រាជធានីភ្នំពេញ ៖ បុរសស្រវឹងជោកជាំម្នាក់បានបើកម៉ូតូណៃហតពណ៌ខ្មៅ មួយគ្រឿងក្នុងល្បឿនលឿនរួចព្យាយាមបើកវ៉ាម៉ូតូមួយគ្រឿងនៅពីមុខក៏ជ្រុលទៅបុកម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១២ មួយគ្រឿងទៀត បើកដោយបុរសម្នាក់ចំពីក្រោយពេញទំហឹង បណ្តាលឱ្យម៉ូតូ និងមនុស្សហោះខ្ទាតទៅបុករបាំងដែកចែកទ្រូងផ្លូវបាក់អស់៥ផ្ទាំង និងបុរសអ្នកបើកម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១២ នោះរងរបួសបែកក្បាលធ្ងន់ធ្ងរត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ។ រីឯបុរសម្នាក់ទៀតដែរស្រវឹងបើកម៉ូតូណៃហតពណ៌ខ្មៅ នោះរបួសបាក់ដៃខាងឆ្វេងត្រូវបានមិត្តភក្តិដឹកតាមម៉ូតូយកទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី២៣ សីហា ២០១២ នៅចំណុចមុខរោងចក្រគងហុង តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ បុរសស្រវឹងជោកដែរបើកម៉ូតូណៃហតនោះឈ្មោះជិន មណ្ឌូល អាយុ៤៤ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
យោងតាមប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូណៃហតពណ៌ខ្មៅ មួយគ្រឿងបើកដោយបុរសស្រវឹងជោកម្នាក់បានបើកយ៉ាងលឿនតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមកដល់កន្លែងកើតហេតុព្យាយាមបើកវ៉ាម៉ូតូមួយគ្រឿងនៅពីមុខក៏ជ្រុលទៅបុកម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១២ មួយគ្រឿងបើកដោយបុរសម្នាក់ចំពីក្រោយពេញទំហឹង បណ្តាលឱ្យម៉ូតូទាំង២គ្រឿង និងអ្នកបើកបរទាំង២នាក់នោះហោះខ្ទាតទៅបុករបាំងដែកចែកទ្រូងផ្លូវដួលបាក់៥ផ្ទាំងតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ