រូបិយប័ណ្ណចិនស្ថិតក្រោមសម្ពាធ ខណៈរលកសេដ្ឋកិច្ចបានធ្លាក់ចុះរូបិយប័ណ្ណរបស់ចិនកំពុងប្រឈមនឹងសម្ពាធដ៏ខ្លាំងនៅក្នុងឆ្នាំនេះ ខណៈដែលអត្រាកំណើនសេដ្ឋកិច្ចក្នុងប្រទេសធ្លាក់ចុះស្របពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងតែមានវិបត្តិ។ សេដ្ឋកិច្ចប្រទេសនេះធ្លាក់ចុះអស់រយៈពេល៦ត្រីមាសពេញ ហើយកំណើន៧,៦%នៅក្នុងផលិតផលក្នុងស្រុកសរុបសម្រាប់រយៈពេល៣ខែបានបញ្ចប់កាលពីថ្ងៃទី៣០ ខែមិថុនា ដែលនោះជាកំណើនទាបបំផុតតាំងពីវិបត្តិហិរញ្ញវត្ថុសាកលឆ្នាំ២០០៨-២០០៩ មក ។
នៅក្នុងឆ្នាំនេះ ប្រាក់យាន់បានធ្លាក់១% ក្រោយពីកើនបានបន្តិចខណៈដែលមានសម្ពាធពីបរទេសតាមរយៈដៃគូពាណិជ្ជកម្មរបស់ចិន ជាពិសេសអាមេរិកតែម្តង ។បើតាមសារព័ត៌មានក្នុងស្រុកមួយចំនួនរាយការណ៍ថា ទីផ្សារចិនឥឡូវនេះស្ថិតនៅលើមាគា៌មួយដែលកំពុងធ្លាក់ចុះ ។ លោក Bill Belchere សេដ្ឋវិទូទីផ្សារអចលនទ្រព្យនៅទីក្រុងហុងកុងនិយាយថា ទិន្នាការកាន់តែធំកំពុងតែដាក់សម្ពាធលើប្រាក់យាន់ខណៈដែលប្រាក់ដុល្លារចាប់ផ្តើមឡើងថ្លៃធៀបនឹងបណ្តារូបិយប័ណ្ណនានានៅអាស៊ី ។
ក្រុមអ្នកវិភាគជាច្រើននិយាយថា ការធ្លាក់ចុះនៃប្រាក់យាន់នឹងកាន់តែធ្ងន់ធ្ងរឡើងប្រសិនបើអាជ្ញាធរចិនមិនព្រមលក់ធនបម្រុងបរទេសចំនួន៣លានលានដុល្លារទេនោះ ។ ប្រសិនបើរូបិយប័ណ្ណធ្លាក់ចុះនោះ ទីផ្សារអចលនទ្រព្យនឹងដួលរលំដែរ ។ កាលពីថ្ងៃសុក្រកន្លងទៅ ប្រាក់យាន់មានតម្លៃ៦,៣៦ក្នុង១ដុល្លារ ។ បើទោះបីជាប្រាក់យាន់ចិនធ្លាក់ចុះ១%ចាប់តាំងពីដើមឆ្នាំមកក៏ដោយ ក៏វាបានកើនឡើងជិត៣០%ដែរកាលពី៧ឆ្នាំមុន ។ ប្រទេសចិនបានចាត់វិធានការជាច្រើនបន្តបន្ទាប់ចាប់តាំងពីខែកក្កដាឆ្នាំ២០០៥ មកដើម្បីបន្ធូរបន្ថយប្រាក់យាន់របស់ខ្លួន ប៉ុន្តែក៏នៅតែមានការគ្រប់គ្រងយ៉ាងម៉ត់ចត់បើធៀបនឹងប្រាក់ដុល្លារ អឺរ៉ូនិងប្រាក់យ៉េនជប៉ុន ។
ជាក់ស្តែងធនាគារកណ្តាលចិនបានកំណត់សមភាពអត្រាការប្រាក់ប្រចាំថ្ងៃចាប់តាំងពីខែមេសាមក ដើម្បីឱ្យប្រាក់យាន់អាចចរាចរក្នុងទីផ្សារឡើង និងចុះ១% ៕
ចែករំលែកព័តមាននេះ