ខេត្តកំពង់ចាម ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកអុសកៅស៊ូចំណុះ៥តោន ពាក់ស្លាកលេខកំពង់ចាម 3A-1120 ត្រូវទទួលការស្តីបន្ទោសថាខ្វះការប្រុងប្រយ័ត្ន នៅពេលឈប់ដូរកង់រថយន្តដែលបែកនៅលើផ្លូវជាតិលេខ៧ត្រង់ភូមិសួងខាងកើត សង្កាត់សួង ក្រុងសួង កាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី៨មីនា ២០១១ បានបង្កឱ្យមានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ដោយរថយន្តម៉ាកកាមរីពណ៌ឈាមជ្រូក១គ្រឿងរបស់មន្ត្រីអគ្គិសនីខេត្តកំពង់ចាម បុកពីក្រោយពេញទំហឹង ជាហេតុបណ្តាលឲ្យស្លាប់អ្នកបើកបររថយន្តនោះ ។
តាមលោកអនុសេនីយ៍ឯកឃឹម វឿន អធិការរងនគរបាលក្រុងសួងទទួលផែនសណ្តាប់ធ្នាប់បានប្រាប់ថា រថយន្តដឹកអុសបើកបរដោយឈ្មោះម៉ៅ លឹមហឿន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិរូង សង្កាត់វិហារហ្លួង ក្រុងសួងធ្វើដំណើរក្នុងទិសដៅពីខាងកើតមកលិច លុះពេលមកដល់ត្រង់ភូមិសួងខាងកើត ស្រាប់តែបែកកង់តែមិនបានឈប់នៅអែបចិញ្ចើមថ្នល់ទេ គឺបានឈប់ដូរកង់នៅលើទ្រូងផ្លូវតែម្តង ។ បន្តិច ក្រោយមកស្រាប់តែមានរថយន្តកាមរី១គ្រឿង ស៊េរី៩១ ពណ៌ឈាមជ្រូក បើកក្នុងទិសដៅស្របគ្នាពីកើតមកលិចដែរ បានបុករថយន្តដឹកអុសពីខាងក្រោយយ៉ាងពេញទំហឹងតែម្តង បណ្តាលឱ្យអ្នកបើកបរ គឺលោកទួន រ៉ានី អាយុ៣៨ឆ្នាំ ជាមន្ត្រីអគ្គិសនីខេត្ត មានទីលំនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាមស្លាប់ដោយកៀបជាប់នៅក្នុងរថយន្ត ។
តាមបុគ្គលិកអគ្គិសនីមួយរូបឈ្មោះជាម សួនរិទ្ធី អាយុ២៧ឆ្នាំ ដែលបានរួមដំណើរជាមួយនឹងអ្នករងគ្រោះនិយាយថា រូបគាត់បានចេញដំណើរពីក្រុងកំពង់ចាម កាលពីវេលាម៉ោងប្រហែល២រសៀលថ្ងៃទី៨ មីនា ដើម្បីទៅប្រាប់ភ្ញៀវនៅខាងស្រុកពញាក្រែកដែលសុទ្ធសឹងជាមន្ត្រីអគ្គិសនីរួមការងារជាមួយឱ្យទៅចូលរួមបុណ្យគំរប់៣ឆ្នាំម្តាយក្មេករបស់លោករ៉ានី ដែលពិធីនេះនឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី១២មីនា នៅឯខេត្តព្រៃវែង ។ បន្ទាប់មកនៅម៉ោង៦ល្ងាចបានបើករថយន្តត្រឡប់មកវិញ ហើយនៅឯស្រុកពញាក្រែកនោះមានភ្លៀងធ្លាក់មកយ៉ាងខ្លាំង ។ លុះពេលមកដល់ភូមិសួងកើត សង្កាត់សួង ក៏ភ្លៀងក៏នៅតែបន្តធ្លាក់ស្រិចៗនៅឡើយ និងបានទៅបុករថយន្តដឹកអុសពីខាងក្រោយពេញទំហឹងតែម្តង ។
លោកជាម សួនរិទ្ធី បានរៀបរាប់ទៀតថា ក្នុងហេតុការណ៍នេះ បណ្តាលឱ្យលោកទួន រ៉ានី រងរបួសយ៉ាងធ្ងន់ធ្ងរឈាមហូរស្រោចពេញខ្លួន និងនិយាយបានតែពីរបីម៉ាត់ប៉ុណ្ណោះ ក៏បាត់មាត់ឈឹងតែម្តង ។ ចំណែករូបគាត់ដែលគ្រាន់តែត្រូវរបួសបន្តិចបន្តួចបានស្ទុះទៅធាក់ទ្វាររថយន្តនោះតែធាក់មិនរួចសោះ មួយសន្ធុះធំក្រោយមកមានម៉ូតូ១គ្រឿងមកដល់ ក៏បានហៅឱ្យជួយគាស់ទាញយកអ្នករងគ្រោះប្រញាប់ប្រញាល់ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកត្បូងឃ្មុំ តែគ្រូពេទ្យប្រាប់ថា អ្នករបួស ស្លាប់តាំងពីមុនពេលនាំមកដល់មន្ទីរពេទ្យម្ល៉េះ។ ប្រសិនណាបើអ្នកបើករថយន្តដឹកអុសនោះដាក់សញ្ញាឱ្យឆ្ងាយបែបមិនមានគ្រោះថ្នាក់នោះទេតែនេះដាក់កៀកពេក ។
លោកអនុសេនីយ៍ឃឹម វឿន បានបញ្ជាក់ថា រថយន្តទាំង២គ្រឿងត្រូវបាននាំយកមករក្សាទុកនៅអធិការក្រុងសួង ដើម្បីដោះស្រាយទៅតាមច្បាប់ ។ លោកអធិការរងបានស្តីបន្ទោសដល់អ្នកបើកបររថយន្តដឹកអុសនោះដោយលើក
ឡើងថា មិនគួរណាឈប់នៅលើចំណែកផ្លូវដែលកំពុងធ្វើចរាចរនេះសោះ គួរតែឈប់អែបឱ្យផុតចូលទៅខាងដើម្បីកុំឲ្យមានបញ្ហាណាមួយកើតឡើងនោះ ៕
ចែករំលែកព័តមាននេះ