ខេត្តតាកែវ ៖ ការយាយីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គឆ្នាំ២០១១ កន្លងទៅធ្វើឱ្យប្រជាពលរដ្ឋ ពិសេសអ្នករស់នៅតាមតំបន់ដងទន្លេ និងតំបន់វាលទំនាបបានបង្កើនការប្រុងប្រយ័ត្នយ៉ាងខ្លាំងរហូតមានអ្នកខ្លះបានរុះរើលំនៅឋានទៅសង់នៅទីទួលខ្ពស់ ព្រោះឮថាឆ្នាំនេះកម្ពស់ទឹកខ្ពស់ជាងឆ្នាំ២០១១ ទៀត ។
លោក ហុឹម ញ៉ត រស់នៅភូមិព្រៃអន្ទា ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ និងជាអ្នកដែលធ្លាប់ទទួលរងគ្រោះពីទឹកជំនន់កាលពីឆ្នាំ២០១១ បានប្រាប់ឱ្យដឹងថា ជារៀងរាល់ឆ្នាំគាត់បានតាំងលំនៅឯស្រែឆ្ងាយពីភូមិប្រហែល១០គីឡូម៉ែត្រដើម្បីធ្វើស្រែនិងនេសាទ តែដោយសារឆ្នាំ២០១១កន្លងទៅទឹកទន្លេឡើងលិចផ្ទះគាត់ និងបាត់បង់របស់របរជាច្រើន និងជាពិសេសនោះពេលមានខ្យល់ព្យុះម្តងៗ ផ្ទះគាត់ត្រូវទទួលរងការបាក់រលំដោយសារតែកម្លាំងទឹករលកនិងខ្យល់បក់បោក ។ លោកបានបន្តទៀតថា ឆ្នាំនេះគាត់ត្រូវតែរុះរើផ្ទះ និងរបស់របរប្រើប្រាស់ទាំងអស់ចេញពីកន្លែងនោះ ដើម្បីកុំឱ្យជួបបញ្ហាដូចឆ្នាំមុនទៀត ព្រោះឮថាឆ្នាំ២០១២នេះ ទឹកនឹងកើនឡើងជាងឆ្នាំមុន ។
លោក ប៊ុន ធឿន រស់នៅក្នុងភូមិភ្នំបុរី ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី បានឱ្យដឹងថា កាលពីឆ្នាំ២០១១ ទឹកធំបង្កឱ្យជួបការលំបាកក្នុងការនេសាទ ជាពិសេសនៅពេលមានព្យុះភ្លៀងម្តងៗបណ្តាលឱ្យបាក់ដីមុខផ្ទះ ហើយឆ្នាំនេះខ្លាចតែទឹកធំជាងឆ្នាំមុន គាត់កាន់តែយ៉ាប់មែនទែនហើយព្រោះឆ្នាំនេះជាឆ្នាំរោង ដែលតាមជំនឿចាស់ៗថាឱ្យតែក្នុងឆ្នាំរោង ទឹកតែងតែឡើងធំខុសពីឆ្នាំផ្សេងៗទៀតមិនខាន ។
លោក ស៊ឹម ធន ជាអនុប្រធានភូមិភ្នំបុរី បានមានប្រសាសន៍ថា ឆ្នាំមុនទឹកធំធ្វើឱ្យប្រជាពលរដ្ឋក្នុងភូមិរបស់គាត់ទទួលរងនូវផលប៉ះពាល់ជាខ្លាំងរហូតដល់បាត់បង់ជីវិតទៀតផង ។ តួយ៉ាងប្រជាពលរដ្ឋនៅក្នុងភូមិភ្នំបុរីចំនួន៣នាក់ត្រូវបានស្លាប់ដោយសារលង់ទឹកក្នុងពេលដែលពួកគេកំពុងនេសាទត្រី ។
ក្រសួងធនធានទឹក និងឧតុនិយម ក៏ធ្លាប់បានប្រកាសឱ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេឱ្យមានការប្រុងប្រយ័ត្នផងដែរ ពីបញ្ហាទឹកជំនន់ឆ្នាំនេះ ។ ប៉ុន្តែរហូតមកដល់ជិតដំណាច់ខែសីហា នេះ នៅមិនទាន់មានសញ្ញាគួរឱ្យប្រកាសអាសន្នណាមួយពីបញ្ហាទឹកជំនន់នេះនៅឡើយ ទេ ៕
ចែករំលែកព័តមាននេះ