រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ យ៉ា គឹមអីុ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ និង២៣ សីហា បានបញ្ជាឱ្យលោកវរសេនីយ៍ឯក គង់ គីនី មេបញ្ជាការរង និងជាប្រធានមន្ទីរប្រតិបត្តិការដឹកនាំកម្លាំងចុះត្រួតពិនិត្យ កែសម្រួលសណ្តាប់ធ្នាប់យោធិន និងត្រួតពិនិត្យរថយន្តក្លែងបន្លំ ពាក់ស្លាកលេខ ខ.ម ធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញជាប្រចាំ ដើម្បីធានាធ្វើយ៉ាងណាកុំឱ្យជនខិលខូចឆ្លៀតឱកាសយកឯកសណ្ឋាន និងស្លាកលេខរបស់កងយោធពលខេមរភូមិន្ទទៅប្រើខុសបទវិន័យរបស់ក្រសួងការពារជាតិ ។
សូមបញ្ជាក់ថា ក្នុងរយៈពេលនៃការត្រួតពិនិត្យពីរលើកកន្លងមកនេះ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកែសម្រួលសណ្តាប់ធ្នាប់យោធិនចំនួន៨៩នាក់ ដកហូតមួក និងឯកសណ្ឋានពីជនស៊ីវិលបន្លំពាក់ឯកសណ្ឋានខេមរភូមិន្ទ ដូចជា ខ្លះពាក់មួក ពាក់អាវ ឬស្លៀកខោយោធា បានចំនួន៤៧អាវ មួក៨២ និងត្រួតពិនិត្យរថយន្ត ខ.ម ស្របច្បាប់បានចំនួន២០គ្រឿង (មានឯកសារគ្រប់គ្រាន់) ។
លោក យ៉ា គឹមអីុ បានបញ្ជាក់ឱ្យដឹងបន្ថែមថា ចំពោះរថយន្ត ខ.ម យើងអនុវត្តតាមសេចក្តីកំណត់របស់ក្រសួងការពារជាតិ និងបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ មានន័យថា រថយន្តពាក់ស្លាកលេខ ខ.ម ដែលបានចុះបញ្ជីត្រឹមត្រូវនៅអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ ជាទ្រព្យសម្បត្តិរដ្ឋស្របច្បាប់រួចទៅហើយនោះយើងអនុញ្ញាតឱ្យធ្វើចរាចរណ៍ជាធម្មតា តែបើពិនិត្យឃើញថា ស្លាកលេខអស់សុពលភាព ឬក្លែងបន្លំ យានយន្តនោះត្រូវឃាត់ទុក ។
លោកនិយាយថា ចំពោះការកែសម្រួលសណ្តាប់ធ្នាប់យោធិន យើងអនុវត្តទៅលើកងទ័ពដែលស្លៀកពាក់មិនត្រឹមត្រូវ ដូចជាស្លៀកខោកងទ័ព តែពាក់អាវស៊ីវិល ឬអាវកងទ័ពខោស៊ីវិល ។ យើងធ្វើការកែសម្រួលអប់រំ ណែនាំ ឱ្យគេយល់អំពីច្បាប់វិន័យមុនធ្វើដំណើរចេញពីផ្ទះ ឬពីបន្ទាយ ត្រូវស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ។ ប៉ុន្តែចំពោះជនស៊ីវិល ហើយបន្លំស្លៀកពាក់ដូចខាងលើ យើងសុំដកហូតសម្ភារនោះទុក ឬបើមានបទល្មើសផ្សេងទៀត ដែលយកឯកសណ្ឋាន ឬស្លាកលេខនោះទៅធ្វើអំពើខុសច្បាប់ យើងនឹងឃាត់ខ្លួនអនុវត្តទៅតាមច្បាប់ ។
ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ មានការសាទរចំពោះចំណាត់ការខាងលើរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាការលើកស្ទួយកិត្តិយស កិត្សានុភាពរបស់កងយោធពលខេមរភូមិន្ទ ដែលកន្លងមកមានជនខិលខូចខ្លះឆ្លៀតជ្រកក្រោមស្លាក ខ.ម ធ្វើសកម្មភាពខុសច្បាប់ ដែលជារឿយៗគេឃើញសមត្ថកិច្ចតែងតែបង្ក្រាបជាហូរហែ ៕




ចែករំលែកព័តមាននេះ