រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៣ សីហា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានធ្វើសន្និសីទសារព័ត៌មានមួយបង្ហាញមុខស្ត្រីម្នាក់ដែលអួតអាងថាជាក្មួយថ្នាក់ដឹកនាំកំពូលរបស់ប្រទេស និងបានឆបោកយកប្រាក់ពីឯកឧត្តម អ្នកឧកញ៉ាមួយចំនួនបានរាប់សែនដុល្លារ ដោយគ្រាន់តែប្រើរូបភាពស្រីស្អាត១សន្លឹកប៉ុណ្ណោះ ។ ស្ត្រីដែលតាំងខ្លួនជាក្មួយថ្នាក់ដឹកនាំនេះឈ្មោះ ប៊ុត សុខាល័យ ហៅ កង ស្រីនិច អាយុ៣១ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ និងមានស្រុកកំណើតនៅភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។
ក្នុងសន្និសីទសារព័ត៌មានលោកវរសេនីយ៍ទោ ប៉ាល់ សុធី អនុប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យនេះគឺធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។ ក្នុងដីកាបញ្ជាឱ្យចូលខ្លួនបានបញ្ជាក់ថា ឈ្មោះកង ស្រីនិច ភេទស្រី អាយុ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ ឱ្យចូលបង្ហាញខ្លួននៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃឱ្យបានមុនថ្ងៃទី៤ កញ្ញា ២០១២ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទឆបោកប្រាក់តាមពាក្យបណ្តឹងរបស់ឈ្មោះ លឹម កាំង ។
យោងតាមដីកាបញ្ជាឱ្យចូលខ្លួននោះហើយទើបនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានធ្វើការងារយ៉ាងសកម្មក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ទោ អិុន បូរ៉ា ប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។ នៅថ្ងៃទី២២ សីហា ក្រោមការស្រាវជ្រាវ និងស្វែងរកសាវតារជាតិរបស់ជនសង្ស័យ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានសហការជាមួយប៉ុស្តិ៍រដ្ឋបាលសង្កាត់ទួលសង្កែ ឫស្សីកែវ និងជ្រោយចង្វា ខណ្ឌឫស្សីកែវ រកឃើញកន្លែងស្នាក់នៅបណ្តោះអាសន្ននិងបានអញ្ជើញរូបគេឱ្យទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីសាកសួរជាបឋម។ បន្ទាប់ពីសាកសួរ សមត្ថកិច្ចរបស់លោកបានរាយការណ៍ជូនទៅលោកព្រះរាជអាជ្ញារងហើយលោកព្រះរាជអាជ្ញារងក៏បានឱ្យឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញតែម្តង ។
លោកប៉ាល់ សុធី បានបន្តថា ករណីខាងលើនេះពាក់ព័ន្ធនឹងកិត្តិយសឯកឧត្តម ឧកញ៉ាមួយចំនួនតែមិនអាចប្រាប់អត្តសញ្ញាណជនរងគ្រោះបានដោយគ្រាន់តែបង្ហើបឱ្យដឹងថា នាង កង ស្រីនិច មានពាក្យបណ្តឹងពីថ្នាក់ឯកឧត្តម៣នាក់ ដាក់ចូលមកកាន់សមត្ថកិច្ចរបស់លោកចោទប្រកាន់ពីបទឆបោកប្រាក់រាប់សែនដុល្លារ ។ បើតាមដឹងនៅមានថ្នាក់ឯកឧត្តម និងឧកញ៉ាមួយចំនួនទៀតក៏ចាញ់បោកស្ត្រីរូបនេះដែរ ហើយឯកឧត្តម និងឧកញ៉ាទាំងនោះក៏កំពុងរៀបចំសំណុំរឿងដាក់ប្តឹងចូលមកសមត្ថកិច្ចលើឈ្មោះ ប៊ុត សុខាល័យ ហៅ កង ស្រីនិច បន្ថែមទៀត ។
ទាក់ទិននឹងបទឆបោកនេះលោកប៉ាល់ សុធី បានបង្ហើបថា ជនសង្ស័យបានប្រើល្បិចទូរស័ព្ទទាក់ទងទៅឯកឧត្តម លោកឧកញ៉ាដោយប្រាប់គេថា ខ្លួនជាក្មួយថ្នាក់ដឹកនាំជាន់ខ្ពស់ ហើយខ្លួនមានសណ្ឋាគារច្រើនកន្លែងនៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប ក្រៅពីនេះនៅមានចម្ការកៅស៊ូរាប់ពាន់ហិកតាទៀតនៅខេត្តកំពង់ចាម ។ ដើម្បីឱ្យលោកឧកញ៉ា និងឯកឧត្តមមួយចំនួននោះជឿទុកចិត្ត នាងបានផ្ញើរូបថត១សន្លឹក(រូបអ្នកផ្សេង)គឺស្រីក្មេងស្រស់ស្អាតឱ្យមើល បន្ទាប់មកធ្វើជាល្បិចឱ្យលោកឧកញ៉ា ឯកឧត្តមផ្ញើប្រាក់ឱ្យ ។ ល្បិចឆបោកដោយអួតអាងថាខ្លួនជាក្មួយថ្នាក់ដឹកនាំជាន់ខ្ពស់ និងតាមរយៈការបោកប្រាស់ដ៏ប៉ិនប្រសប់ធ្វើឱ្យឯកឧត្តម ឧកញ៉ានោះលង់ខ្លួនបោះលុយឱ្យនាងម្នាក់ៗរាប់សែនដុល្លារ ដែលប្រាក់នោះនាងតម្រូវឱ្យផ្ញើតាមធនាគារ ឬវេរតាមកន្លែងដូរលុយ ។
ចាត់ទុកថាជាការលង់ខ្លួនខាតបង់ប្រាក់អស់រាប់សែនដុល្លារក្នុងម្នាក់ៗ ដោយនាងគ្រាន់តែប្រើរូបថត និងយកឈ្មោះថាជាក្មួយស្រីថ្នាក់ដឹកនាំប៉ុណ្ណោះ លុះទីបំផុតបានជួបផ្ទាល់គឺជាជនឆបោកសោះ៕


ចែករំលែកព័តមាននេះ