ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ក្រុង​ពោធិ៍​សាត់​321​គ្រួសារ​ទាម​ទារ​សុំ​ធ្វើ​កម្ម​សិទ្ធិ​ដី​ស្រប​ច្បាប់​

13 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​​ ​៖ អ្នក​​ក្រុង​ពោធិ៍​សាត់​ចំនួន​​៣២១​គ្រួសារ​​​ដែលរស់នៅ​ដីម្តុំ​អតីត​​ផ្លូវ​យន្ត​ហោះ ភូមិ​ចំការ​ចេក​ខាង​ជើង​ ដី​ច្រមុះ​ជ្រូក​ផ្សារ​ចាស់​ ភូមិពាល​ញែក​១ ដី​ខាង​ក្រោយ​មន្ទីរពេទ្យ​ ដី​ខាងក្រោយ​សាលា​ខេត្ត​ និង​ដី​ប្លុក​​មន្ទីរ​សាធារណៈ​​ការ​ និងដឹក​ជញ្ជូន​​ក្នុងសង្កាត់​​​ផ្ទះព្រៃ​ ក្រុង​ពោធិ៍​សាត់ ​បានលើក​គ្នា​មកតវ៉ា នៅ​មុខ​​សាលា​ខេត្ត​​នា​ព្រឹក​ថ្ងៃ​ទី​​២៣ សីហា ​២០១២ នេះ​ ដើម្បី​​សុំ​ឱ្យ​លោក​អភិបាល​​ខេត្ត​​ជួយ​ចេញ​​ប្លង់​​កម្ម​សិទ្ធ​ិ​ស្រប​ច្បាប់​​ឱ្យ​ពួកគាត់​ផង​ ។

ក្រុម​អ្នក​តវ៉ា​បានលើក​​បដា និង​រូប​ថត​សម្តេច​អគ្គមហា​សេនាបតី​​​តេជោ​ ហ៊ុន សែន​ នាយ​ក​រដ្ឋមន្ត្រី​​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ ប៊ុន រ៉ានី​​ និង​ពាក់​អាវ​គណបក្ស​ប្រជា​ជន​​កម្ពុជា​ស្ទើរ​តែ​​គ្រប់គ្នា​​​ដែល​ស​បញ្ជាក់​​ថា ពួក​គាត់​​​ស្រលាញ់​ និង​បោះ​ឆ្នោត​​ជូន​គណបក្ស​​ប្រជាជន​​កម្ពុជា​​​ជារៀង​រហូត​​​មក ។ ​ប្រជាពលរដ្ឋ​​ទាំងអស់​​មិនត្រូវ​បាន​​គេ​បើក​ទ្វារ​​ឱ្យ​ចូលក្នុង​​សាលា​ខេត្ត​​ទេ គឺ​​អនុញ្ញាតិ​​ឱ្យ​តំណាង​តែ​៥នាក់​​​ប៉ុណ្ណោះចូល​ជួប ។

ប្រជាពលរដ្ឋ​​​ដែល​នៅកកកុញ​​លើ​សួន​ច្បារ​​ខាងមុខ​សាលា​​ខេត្ត​​បានរៀ​ប​រាប់​ថា ពួកគាត់​​​រស់​នៅ​​លើ​ដី​ខាង​​​លើនេះ​​ខ្លះ​តាំ​ង​ពីឆ្នាំ​​១៩៧៩ ខ្លះ​ឆ្នាំ​​១៩៨០ ដល់​ឆ្នាំ​​១៩៨៦ ដែល​មកដល់​ពេល​នេះ​ជិត​​​៣០​ឆ្នាំ​មកហើយ ។ ជាក់ស្តែង​​ដូច​ដី​អតីត​ផ្លូវ​​យន្ត​ហោះ​ជាដើម​​​ ឥឡូវ​នេះ​លែង​ជា​ផ្លូវ​យន្ត​​ហោះ​ទៀត​ហើយ​ ព្រោះ​មាន​ស្ថានីយ៍​​វិទ្យុ​ និង​ទូរ​ទស្សន៍​ ពន្ធនាគារ​ មន្ទីរ​ធន​ធាន​ទឹក​ និង​ឧតុនិយម មន្ទីរ​អភិវឌ្ឍន៍​ជនបទ និង​លំនៅដ្ឋាន​​ប្រជាពល​រដ្ឋ​​ជាសំណង់​រឹង​​មាំអស់​ទៅហើយ ។ ម្យ៉ាង​វិញ​ទៀត​​​ផ្ទះដែល​​រស់​នៅនោះ​​មាន​ទាំង​ពាក្យ​កាន់​កាប់​​​ សៀវ​ភៅ​គ្រួសារ​ លេខ​ផ្ទះ​​​ត្រឹម​ត្រូវ​ រស់​នៅ​យ៉ា​ងមាន​របៀប​រៀប​រយ មិនមែន​ជា​​សំណង់​អនាធិបតេយ្យ​​នោះ​ទេ ។ ពួកគេ​និយាយ​យ៉ាង​ត្រឹម​ត្រូវ​ថា ដី​ត្រឹម​​ផ្លូវ​បែកជា​៥ទៅជើង​​​ ជួរ​ផ្ទះ​លោក​ ញឹក​ សារ៉េត ប្រធាន​មន្ទីរ​សង្គម​កិច្ច​​អតីត​​យុទ្ធ​ជន និង​​យុវនិតិ​សម្បទា​ដែល​ស្ថិត​​នៅ​លើ​ដី​អតីត​​ផ្លូវ​យន្ត​ហោះ​​ដែរ​នោះ​ គេ​វាស់​​ធ្វើ​ប្លង់​​ឱ្យ​ ។ ចំណែក​​ប៉ែក​ខាង​ត្បូង​ និង​ខាង​លិច​​​ប្លុក​ពន្ធនាគារ​​​គេមិន​​វាស់​​ឱ្យ​ទេ​ ហើយ​នៅពេល​​ពួក​គាត់​ទៅ​ជួប​ប្រធាន​មន្ទីរ​​ដែន​ដី​នគរូបនីយ​កម្ម​សំណង់​​ និង​សុរិយោដី​ និង​តំណាង​​​អភិបាល​​​ខេត្ត​ គេ​ថាដី​ទាំង​នោះ​​គេមិនធ្វើ​ប្លង់​កម្មសិទ្ធ​​ជូន​ទេ ព្រោះ​ជាដី​​ស្ថិត​​ក្នុង​អាំង​វ៉ង់​ទែ​របស់​រដ្ឋ​​ បើ​នៅ​បាន​ចេះ​តែ​នៅ​​សិនទៅ​ ។ ដោយ​សារ​​ភាព​អយុត្តិ​ធម៌​​ និង​ការ​​​​រស់នៅ​មិនពេញ​លេញ​​ជាប្រជា​ពល​រដ្ឋ​​ដូចគេ​​នេះ​ហើយ​​ ទើប​ធ្វើឱ្យ​ពួក​គាត់​មិន​​អាច​​នៅ​ស្ងៀម​បាន​​​ ក៏​នាំគ្នា​​​​មក​តវ៉ា​នៅខាងមុខ​​សាលា​ខេត្ត​​នាថ្ងៃនេះ​ដើម្បី​​សុំ​ឱ្យ​អភិបាល​​​ខេត្ត​ចេញ​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​​ដូចគ្នាឱ្យ​មាន​សិទ្ធិ​​ស្នើ​គ្នា​ផង​ ។

តំណាង​​ទាំង​៥​នាក់​មិនបាន​ជួប​​​ផ្ទាល់​​ជាមួយ​លោក​​ ខូយ សុខា អភិបាល​​ខេត្ត​​​ទេគឺ​ជួបត្រឹម​​​លោក​ អោក មុនី​​ អភិបាល​​​រ​ង​ខេត្ត​​ និង​លោក​ ខូយ​ រីដា នាយក​រដ្ឋ​បាល​​​សាលា​ខេត្ត​​ប៉ុណ្ណោះ ។

លោក អោក​ មុនី និង​លោក​​ ខូយ រីដា​ បាន​​​និយាយ​ថា ដីក្នុង​ក្រុង​ពោធិ៍​​សាត់​ពិសេស​​ម្តុំ​​​អតីត​ផ្លូវ​​​​យន្ត​ហោះ​​នេះ​ខេត្ត​កំពុង​​ធ្វើសំណើរ​ទៅ​ថ្នាក់​លើ​​​ដើម្បីកាត់​ចេញ​ពី​អាំង​វ៉ង់​ទែរបស់​រដ្ឋ​​ប្រគល់​ជូន​​ប្រជាពលរដ្ឋ​​​ដោយស្រប​ច្បាប់​ដែរ​ ហើយ​ថ្នាក់​លើ​​ក៏​កំពុង​​តែ​ពិនិត្យ​​ឯកសារ​​ និងពិចារណា​​​អំពី​​​បញ្ហា​នេះ ។ ​លោកមាន​ប្រសាសន៍​​ថា អនុសាសន៍​របស់​​សម្តេច​​បានបញ្ជាក់ថា ​ប្រជា​ពល​រដ្ឋ​​​ខ្មែរ​ត្រូវ​​តែមានដី​​រស់នៅ​ដោយ​​ស្រប​ច្បាប់​ ដូច្នេះ​​សូម​បង​ប្អូន​​កុំ​ព្រួយ​បារម្ភ​​អី ពេល​ព័ត៌​មាន​នេះ​ដឹង​ដល់​​​សម្តេច​​ សម្តេច​នឹង​អារ​កាត់​​ភ្លាមៗ​ជាមិនខាន ហើយ​សូម​បង​ប្អូន​​នៅឱ្យ​ស្ងៀម​​​រង់​​ចាំ​ខេត្ត​ដោះ​ស្រាយ​ពិភាក្សា​​ជាមួយ​​ថ្នាក់​លើ​សិន​ ។

នៅពេល​​​ទទួល​បាន​​ការ​បកស្រាយ​​តាម​រយៈ​​តំណាង​​ទាំង​៥ភ្លាម នៅវេលាម៉ោង​​​១០​ព្រឹក​ បង​ប្អូន​​​ប្រជាពលរដ្ឋ​​​បានវិល​ត្រឡប់​ទៅ​ផ្ទះវិញ​​ធម្មតា ។ ពួកគាត់​​សូម​ឱ្យ​​លោក ខូយ​ សុខា អភិ​បាល​​ខេត្ត​​​ លោក​រដ្ឋមន្ត្រី​​ ស៊ុយ​ សែម ​ប្រធាន​ក្រុម​​ការងារ​​​គណបក្ស​​ប្រជាជន​​កម្ពុជា​ចុះ​ជួយ​ខេត្ត​ពោធិ៍​សាត់​​ និងលោក លោកស្រី​តំណាង​​រាស្ត្រ មេត្តា​​ជួយ​ពួកគាត់​​ផង​ដើម្បី​ទទួល​បាន​​ប្លង់​កម្ម​សិទ្ធ​​ស្រប​ច្បាប់​​ រស់នៅ​ជា​ប្រជាពល​រដ្ឋ​ពេញ​​សិទ្ធិ​នឹង​គេ ។ ទន្ទឹម​នឹង​នេះ​ពួកគាត់​​មាន​ជំនឿថា ​បើសិន​ជា​សម្តេច​​តេជោ ហ៊ុន សែន​ ​និង​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​​ ប៊ុន​ រ៉ានី ដឹង​ពីទុក្ខ​​កង្វល់​​​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​​​​​ពោធិ៍​សាត់​នេះ សម្តេច​​​​និង​លោក​ជំទាវ​​​ប្រហែលជា​​មិនបណ្តោយ​ឱ្យ​ប្រជា​ពលរដ្ឋ​​​រស់នៅ​ទាំង​​ទឹក​ភ្នែក​បែប​​​នេះ​ទេ ព្រោះ​ថា​​​«ទុក្ខ​កង្វល់​របស់​​ប្រជាពលរដ្ឋ​​គឺ​ជាទុក្ខ​​កង្វល់​​​របស់​រាជ​រដ្ឋាភិបាល» ៕