ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពីរាំង​ស្ងួត​ធ្លាក់​ភ្លៀង​រន្ទះ​ប្រល័យ​4នាក់ របួស​ម្នាក់​នៅ​កំពង់ស្ពឺ កំពង់​ឆ្នាំង ព្រៃនប់

13 ឆ្នាំ មុន

ខេត្ត​កំពង់​​​​​ស្ពឺ​ ៖ ក្មេង​​​ស្រី​ជំ​ទង់​ម្នាក់​​​​​​បាន​ស្លាប់​​​​​​​​​​​យ៉ាង​អា​ណោច​​អាធ័ម​​​​ ដោយ​សារ​​​​រន្ទះ​បាញ់​ខណៈ​​​​​នាង​​​​​​​​​​​​​​​​​​ដើរ​​​ចេញ​​ពី​​កន្លែង​​​​​​​ដក​សំណាប​​​​​​​ ​​វិល​​​ត្រឡប់​​​​​​មក​ផ្ទះ​​​​​វិញ ពេល​​​​​ភ្លៀង​​កំពុង​​​​​​​​​​ធ្លាក់​ ។ ​​ហេតុ​ការណ៍​​​​នេះ​​បាន​កើត​​​ឡើង​​​​​​​​​​កាល​ពី​វេលា​​​​ម៉ោង​​​​​​៣​​រសៀល​​​​​​​​​​ថ្ងៃ​ទី​​២២ ​សីហា ​នៅចន្លោះ​​​​​ភូមិ​​​​ត្រពាំង​​​​ប្ញស្សី​​​ និង​ភូមិ​ត្រ​​ពាំង​​​បំរុះ​​​​​ ​​ឃុំ​​ព្រៃ​ក្រសាំង​​ ស្រុក​​​​​ឧដុង្គ។​ ​

​មន្ត្រី​​​​ប៉ូលិស​​មូល​ដ្ឋាន​​​ឱ្យ​ដឹង​​​​ថា ​​​​ក្មេង​ស្រី​​​​​ដែល​​​​​​ស្លាប់នេះ​ឈ្មោះ​​​ម៉ៅ​​ ចាន់​ណា​​ អាយុ​​​១៥​ឆ្នាំ ​​មាន​​​ទី​លំនៅ​​​​​ក្នុង​ភូមិ​ត្រពាំង​​​​​បំ​រុះ​ ​ឃុំ​ព្រៃ​​​ក្រសាំង​​​ ​​​​ជា​កូន​ស្រី​ទី​​៤ ​​និង​ជា​កូន​ពៅ​​​​​ ។​​ ​​នៅពេលមាន​​​​​ភ្លៀង​​ធ្លាក់​​​​ខ្លាំង​​នោះ​ ​នាង​កំពុង​​​​​ដក​សំណាប​​​ ហើយ​ដោយ​​​​ភ័យ​​​ខ្លាច​​ពី​​​​គ្រោះ​​​ធម្ម​ជាតិ​​​នាង​​ក៏​បាន​​​​​រត់​ចេញ​ពី​​​​​​ថ្នាល​​​សំណាប​​​ជា​មួយ​​​ម្តាយ​​​​​មីង​ឈ្មោះ​​​ពៅ​ ​​អាយុ​​​​​​​​៤៧​ឆ្នាំ ​ដោយ​នាង​ដើរ​ផង​​​រត់​ផង​​ពី​ក្រោយ​​​ម្តាយ​មីង​​​​តាម​ភ្លឺ​​ស្រែ​ប្រញាប់​​​​​ឱ្យ​​ឆាប់​ដល់​ផ្ទះ​​​ ។​​​ ​លុះ​នៅចម្ងាយ​​​​​ប្រមាណ​​​​​១៥០​ម៉ែត្រ​​​ទៀត​​​​ចូល​​ដល់​ភូមិ​​​ នាង​ក៏​ត្រូវ​​​​រន្ទះ​​​កំណាច​​​បាញ់​​​​​​​​​​​​ បណ្តាល​​ឱ្យ​​​ស្លាប់​​​ភ្លាម​ ឯ​ម្តាយ​​​មីង​​​​​​ក្រោយ​ពី​​​​​ដួល​សន្លប់​​​មួយ​សន្ទុះ​​​​​​​ក៏ដឹង​ខ្លួន​​​វិញ​ លុះ​​ឃើញ​​​​ក្មួយ​​​​ស្រី​ជំទង់​​​ស្លាប់​ក៏​​​រត់​ទាំង​​​ភ័យ​​​តក់​ស្លុត​​​​ទៅ​ប្រាប់​​​​ម្តាយ​​ឪពុក​​​​​​ ​និង​អ្នក​ភូមិ​​​​​​​​​ ។​ ​បន្ទាប់​មក​​​​​​​​​ម្តាយ​​​ឪពុក​​​​​​នាង​ រួម​ទាំង​​អ្នក​ភូមិ​​ក៏​បាន​​នាំ​គ្នា​​​​​យក​សព​​​​​​ទៅ​រៀបចំ​ធ្វើ​បុណ្យ​​​​​​នៅ​ឯ​ផ្ទះ​​ ។

​មន្ត្រី​​​ប៉ូលិស​​​​​មូល​ដ្ឋាន​​​​​​​​​​​ដែល​​​ចុះ​ទៅ​​​ធ្វើ​ការ​ត្រួត​ពិនិត្យ​​​​សព​ ​​​​ឱ្យ​ដឹង​ថា ​​នាង​ត្រូវ​រន្ទះ​​ទឹក​បាញ់​​​​​​បាក់​​ក​​​ ព្រោះ​​​​កនាង​​​​​​បាក់​​​ដូច​គេ​​កាច់​​​​​​​​​​​​​​ ប៉ុន្តែ​​​​​ពុំ​​មាន​​ស្នាម​​ខ្មៅ​​​​រោល​រាង​​កាយ​​ ឬ​សម្លៀក​បំពាក់​​​​​ដាច់​​​​រហែក​​​ទេ ​ ។​​ ក្រោយ​ពេល​​​​​​​​​ពិនិត្យ​​​​​​រួច​​​ សមត្ថកិច្ច​​​​​ក៏​បាន​ប្រគល់​​​​សព​ជូន​​​​​​ក្រុម​​​​​​​​​គ្រួសាររៀបចំ​​​​ធ្វើ​បុណ្យ​​តាម​​ប្រពៃ​ណី ។

ខេត្ត​កំពង់​ឆ្នាំង​ ៖ យុវជន​​ម្នាក់​បាន​ស្លាប់​ដោយសាររន្ទះបាញ់នៅវេលាម៉ោង៤និង៣០នាទី​រសៀលថ្ងៃ​​​២២ សីហា នៅក្នុងស្រុកទឹកផុស ។

លោក គឹម សារ៉េត អធិការនគរ​​បាល​ស្រុក​ទឹក​​ផុស​បាន​ប្រាប់តាមទូរស័ព្ទ​​ថា ​នៅ​វេលា​ម៉ោង៤​និង៣០នាទី ​រសៀល​​​ថ្ងៃ​នោះ​​ យុវជន​ឈ្មោះនន វណ្ណៈ អាយុ១៧ឆ្នាំ មានទីលំនៅក្នុង​ភូមិរលាំងកែ ឃុំ​ចោង​ម៉ោង ​ស្រុកទឹកផុស បាន​ជិះ​កង់ត្រឡប់​ពី​ស្រែ​វិញដោយមានភ្លៀង​រលឹម​​ស្រិចៗផង ។ លុះ​​មក​ដល់​ចំណុចខ្សាច់ស ក្នុង​ភូមិ​ខ្សែប ឃុំ​ចោង​ម៉ោងស្រាប់តែត្រូវរន្ទះបាញ់​ខណៈ​ដែល​កំពុងជិះកង់បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹងកន្លែង ។ ​​​​ដោយ​​​ឡែក​​នៅ​ថ្ងៃ​​​​ដដែល​​​នោះ​ មាន​​ហេតុ​ការណ៍​​​​មួយ​​​ទៀត គឺ​​​ក្មេង​ប្រុសម្នាក់​​​ឈ្មោះ​ឈុំ ថាង អាយុ១​ឆ្នាំ៨ខែ មាន​ទីលំ​នៅភូមិ​ដំណាក់​អំពិល ឃុំក្រាំងស្គា ស្រុកទឹក​ផុស​បាន​លង់ទឹក​អណ្តូង​ស្លាប់​​នៅវេលាម៉ោង៦និង​៣០​នាទីល្ងាច ខណៈ​​រត់តាមបងទៅងូត​ទឹកខាង​ក្រោយផ្ទះ ។

លោកអធិការនគរ​បាល​ស្រុកបានបន្តថា ឪពុកក្មេង​ប្រុស​​រូបនេះ​ឈ្មោះឈិន ឈុំ អាយុ​៤០ឆ្នាំ ចំណែក​ម្តាយឈ្មោះថាន ច្រិបអាយុ៤៣​ឆ្នាំ ។ មុន​ពេល​កើតហេតុ ក្មេង​ប្រុស​រូប​នេះ​​បាន​រត់​តាម​បង​ទៅ​ងូត​ទឹកស្រះនៅក្រោយផ្ទះ ប៉ុន្តែ​បង​​មិនបានដឹងថា មានប្អូនរត់តាម​ក្រោយ​​ទេ ហើយក៏ទៅងូតទឹកតែម្នាក់ឯង​ទៅ ។ ចំណែក​ប្អូនប្រុស​ដែល​រងគ្រោះវិញ ពេល​រត់តាម​ក្រោយ​បងនោះក៏បាន​​ធ្លាក់ចូលអណ្តូង (អណ្តូង​​គ្មានលូ)​លង់ទឹកស្លាប់​តែម្តង​ដោយពុំមាន​អ្នក​ឃើញ​ឡើយ ។ ពេលកូនបង​ត្រឡប់​មក​ផ្ទះវិញ​មិន​ឃើញប្អូន​​ ទើបឆោ​ឡោ ហើយទៅរកមើល​ក៏ប្រទះឃើញស្លាប់ក្នុង​អណ្តូងទឹកក្រោយផ្ទះទៅ​ហើយ​ ។

ខេត្ត​ព្រះ​សីហនុ ៖ ​​កាល​​ពី​ថ្ងៃទី​​២៣ សីហា ​មាន​បាតុ​ភូត​រន្ទះ​បាញ់​ពីរ​ករណី​​ផ្សេង​គ្នា​បាន​កើត​ឡើង​ក្នុង​ឃុំ​តែ​មួយ បណ្តាល​​ឱ្យ​មនុស្ស​២​នាក់​​​ស្លាប់​បាត់​បង់​ជីវិត និង​ម្នាក់​​រងរបួស ។

ប្រភព​​​ព័ត៌​មាន​​ពី​កន្លែង​កើតហេតុ ​​​ឱ្យ​ដឹង​ថា ករណី​ទី​មួយ​ ​បាន​កើត​ឡើង​នៅ​​​​ប្រឡាយ​​អូរតា​ប៉ាង​​ចម្ងាយ​​ពី​ផ្លូវជាតិ​លេខ​៤​​ប្រហែល​​១​ពាន់​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​​អូរតាប៉ាង​​ ឃុំ​​អូរឧក​ញ៉ាហេង ស្រុក​ព្រៃ​នប់​ នា​វេលា​ម៉ោង​១១ និង​២០​នាទី​ព្រឹក​ ។ ​​បាតុ​ភូត​រន្ទះ​បាញ់​នេះ​បាន​បាញ់​ទៅ​លើ​មនុស្ស​២​នាក់​​ជា​បង​​ប្អូន​បង្កើត​កំពុង​​ស្ទូង​ស្រូវ​ក្នុង​ស្រែ បណ្តាល​​​ឱ្យ​ស្ត្រី​​​​ជា​បង​ឈ្មោះ​​ឡេង លី អាយុ​​២៧​ឆ្នាំ ស្លាប់​នៅ​នឹង​កន្លែង និង​​ប្អូន​​​ប្រុស​ឈ្មោះ​ឡេង រស្មី ​អាយុ​​១៧​ឆ្នាំរងរបួសស្រាល។

តាម​​ឈ្មោះ​​ឡេង រស្មី ដែល​​រង​របួស​​ និង​កំពុង​​សម្រាក​ព្យា​បាល​​​នៅ​គ្លីនិក​​វាល​រេញ​​​​ឱ្យ​ដឹង​ថា មុន​ពេល​​កើត​ហេតុ​ខ្លួន​និង​បង​ស្រី​​ដែល​ស្លាប់​​នោះ​កំពុង​ស្ទូង​​ស្រូវ​ក្បែរ​គ្នា ចំណែក​ឪពុក​ និង​ម្តាយ​កំពុង​ដក​សំណាប​ដែល​​មាន​ចម្ងាយ​​ពី​គ្នា​ប្រហែល​​៣០​ទៅ​៤០​ម៉ែត្រ ។ ពេល​កំពុង​ស្ទូង​​ស្រូវ​នោះ ​ផ្ទៃ​មេឃ​មាន​ភ្លៀង​រលឹម​ជា​ធម្ម​តា បន្ទាប់​មក​​ស្រាប់​តែ​​មាន​​ផ្គរ​ និង​​ផ្លេក​បន្ទោរ​​លាន់​សំឡេង​យ៉ាង​ខ្លាំង​​ស្ទើរ​​​បែក​ក្រដាស​ត្រចៀក ធ្វើ​​ឱ្យខ្លួន​​ងីងើ​ៗ​ទន់​ជង្គង់​​ដួល​ក្នុង​​ស្រែ ចំណែ​ក​ឯបង​ស្រី​វិញ​​ដួល​បាត់​​មាត់​ឈឹង​ ពេល​នោះ​ឪពុក​​ និង​ម្តាយ​​ក៏​​មក​ដល់​ហើយ​មើល​ទៅ​បង​ស្រី​​ឃើញ​​ស្លាប់​បាត់​​ទៅ​ហើយ ។ ​

ករណី​​ទី​២ នា​វេលា​ម៉ោង​​១១ និង​៣០​នាទី​ព្រឹក​នៅ​​ភូមិ​ឧកញ៉ា​ហេង ឃុំ​​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់​ បុរស​ម្នាក់​​​ឈ្មោះ​​ទួន សន អាយុ​​៥៧​ឆ្នាំ ក៏​ត្រូវរន្ទះ​បាញ់​​​ស្លាប់ដែរ​​ ​ខណៈ​រូប​គាត់​កំពុង​អង្គុយ​នៅ​ក្រោម​ផ្ទះ​​តែ​ម្នាក់​ឯង ។

ប្រភព​ព័ត៌​មាន​បាន​​​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​​មេឃ​មាន​ភ្លៀង​រលឹម​ជា​ធម្ម​តា ហើយ​ភ្លៀង​​រលឹម​នេះ​នៅ​តំបន់​នោះ​មាន​រយៈ​ពេល​ពីរ​ថ្ងៃ​មក​ហើយ ។ បុរស​រង​គ្រោះ​​កំពុង​អង្គុយ​នៅ​ក្រោម​ផ្ទះ​ម្នាក់​ឯង ចំណែក​ឯ​ក្រុម​​គ្រួសារ​​ទាំង​ប្រពន្ធ​ និង​កូន​​​នាំ​គ្នា​ចេញ​ទៅ​កាត់​ស្មៅ​​ ពេល​នោះ​ស្រាប់​​តែ​​មាន​​សំឡេង​រន្ទះ​បាញ់​​យ៉ាង​ខ្លាំង ដែល​ពេល​បាញ់​​នោះ​ពុំ​មាន​នរណា​ម្នាក់​​​​ដឹង​ថា ​​បាញ់​​មនុស្ស​ស្លាប់​ទេ រហូត​ប្រហែល​មួយ​ម៉ោង​ក្រោយ​​​មក​ ទើប​មាន​​អ្នក​ជិត​ខាង​ដើរ​ទៅ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដួល​​ដេក​នៅ​នឹង​ដី​ដោយ​ពុំ​មាន​​ស្នាក​ស្នាម​​របួស​អ្វី​សោះ ចំណែក​​នៅ​​ជុំ​វិញ​ខ្លួន​ជន​រង​គ្រោះ​​ក៏​​ពុំ​មាន​​​ស្លាកស្នាម​​រន្ទះ​បាញ់​​ដែរ ​មាន​តែខ្សែ​ភ្លើង​​មួយ​ខ្សែ​​ដែល​ត​​ចូល​ផ្ទះ​ត្រូវ​​ដាច់​មួយ​កំណាត់ ៕