សារព័ត៌មានតួកគីរាយការណ៍កាលពីថ្ងៃទី២៣ សីហា ថា ក្រោយការផ្ទុះគ្រាប់មីន៤គ្រាប់ និងការប៉ះទង្គិចគ្នាយ៉ាងសាហាវដែលផ្ទុះឡើងរវាងកងកម្លាំងសន្តិសុខតួកគី និងពួកឧទ្ទាម PKK កាលពីថ្ងៃទី២២ សីហា កន្លងមកនេះនៅភាគអាគ្នេយ៍តួកគីទាហាន៥នាក់ស្លាប់ ហើយសមាជិកក្រុម PKK១៦នាក់ក៏ត្រូវស្លាប់ដែរ ចំណែកទាហាន៧នាក់ទៀតត្រូវរបួស។
សារព័ត៌មានតួកគីគូសបញ្ជាក់ថា មីន៤គ្រាប់បានផ្ទុះកាលពីយប់ថ្ងៃទី២២ សីហា ពេលក្បួនរថយន្តយោធាតួកគី១ខ្សែបើកកាត់ត្រង់ចន្លោះភូមិបាក្លារ និងភូមិហ្ស័រហ្សឺសីុត ក្នុងសង្កាត់សេមឌីនលីស្ថិតក្នុងខេត្ត ហាក់ការី ។ ក្រោយការផ្ទុះគ្រាប់មីនទាំងនោះ កងកម្លាំងសន្តិសុខតួកគីបានវាយតបតវិញលើពួកសកម្មប្រយុទ្ធនៃក្រុម PKK ក្នុងតំបន់ជាមួយនឹងការជួយទ្រទ្រង់របស់កងឧទ្ធម្ភាគចក្រយោធា និងរថពាសដែក ។ សរុបមនុស្ស២១នាក់បានត្រូវស្លាប់ ហើយ៧នាក់ទៀតត្រូវរបួសក្នុងការប៉ះទង្គិចគ្នាទាំងនេះ ៕
ចែករំលែកព័តមាននេះ