទាំង​មនុស្ស​២​នាក់​ទៀត​​ ក្នុងនោះ​​​មាន​កុមារ​ម្នាក់​ក្នុង​តំបន់​ទំនាប​នៅ​កា​ស្មៀរប៉ាគីស្ថាន ។ ស្ទើរ​​រៀង​រាល់​ឆ្នាំ​​នា​រដូវ​ភ្លៀង​​​ចាប់ពី​ខែ​កក្កដា ​ទៅ​ខែកញ្ញា ប៉ាគីស្ថាន​ត្រូវ​ប្រឈម​មុខ​​នឹងគ្រោះ​​ទឹកជំនន់ ។​ ​កាលពីឆ្នាំ​២០១០​ប្រទេសនេះ រង​គ្រោះ​​ដោយ​ទឹកជំនន់​​ធ្ងន់ធ្ងរ​បំផុត​បណ្តាល​ឱ្យ​​​​មនុស្ស​ស្លាប់​​ដល់ទៅ​១៥៤០​នាក់ និងរបួស​២០៨៨​នាក់ ​ផ្ទះ៥៥៧២២៦​ខ្នង រង​ការ​បំផ្លាញ​​ ហើយ​មនុស្ស​៦​លាន​នាក់​ភៀស​ខ្លួន ។​

ក្នុងឆ្នាំ​២០១១ ទឹកជំនន់​​​សម្លាប់​មនុស្ស​២៧០​នាក់ ក្នុង​ខេត្ត​​ SINDH ភាគ​ខាងត្បូង​​ប្រទេស ខណៈ​មនុស្ស​យ៉ាង​តិច​៥,៣​លាន​នាក់​ភៀស​ខ្លួន​ហើយ​ផ្ទះ​១​​,២​លាន​ខ្នង​រងការបំផ្លាញ ៕