រាជធានីភ្នំពេញ ៖ លោកស្វាយ ស៊ីថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញជំហរក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសសិង្ហបុរី ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សដល់យុវជនកម្ពុជាក្នុងវិស័យព័ត៌មានវិទ្យា ។
លោករដ្ឋលេខាធិការមានប្រសាសន៍បែបនេះកាលពីព្រឹកថ្ងៃទី២៣ សីហា ២០១២ នៅទីស្តីការគណៈរដ្ឋមន្ត្រីក្នុងជំនួបពិភាក្សាការងារជាមួយលោក Yam Ah Mee នាយកប្រតិបត្តិលេខាសមាគមប្រជាជនសិង្ហបុរី ក្នុងគោលបំណងបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មានវិទ្យា ។ លោករដ្ឋលេខាធិការបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានសហការយ៉ាងល្អជាមួយបណ្តាប្រទេសដៃគូអភិវឌ្ឍន៍ ពិសេសប្រទេសសិង្ហបុរីដែលកន្លងមកមានកិច្ចព្រមព្រៀងជាមួយគ្នា ។ ក្នុងនោះភាគីទាំង២បានផ្តួចផ្តើមបង្កើតនូវគម្រោងមួយចំនួនលើបញ្ហាបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឱ្យយុវជនកម្ពុជាមានធនធានល្អសម្រាប់ការអភិវឌ្ឍ និងឱ្យក្លាយទៅជាមនុស្សកាន់តែមានសារសំខាន់សម្រាប់កម្ពុជា ។
ការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា គឺត្រូវតែមាន ព្រោះមានសារសំខាន់ណាស់សម្រាប់ការអភិវឌ្ឍ ។ សព្វថ្ងៃនេះប្រជាជនកម្ពុជាមាន៧០% ក្នុងចំណោមប្រជាជន១៤លាននាក់ គឺជាយុវជន ។ ទន្ទឹមនឹងភាពជោគជ័យកន្លងមកនេះ កម្ពុជាក៏បានជួបប្រឈមនូវបញ្ហាខ្លះដែរ គឺបញ្ហាខ្វះគ្រូបន្ថែមផ្នែកព័ត៌មានវិទ្យា កុំព្យូទ័រ អីុនធើរណេត និងសម្ភារមួយចំនួន ហើយកម្ពុជាក៏ត្រូវការជំនួយផងដែរ ។ ភាគីទាំង២បានឯកភាព និងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែប្រសើរឡើងថែមទៀតនៅពេលខាងមុខ ៕






ចែករំលែកព័តមាននេះ