រាជធានីភ្នំពេញ ៖ តាមការអញ្ជើញរបស់លោកបណ្ឌិត ម៉ាមូដ អាម៉ាឌី ណេចាដ ប្រធានាធិបតីនៃសាធារណរដ្ឋអុីស្លាមអ៊ីរ៉ង់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនំាគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលលើកទី១៦ នៃប្រទេសចលនាមិនចូលបក្សសម្ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ដល់៣១ សីហា ២០១២ នៅទីក្រុងតេអេរ៉ង់ សាធារណរដ្ឋអីុស្លាមអីុរ៉ង់ ។
នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលចេញផ្សាយជាសាធារណៈនៅព្រឹកថ្ងៃទី២៣ សីហា ២០១២នេះ ។ គណៈប្រតិភូអមដំណើររួមមានលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុងរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសមាជិកដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា ។
សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសដដែលក៏បានបញ្ជាក់ទៀតថា ក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី១៦ នៃប្រទេសចលនាមិនចូលបក្សសម្ព័ន្ធ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយលោកបណ្ឌិតម៉ាមូដ អាម៉ាឌី ណេចាដ ប្រធានាធិបតីនៃសាធារណរដ្ឋអីុស្លាមអីុរ៉ង់ និងជួបជាមួយលោកគឹម យ៉ុងណាម ប្រធានគណៈប្រធានសភាប្រជាជនជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ។
បន្ទាប់ពីការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើ តាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន នឹងដឹកនំាគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមពិព័រណ៍ចិន-អាស៊ីអឺរ៉ុបលើកទី២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១ ដល់៥ កញ្ញា ២០១២ នៅទីក្រុងអ៊ូរុំឈី តំបន់ស្វយ័ត ស៊ីនជាំងអ៊ុយហ្គ័រ សាធារណរដ្ឋប្រជាមានិតចិន ។ សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាក៏បានបន្តទៀតថា ក្នុងអំឡុងពេលស្នាក់នៅទីក្រុងអ៊ូរុំឈី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគី ជាមួយលោកវេន ជាបាវ នាយករដ្ឋមន្រ្តី នៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន។
ដោយឡែក តាមការអញ្ចើញរបស់លោកអេស អេវ គ្រីស្នា រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំ គណៈប្រតិភូ អញ្ចើញទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គាលើកទី៦ ដែលនឹងប្រព្រឹត្តពី ថ្ងៃទី៣-៤ខែកញ្ញា ឆ្នាំ២០១២ នៅទីក្រុងញូឌែលី សាធារណរដ្ឋឥណ្ឌាផងដែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ