ខេត្តបាត់ដំបង ៖ សមត្ថកិច្ចស្រុកភ្នំព្រឹកបានឱ្យដឹងថា ស្ត្រីម្នាក់ និងបុរសម្នាក់បានផឹកថ្នាំពុលសម្លាប់ខ្លួនជាបន្តបន្ទាប់ ក្នុងរយៈពេល២ថ្ងៃ ដែលម្នាក់សម្លាប់ខ្លួនព្រោះតែខឹងប្តី និងម្នាក់ទៀតសម្លាប់ខ្លួនព្រោះតែតូចចិត្តនឹងអាណាព្យាបាលខាងស្រីមិនពេញចិត្តពេលចូលស្តីដណ្តឹង ។
លោកសារ៉េត វិសេដ្ឋ អធិការរងនគរបាលស្រុកភ្នំព្រឹកឱ្យដឹងថា ស្ត្រីម្នាក់ឈ្មោះឈិង ធឿន អាយុ២២ឆ្នាំ នៅភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក បានផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួនកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី២១ សីហា ហើយក៏បានស្លាប់នៅឯមន្ទីរពេទ្យស្រុកសៀម ដោយគ្រូពេទ្យមិនអាចសង្គ្រោះបានព្រោះធ្ងន់ធ្ងរពេក ។ លោកបន្តថា មូលហេតុដែលស្ត្រីរូបនេះផឹកថ្នាំសម្លាប់ខ្លួន ព្រោះតែមានជម្លោះជាមួយប្តី ដែលមុននេះមួយថ្ងៃប្តីប្រពន្ធនេះបានទៅប្តឹងមេភូមិឱ្យជួយដោះស្រាយម្តងហើយ តែមិនដឹងជាយ៉ាងម៉េចស្រាប់តែស្អែកឡើងស្ត្រីជាប្រពន្ធផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួនបែបនេះទៅវិញ ។
រីឯករណីមួយទៀត បុរសម្នាក់ឈ្មោះកន រុន អាយុ២៧ឆ្នាំ នៅភូមិទូល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក បានផឹកថ្នាំអង់ទ្រីនសម្លាប់ខ្លួន កាលពីវេលាម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី២២ សីហា នៅនឹងផ្ទះរបស់ខ្លួន ព្រោះតែតូចចិត្តនឹងឪពុកម្តាយខាងស្រីច្រានចោលពិធីចូូលស្តីដណ្តឹងកូនស្រី ពោលគឺខាងស្រី«មិនពេញចិត្តកូនកំលោះ»។ លោកសារ៉េត វិសេដ្ឋ ប្រាប់ថា តាមការសួរនាំគឺដោយសារគេសង្កេតឃើញអ្នកកំលោះនេះមានចរិតមិនល្អ រួមទាំងការតុបតែងខ្លួនផង(ពាក់ក្រវិល សក់ទង់ដែង) ដែលចំណុចទាំងអស់នេះធ្វើឱ្យភាគីខាងស្រីមិនចូលចិត្ត ទើបគេច្រានចោលពិធីចូលស្តីដណ្តឹងនោះ ធ្វើឱ្យសាមីខ្លួនកូនកំលោះតូចចិត្តធ្វើអត្តឃាតដោយផឹកថ្នាំអង់ទ្រីនតែម្តងទៅ ។
ទោះជាបែបណា នេះគ្រាន់តែជាការអះអាងរបស់លោកអធិការរងដែលលោកបានចុះសួរនាំតែប៉ុណ្ណោះ ។ ឯមូលហេតុពិតយ៉ាងណានោះ កោះសន្តិភាពមិនអាចស្វែងរកការបំភ្លឺណាមួយពីគ្រូសារអ្នកធ្វើអត្តឃាតនេះបានទេ ៕
ចែករំលែកព័តមាននេះ