ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធានការ​ក្តៅ​បង្ក្រាប​កុង​ត្រូល​ជជុះ​នៅ​ស្វាយ​រៀង​លោក​ស្នង​ការ​ព្រមាន​ដក​តំណែង​សម្រាប់​មន្ត្រី​នគរ​បាល​

13 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង ៖ លោក​ឧត្តម​សេនីយ៍​ត្រី​ប្រាជ្ញ​ រឹម ​ស្នង​ការ​នគរ​បាល​ខេត្ត​ ​បាន​មាន​ប្រសាសន៍​ធ្ងន់​ៗ​នៅក្នុង​ពិធី​ផ្លាស់​ប្តូរ ​ផ្ទេរ​មុខតំ​ណែង​ ​និង​បំពាក់​ឋានន្តរ​ស័ក្តិ​ដល់​​នាយ​នគរ​បាល​​កាលពីថ្ងៃ​ទី​២៣ សីហា ​នៅ​​ចំពោះ​មុខ​លោក​អធិការ-​​អធិការ​រង​ស្រុក​-ក្រុង​ ​នាយ​ប៉ុស្តិ៍​រដ្ឋ​​បាល​ ឃុំ​-សង្កាត់ ​និង​នាយ​ការិយាល័យ​នគរ​បាល​ខេត្ត​ទាំងអស់​​ថា ​បញ្ហា​កុង​ត្រូល​ជជុះ​ បើ​មន្ត្រី​នគរ​បាល​ដាក់​កុង​ត្រូលជជុះ​ជំរិត​​ទារ​លុយ​ពី​ប្រជាពលរដ្ឋ​​ត្រូវ​តែ​ដក​ជា​បន្ទាន់​ បើក​មិន​ដក​ទេ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ និងដក​ចេញ​ពី​មុខតំណែង​ ។ 

លោកប្រាជ្ញ​ រឹម ​មា​ន​ប្រសាសន៍​ថា ​ល្មម​ដល់​​​​​​​​​​ពេលហើយ​ កន្លងមក​កុង​ត្រូល​ជជុះ​នៅ​តាម​​ខ្សែ​​បន្ទាត់ព្រំដែន​មាន​ភាព​រញ៉េ​រញ៉ៃ​ខ្លាំងណាស់ ​ដោយ​លោក​លើក​យក​​មក​ជម្រាប​ចំៗ​តែម្តង ទី​១-​ប៉ុស្តិ៍ដូង ​មាន​៥ស្ថាប័ន​ដែល​ដាក់​ចម្ងាយ​៤០០​ម៉ែត្រ​ពីព្រំដែន​«​មានភាស៊ី​ស្រុក ខេត្ត ​នគរបាល​​សេដ្ឋ​កិច្ច​ ទាហាន គយ​»។ ​ទី២-ប៉ុស្តិ៍​ត្រឡោក​បែក​ មាន​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ដាក់​កុង​ត្រូល​យក​លុយ​ ។ ទី​៣-ប៉ុស្តិ៍​​ថ្នា​ថ្នង់​ ស្រុក​រំដួល​ ​មាន​ដាក់​កុង​ត្រូល​ជជុះ ៧ស្ថាប័ន​«ភាស៊ី​ស្រុក ខេត្ត ​នគរ​បាល​​​សេដ្ឋកិច្ច​ ទាហាន ​វិភាគទាន​ គយ កាំកុង​ត្រូល»។​ ទី៤-ក្រុង​បាវិត​​​ប៉ុស្តិ៍​ធ្លក​មាន​៥អង្គ​ភាព​​«​ភាស៊ី​ស្រុក​​ ​វិភាគ​​ទានខេត្ត ​ទាហាន ​នគរបាល​​មាន​​ទាំង​ប្រជាពលរដ្ឋ​ដាក់​កុងត្រូល​ដែរ» ​។ ​ទី​៥-​ប៉ុស្តិ៍​កំពង់​ស្ពាន​​​ ​មា​នភាស៊ី​ក្រុង​ វិភាគ​ទាន​ខេត្ត​ ប៉េអឹម ​។ ទី​៦-ស្រុក​​កំពង់​រោទ៍​ ប៉ុស្តិ៍​សំយោ៉ង​មាន​​​«គយ ភាស៊ី វិភាគទាន ​នគរ​បាល​​សេដ្ឋ​កិច្ច​ ទាហាន​ ។ ​ទី​៧​-ឃុំ​ក្រួ​ស​ ស្រុកស្វាយ​ជ្រំ​​​មាន​​​ដាក់​​បារ៉ស់​កាត់​ផ្លូវ​ចំនួន​៣​«គឺ​មាន​ទាហាន ​​នគរ​បាល​ ​ភាស៊ីស្រុក​ វិភាគ​ទាន ​»​។​ ទី​៨-​នៅ​​ច្រក​តានូ​​​ ​​មន្ត្រី​គយ​បាន​ឱ្យ​មន្ត្រី​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ដាក់​កុង​ត្រូល​ជំនួស​ ​ដូច្នេះ​សូម​ឈប់​ជាបន្ទាន់​ ។

លោក​ប្រាជ្ញ រឹម បានប្រកាសថា ​វ​ិធាន​ការ​នេះ​គឺចាប់​អនុវត្ត​ពី​ថ្ងៃ​ប្រកាស​នេះ​ទៅ​ កុងត្រូល​ជជុះ​ទាំងអស់​ បើកម្លាំង​បង្ក្រាប​ចុះទៅ​ចាប់​បាន​ត្រូវ​តែទទួល​ខុស​ត្រូវ​ ។ លោក​ប្រាជ្ញ រឹម ​​បាន​បញ្ជាក់​ថា ​ការបង្ក្រាប​​កុងត្រូល​ជជុះ​នេះ​ធ្វើឡើង​តាម​បទបញ្ជារបស់​សម្តេច​អគ្គ​មហាសេនា​បតី​តេ​ជោ​ ហ៊ុន សែន ​ក្នុង​ការអនុវត្ត​គោលនយោបាយ​ភូមិ​-ឃុំ​មាន​​ស​ុវត្ថិ​ភាព ដោយ​បន្ថែម​៤ចំណុច​ទៀតគឺ​​​១-​កុង​ត្រូល​ជជុះ​ ២-គ្រោះ​មហន្តរាយ ​៣-គ្រោះ​ថ្នាក់​ចរាចរណ៍​ និង៤-យុទ្ធ​ភណ្ឌ​​​មិន​ទាន់​ផ្ទុះ​។ ​​កុង​ត្រូល​ជជុះ​នេះ​ធ្វើ​​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​​ថ្នាំង​ថ្នាក់​​ ដូច្នេះ​​ត្រូវ​តែ​បពា្ឈប់​​ជាបន្ទាន់​ ៕