ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភា​គី​ថៃ​ស្នើជួស​ជុល​ទំនប់​នៅ​អូរ​ព្រំ​ដែន​ស្រុក​ម៉ាឡៃ​ម​ន្ត្រី​កម្ពុជា​មិន​ទាន់​អនុ​ញ្ញាត​

13 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ​ ៖ ​​ទំនប់​​​មួយ​​​កន្លែង​​​​​​ដែល​សាង​សង់​​​​ពី​ថ្ម​​​កាត់​អូរ​​​ព្រំ​ដែន​​​​​​ត្រង់ចំណុច​​​​ភូមិ​បន្ទាយ​​​​ទី​​២ ​ឃុំ​អូរ​​​​សំព័រ​​ ស្រុក​ម៉ាឡៃ​​ ​​ទល់​​មុខ​​​ភូមិ​បាណយ​​​ ​ឃុំ​ផាន់សិទ្ធ​​​ ស្រុក​​អារញ្ញ​​​ប្រា​​ថេត​ ​​ខេត្ត​ស្រះ​កែ​វ​​ ​ប្រទេស​ថៃ​​ ត្រូវ​បាន​​​​អាជ្ញា​ធរ​​​​​​ថៃ​ស្នើ​​​សុំ​​អាជ្ញា​​ធរ​កម្ពុជា​​​​​ជួស​​ជុល​​​​​ ។​ បន្ទាប់​​​ពីមាន​​​សំណើ​នេះ​​​​ នា​វេលា​​​​​​ម៉ោង​​​​១​និង​​​៣០​​​​​​នាទី​រសៀល​​​​ថ្ងៃ​ទី​​​​២០ ​សីហា​​ ​​​លោក​​​ឯម ​សុខា​​​​​​​ អ​ភិ​បាល​​​​ស្រុក​ម៉ា​ឡៃ​​​ បាន​ដឹក​នាំ​​​​​មន្ត្រី​​​មួយ​ចំនួន​​​​ចុះ​ទៅ​​​ត្រួត​ពិនិត្យ​​ទំនប់​​​​​ទឹក​​​នោះ ។​​

​លោក​វរ​សេនីយ​​៍​​ទោ​ ​ឈិត​ ​លី មេ​បញ្ជា​ការ​​​​វរ​សេនា​តូច​​​​​នគ​របាល​​​​ការ​ពារ​​​​​ព្រំ​ដែន​​​​លេខ​​​​៨១៥​ ប្រចាំ​​​​ការ​នៅ​ស្រុក​​ម៉ាឡៃ​​​​​​​ឱ្យ​ដឹង​​​​ថា ​​​​​​អា​ជ្ញាធរ​​​​​ថៃ​​​​​​​បាន​ស្នើ​ជួស​ជុល​ ​ទំនប់​​​​ទឹក​ថ្មី​​​​​នៅ​ចំណុច​​​​ខាង​លើ​ នៅ​​​​​ក្នុង​កិច្ច​​​ប្រជុំ​​រ​វាង​អាជ្ញា​ធរ​​​​​​​ស្រុក​ម៉ាឡៃ​​​​ និង​ស្រុក​​​​អារញ្ញ​​​​ប្រា​ថេត​​​ កាល​ពី​​​​ថ្ងៃ​​​​​ទី​​១៥ ​​សី​ហា​ ​​​​ដែល​រៀបចំ​​ធ្វើ​ឡើង​​​នៅស្រុ​ក​អារញ្ញ​​​​​​​​​ប្រទេស​ថៃ​​ ​។​ ​គ្រា​នោះ​​​ខាង​​អាជ្ញា​​ធរ​​​កម្ពុជា​​​​​​​​ បញ្ជាក់​ថា ​​​​​​​ថ្នាក់​ក្រោម​​​មិន​ហ៊ាន​​​​អនុ​ញ្ញាត​​​​ឱ្យ​ធ្វើ​ការ​​​​​​ជួស​ជុល​​​​បាន​ទេ​ ​ពី​ព្រោះ​​​ថា វា​ពាក់​ព័ន្ធ​​​ នឹង​​​​អនុស្ស​រ​ណៈ​ គឺ​មាន​​​​តែ​ថ្នាក់​​​លើ​ទេ​​​ ទើប​មាន​​​សិទ្ធិសម្រេច​ ។ ដូច្នេះ​​​មិន​មាន​​​ភាគី​​​ណា​មួយ​មាន​​​សិទ្ធិ​​សាង​សង់​​​​ ឬ​ជួស​ជុល​​​នោះ​ឡើយ​​ រង់​​ចាំ​​ទុក​​ឱ្យ​ថ្នាក់​លើ​​​​នៃ​ប្រទេស​​​​ទាំ​ង​ពី​​រ​ប្រជុំ​ពិភាក្សា​​​ និង​ធ្វើ​​​​ការ​ដោះ​ស្រាយ​​​គ្នា​សិន​ ។​

​លោក​​មេ​បញ្ជា​ការ​​​​ បាន​បន្ត​​​ទៀត​ថា ​​ទំនប់​ទឹក​​​​នោះ​មាន​​​​​​​​​ទទឹង​​​ប្រហែល​​​៥​ម៉ែត្រ​​​ បណ្តោយ​​​​ប្រហែល​២០​ម៉ែត្រ​ កម្ពស់​​​៣​ម៉ែត្រ​​ ​ត្រូវ​បាន​​​​ភាគី​ថៃ​​​​​លួច​សាង​សង់​​​​​ក្នុង​អំឡុង​​​​​ពេល​ប្រទេស​កម្ពុជា​​​​​​មាន​សង្គ្រាម​​ ហើយ​គេ​សាង​សង់​​​ឡើង​ដើម្បី​​​​យក​ទឹក​ទៅ​ស្រោច​​​​ស្រព​​​ដី​ស្រែ​​ចម្ការ​​​​របស់​កសិករ​​​​ថៃ​ ។​ ​ជា​ងនេះទៅ​​​​ទៀត​ ការ​​កសាង​​​ទំនប់​​ទឹក​​​នោះ ធ្វើ​ឱ្យ​ទឹក​​​​អូរ​នៅ​ផ្នែក​​​ខាង​ក្រោម​មាន​​​​ការ​រីង​ស្ងួត​​ និង​​មាន​ផល​ប៉ះ​ពាល់​​​​មួយ​ចំនួន​​​​ដល់​ប្រជា​ជន​​​​នៅ​ខាង​​​ក្រោម​​​ បណ្តាល​ឱ្យ​ខ្វះ​​​​ខាត​ទឹក​​​សម្រាប់​​ប្រើ​ប្រាស់​​​​​ផ្នែក​កសិកម្ម​​​ ។ បន្ទាប់​ពី​មាន​​​​​ការ​ស្នើ​សុំ​​​​ពី​ភាគី​ថៃ​​​​ សុំ​​​​​​ជួស​ជុល​​​ទំនប់​ទឹក​​​​នេះ​ឡើ​ង​វិញ​​​ ទើប​នៅ​​រសៀល​​​ថ្ងៃ​ទី​​២០​​​ សីហា​ ​លោក​ឯម​ សុខា​ អភិ​បាល​​​​ស្រុក​ម៉ា​ឡៃ​​​បាន​ដឹក​នាំ​​មន្ត្រី​​​​​​មួយ​ចំនួន​​​​​​​ទៅ​​ត្រួត​ពិនិត្យ​​​​ជាក់​ស្តែង​ ដើម្បី​​​​រា​យ​ការ​ណ៍​​ជូន​​​​​​ថ្នាក់​​​លើ ។​

​ពាក់​ព័ន្ធ​​​នឹងបញ្ហា​នេះ​​ ការ​ទាក់​ទង​​​​​ទៅ​លោក​​ ឯម​ ​​សុខា​ ​អភិ​បាល​​​ស្រុក​​​ម៉ាឡៃ​​ ដើម្បី​សុំ​​​​ការ​បំភ្លឺ​​​​លោក​​​បាន​ប្រាប់​​​​​ថា កំពុង​​​​ជា​ប់​រ​វល់​​​ប្រជុំ​ ។​​ ​គួ​រ​​បញ្ជាក់​​​​​​​​ថា ​​កាល​ពី​​​ថ្ងៃ​​​ទី​​២ ​​ឧសភា ​​កន្លង​​​ទៅ​នេះ​​ ថៃ​បាន​​​សាង​សង់​​​​​​បដិ​​មា​ជិ​ត​អូរ​​​ព្រំ​ដែន​​​ បើ​​ទោះ​​បីជា​ភា​​​​​គី​កម្ពុជា​​​ស្នើ​​​​សុំ​​ឱ្យ​ផ្អាក​​​​​ក៏​ភាគី​​​​​ថៃ​នៅ​តែ​​​បន្ត​ធ្វើ​​​​​​​​​​​​​ទាល់​តែ​រួច​​​​រាល់ ដោយ​ពួក​គេ​មិ​ន​​​សូវ​ជា​គោរព អនុ​ស្សរណៈ​​ប៉ុ​ន្មាន​​​​​ទេ ៕