រាជធានីភ្នំពេញ៖ កម្មការិនី២នាក់នៅរោងចក្រកាត់ដេរយីហោ បេះស្ពាន់ ស្ថិតនៅក្បែរគល់ស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានផ្ទុះហិង្សាដាក់គ្នាក្នុងខណៈពេលកំពុងធ្វើការងារក្នុងរោងចក្រ កាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី២៣ សីហា ដែលតាមព័ត៌មានថា បណ្តាលមកពីទំនាស់ដណ្តើមសង្សារគ្នា ។
កម្មការិនី២នាក់ដែលផ្ទុះហិង្សាដាក់គ្នាទៅវិញទៅមកនេះម្នាក់ឈ្មោះ ឆរ យី អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងម្នាក់ទៀតឈ្មោះ ឌុច សម្ជស្ស អាយុ២២ឆ្នាំ ស្នាក់នៅក្នុងភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ ។ មុនផ្ទុះហិង្សាប្រវាយប្រតប់គ្នានេះ កម្មការិនីទាំង២នាក់បានគុំកួនគ្នាទុកក្នុងចិត្តអស់រយៈពេលជាច្រើនថ្ងៃមកហើយអំពីបញ្ហាស្រឡាញ់ប្រុសស្នេហ៍មួយ២នាក់ ។ តាមប្រភពព័ត៌មានប្រាប់ថា បុរសម្នាក់ដែលកម្មការិនីទាំង២នាក់ឈ្លោះគ្នាដណ្តើមយកធ្វើជាសង្សាររៀងៗខ្លួននេះជាកម្មករធ្វើការនៅរោងចក្រជាមួយគ្នាផ្នែកជាងជួសជុលម៉ាស៊ីន ។
នាង ឆរ យី ថា ដំបូងឡើយរូបនាងនិងបុរសជាសង្សារធ្លាប់មានទំនាក់ទំនងស្រឡាញ់គ្នាល្អូកល្អឺន តែនាងមិនបាននិយាយថាមានការស៊ីជម្រៅនឹងគ្នាដល់កម្រិតណានោះទេ ។ លុះមួយរយៈកន្លងមកនេះបុរសជាសង្សារចិត្តរាយមាយនេះបានមានទំនាក់ទំនងពាក្យសម្តីជាមួយនាងម្នាក់ទៀតឈ្មោះ ឌុច សម្ជស្ស ទើបនាងខឹងក៏យកកន្ត្រៃកាត់ដេរលបចាក់នាង ឌុច សម្ជស្ស នៅក្នុងបន្ទប់ទឹក តែនាង ឌុច សម្ជស្ស ក្រឡេកភ្នែកឃើញទាន់ក៏កើតការប្រទូស្តរ៉ាយគ្នា ។ ទោះបីជាបែបណាជម្លោះនេះមិនបណ្តាលឱ្យនរណាម្នាក់មានរបួសស្នាមអ្វីឡើយ ហើយភាគីនាង ឌុច សម្ជស្ស បានប្តឹងនគរបាលប៉ុស្តិ៍ឱ្យមកនាំខ្លួននាង ឆរ យី ទៅកាន់ប៉ុស្តិ៍ទន្លេបាសាក់ដើម្បីដោះស្រាយបញ្ចប់រឿង ។
នៅចំពោះមុខសមត្ថកិច្ច នាង ឌុច សម្ជស្សនិយាយថា នាងមិនមានទំនាក់ទំនងសេ្នហាជាមួយបុរសឈ្មោះ ចេក ដែលនាង ឆរ យី ស្រឡាញ់ដល់ថ្នាក់ប្រចណ្ឌជាមួយរូបនាងនោះឡើយ គឺនាងគ្រាន់តែស្គាល់គ្នា និងរាប់អានគ្នាធម្មតាប៉ុណ្ណោះ ។ ជាងនេះទៀតនាងបានដឹងថាឈ្មោះ ចេក ជាមនុស្សដែលមានប្រពន្ធកូនរួចទៅហើយ ។ ចំណែកនាង ឆរ យី វិញ ពេលដែលឮសូរនាង ឌុច សម្ជស្ស បកស្រាយរួចរាល់ហើយនោះក៏យល់ព្រមបញ្ចប់រឿងត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ៕
ចែករំលែកព័តមាននេះ