ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជ​​គណ​បក្ស​នរោត្តម រណប្ញទ្ធិ ប្តូរ​ឈ្មោះ​ទៅ​ជា​«​ជាតិនិយម​» រួច​រាល់ហើយ លោក​សៅ រ៉ានី ជា​ប្រធាន​

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ​ គណបក្សនរោត្តមរណប្ញទិ្ធបានធ្វើសមាជប្តូរ​ឈ្មោះទៅជាគណបក្សជាតិនិយមនា​ព្រឹកថ្ងៃទី ២៤ សីហា ២០១២​នេះ រួច​រាល់ហើយ ​ដោយ​សមា​ជិក សមាជិកា ទាំង​អស់​បាន​បោះ​ឆ្នោត​​ជ្រើស​រើស​​លោក​សៅ រ៉ានី ធ្វើ​ជា​ប្រធាន​គណ​​បក្ស ។ ចំណែកគណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹងធ្វើសមាជនៅថ្ងៃទី២៥ សីហា ២០១២ ដើម្បីបញ្ចូលថ្នាក់ដឹក​នំាគណបក្ស​ជាតិ​និយម មក​ក្នុង​រចនាសម្ព័ន្ឋគណបក្សហ្វ៊ុនស៊ិនប៉ិចតាម ការឯកភាពគ្នាកាលពីថ្ងៃទី២៤ ឧសភា ២០១២ នៅវិមានសន្តិភាពទីស្តីការគណៈរដ្ឋ​មន្រ្តី​នាពេល កន្លងមក ។ 

ថ្លែងប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពនៅ​ទីគេហដ្ឋាន ស្ថិតនៅក្នុងសង្កាត់​ជ្រោយ​ចង្វា​ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ​កាល​ពី​វេលា​ថ្ងៃត្រង់ថ្ងៃទី១៥ សីហា ២០១២ លោក​ឧប នាយករដ្ឋមន្រ្តី និង​ជាប្រធានប្រតិបត្តិគណ​បក្សហ្វុ៊នស៊ិនប៉ិច លោកញឹក ប៊ុន​ឆៃ មានជំនឿ​ដោយសុទិដ្ឋិនិយមថា គណ​បក្សហ្វុ៊នស៊ិនប៉ិច ដែលប្រសូតចេញពីការ​រួបរួមគ្នារវាងគណបក្ស រាជា​និយម​ពីរគឺគណបក្ស​ហ្វុ៊នស៊ិនប៉ិច និងគណ បក្សនរោត្តមរណ​ប្ញទ្ធិ ដែលត្រូវបានប្តូរឈ្មោះ​ជាគណបក្សជាតិនិយម​នៅ​ពេលខាងមុខនោះ អាចនឹង​ធ្វើឲ្យ​គណបក្ស​នេះ​កើនឡើងនូវចំនួន អាសនៈសភានៅក្នុង​ការ​បោះឆ្នោតជ្រើសរើស​តំណាងរាស្រ្តអាណត្តិទី៥ ឆ្នាំ២០១៣ខាងមុខ ។

លោកឧបនាយករដ្ឋមន្រ្តី និងជាប្រធាន​ប្រតិ​បត្តិគណបក្សហ្វ៊ុនស៊ិនប៉ិច ញឹក ប៊ុនឆៃ បាន​បញ្ជាក់​បន្ថែមថា នៅក្នុងសមាជនោះដែរ​ថ្នាក់​ដឹក​នំាគណបក្សទំាងពីរ និងបង្កើតគណៈកម្មការ​បង្រួបបង្រួមមួយ ដើម្បីឈានទៅជ្រើសរើស​សមាជិកគណៈកម្មការ​អចិន្ត្រៃយ៍​គណបក្សជាតិ​និយម១រូបក្នុងចំណោម៧រូប ធ្វើជាអនុប្រធាន​គណបក្សហ្វ៊ុនស៊ិនប៉ិច និងអគ្គលេខាធិការ​រង១​រូប ។

បើតាមលោក​ញឹក ប៊ុនឆៃ នៅក្រោយ​១ថ្ងៃនៃការធ្វើសមាជ ពោលគឺនៅថ្ងៃទី២៦ សីហា ២០១២ ថ្នាក់ដឹកនាំគណបក្សទំាងពីរ នឹង​ចុះ​ដល់មូល​ដ្ឋាន ដើម្បីប្រកាសពីការ​គោល​ការណ៍ និងគោលនយោបាយរួមជូនដល់​សមា​ជិក-សមាជិកាគ្រប់លំដាប់​ថ្នាក់នៅ​តាម​មូល​ដ្ឋាន​ទូទំាងប្រទេស ។

លោកញឹក ប៊ុនឆៃ បានបញ្ជាក់​ដោយសង្កត់ធ្ងន់ទៀតថា គណ​បក្សហ្វុ៊នស៊ិនប៉ិច ដែលកើតក្រោយ​ការរួបរួម​គ្នាឡើងវិញរវាងអ្នក​រាជានិយមអតីតជាគូសត្រូវបងប្អូនគ្នានេះ នៅ​តែ​ប្រកាន់​យកនូវ​គោលជំហរដដែល គឺរបប​រា​ជា​និយមអាស្រ័យ​រដ្ឋធម្មនុញ្ញ និងការ​អភិវឌ្ឍ​សង្គមមួយដែលស្អាតស្អំយុត្តិធម៌ និងការ​បង្រួប​បង្រួម​ជាតិ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕