រាជធានីភ្នំពេញ ៖ ក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរ លោកសុះ ម៉ាច បានអំពាវនាវទៅកាន់សិល្បករខ្មែរទាំងចាស់ ទាំងថ្មីឱ្យរួបរួមគ្នាតែមួយនៅក្នុងសមាគមដើម្បីជាប្រយោជន៍ក្នុងការទ្រទ្រង់វិស័យសិល្បៈឱ្យកាន់តែមានការរីកចំរើន និងចូលរួមជាសមាគមតែមួយក្នុងការជួយដល់សិល្បករចាស់ជរា មានជំងឺ និងបាត់បង់សមត្ថភាព ។
ថ្លែងប្រាប់កោះសន្តិភាពនៅថ្ងៃទី១៥ សីហា ឆ្នាំ២០១២ លោកសុះ ម៉ាច បានក្រើនរំលឹកដល់អ្នកសិល្បៈទាំងអស់ឱ្យរួបរួមគ្នាដើម្បីជួយទ្រទ្រង់ដល់វិស័យសិល្បៈខ្មែរ ។ លោកអំពាវនាវដល់សិល្បករទាំងចាស់ ទាំងថ្មីទាំងអស់ដែលមិនទាន់ចូលរួមនៅក្នុងសមាគមសិល្បករខ្មែរសូមរួសរាន់ចូលរួមក្នុងសមាគមតែមួយដើម្បីជាប្រយោជន៍លើកស្ទួយសិល្បៈផង និងបានដើរតួជាសប្បុរសធម៌ផងក្នុងការជួយឧបត្ថម្ភដល់សិល្បករចាស់ៗដែលបាត់បង់សមត្ថភាពក្នុងការសម្តែងផង ។
លោកប្រធានសមាគមបញ្ជាក់ថា កន្លងមកសមាគមសិល្បករខ្មែរបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយដល់វិស័យសិល្បៈ ជាពិសេសសមាគមមានតួនាទីក្នុងការជួយរកថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋានដើម្បីជួយដល់សិល្បករចាស់ៗដែលមានជំងឺ ។
ជាក់ស្តែងកាលពីពេលថ្មីៗនេះលោកសុះ ម៉ាច បាននាំថវិការបស់សប្បុរសជនទៅជូនលោកតាភិរម្យប្រាជ្ញ ឈួន ដែលជាអ្នកចម្រៀងចាប៉ីជើងចាស់កំពុងសម្រាកព្យាបាលជំងឺនៅឯស្រុកកំណើតនៅក្នុងស្រុកទ្រាំង ខេត្តតាកែវ ។ ថវិកានោះចំនួន១លានរៀលដែលបានមកពីលោកតាន់ បញ្ញាវុធ នាយរងខុទ្ទកាល័យកងអង្គរក្សរបស់សម្តេចតេជោហ៊ុន សែន ។ លើសពីនេះនាំថវិកាមួយចំនួនរបស់សមាគមសិល្បករខ្មែរជូនដល់លោកជីវ៉ាន់ស៊ុយ ដែលកំពុងតែមានជំងឺ ។
តាមរយៈសកម្មភាពសប្បុរសធម៌នានាដែលសមាគមបានធ្វើជាបន្តបន្ទាប់នេះគឺឆ្លុះបញ្ចាំងពីឆន្ទៈរបស់សមាគមក្នុងការជួយដល់អ្នកសិល្បៈដែលកំពុងតែជួបទុក្ខលំបាក ហើយតាមរយៈថវិការបស់សប្បុរសជននានាគឺសមាគមតែងតែបែងចែកទៅដល់ដៃសិល្បករដែលកំពុងតែមានជំងឺ ។លោកសុះ ម៉ាច បញ្ជាក់ថា បច្ចុប្បន្នថវិកានៅក្នុងសមាគមផ្ទាល់គឺមិនមានច្រើនឡើយ ហេតុនេះពេលខ្លះលោកត្រូវចំណាយថវិកាផ្ទាល់ខ្លួន និងប្រាក់ខ្លះទៀតបានមកពីការឧបត្ថម្ភរបស់សិល្បករមួយចំនួន ។
លោកប្រធានសមាគមអះអាងថា សិល្បករមួយចំនួនដែលមានភាពល្បីល្បាញ និងមានទ្រព្យធនច្រើន គឺនៅតែមានការស្ទាក់ស្ទើរក្នុងការចូលរួមជាមួយសមាគមដោយពួកគេទាំងនោះនៅតែមានការមើលបំណាំគ្នា និងនៅតែមិនមានទំនុកចិត្តជាមួយនឹងសមាគមនៅឡើយ ។ កត្តានេះហើយដែលសមាគមសិល្បករខ្មែរនៅតែជួបការលំបាកក្នុងស្វែងរកថវិកាសប្បុរសធម៌នានាដើម្បីជួយដល់សិល្បករចាស់ជរានិងមានជំងឺ ។
លោកសុះ ម៉ាច ក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរបានបញ្ជាក់ថា សមាគមសិល្បករខ្មែរដែលបង្កើតឡើងនេះមានគោលបំណងចំនួន៣ ទី១-ជួយលើកស្ទួយវិស័យសិល្បៈខ្មែរ ទី២-ជួយសិល្បករថ្មីៗដែលមានជំនាញឱ្យមានឱកាសក្នុងការបញ្ចេញសមត្ថភាពតាមស្ថានីយទូរទស្សន៍នានា និងទី៣-ស្វែងរកថវិកាពីសិល្បករ និងសប្បុរជននានាដើម្បីជួយដល់សិល្បករចាស់ជរាមានជំងឺ និងបាត់បង់សមត្ថភាពសម្តែង ។
សកម្មភាពទាំងបីនេះសមាគមតែងតែធ្វើជាបន្តបន្ទាប់។ បើទោះបីជាពេលខ្លះជួបការលំបាកមួយចំនួនក៏ដោយ តែសមាគមនៅតែខិតខំក្នុងការជួយលើកតំកើងវិស័យសិល្បៈខ្មែរឱ្យកាន់តែមានភាពរីកចម្រើន ។លោកសុះ ម៉ាច បញ្ជាក់ថា នៅក្នុងពេលខាងមុខនេះដោយបានទទួលការគាំទ្រពីលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន សមាគមសិល្បករខ្មែរនឹងរៀបចំពិធីបុណ្យមួយនៅក្នុងបរិវេណវត្តទួលទំពូងដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធវរសិល្បករជើងចាស់គ្រប់ផ្នែកដែលបានលាចាកលោកទៅ ហើយ។តាមរយៈកម្មវិធីនេះលោកសង្ឃឹមថា នឹងមានការចូលរួមពីសិល្បករទាំងអស់ និងបណ្តាសប្បុរសជននានា ។
ក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរ លោកសុះ ម៉ាច សម្តែងការដឹងគុណចំពោះសម្តេចតេជោហ៊ុន សែន និងលោកជំទាវដែលជានិច្ចកាលតែងតែជួយលើកស្ទួយ និងឧបត្ថម្ភដល់សិល្បករខ្មែរដែលបាត់បង់សមត្ថភាព ៕
ចែករំលែកព័តមាននេះ