រាជធានីភ្នំពេញ ៖ គណបក្សនរោត្តមរណប្ញទិ្ធនឹងធ្វើសមាជប្តូរឈ្មោះទៅជាគណបក្សជាតិនិយមនៅថ្ងៃទី២៤ សីហា ២០១២ ។ ចំណែកគណបក្សហ្វ៊ុនស៊ិនប៉ិចនឹងធ្វើសមាជនៅថ្ងៃទី២៥ សីហា ២០១២ ដើម្បីបញ្ចូលថ្នាក់ដឹកនំាគណបក្សជាតិនិយម មកក្នុងរចនាសម្ព័ន្ឋគណបក្សហ្វ៊ុនស៊ិនប៉ិចតាម ការឯកភាពគ្នាកាលពីថ្ងៃទី២៤ ឧសភា ២០១២ នៅវិមានសន្តិភាពទីស្តីការគណៈរដ្ឋមន្រ្តីនាពេល កន្លងមក ។
ថ្លែងប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពនៅទីគេហដ្ឋាន ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វាខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញកាលពីវេលាថ្ងៃត្រង់ថ្ងៃទី១៥ សីហា ២០១២ លោកឧប នាយករដ្ឋមន្រ្តី និងជាប្រធានប្រតិបត្តិគណបក្សហ្វុ៊នស៊ិនប៉ិច លោកញឹក ប៊ុនឆៃ មានជំនឿដោយសុទិដ្ឋិនិយមថា គណបក្សហ្វុ៊នស៊ិនប៉ិច ដែលប្រសូតចេញពីការរួបរួមគ្នារវាងគណបក្ស រាជានិយមពីរគឺគណបក្សហ្វុ៊នស៊ិនប៉ិច និងគណ បក្សនរោត្តមរណប្ញទ្ធិ ដែលត្រូវបានប្តូរឈ្មោះជាគណបក្សជាតិនិយមនៅពេលខាងមុខនោះ អាចនឹងធ្វើឲ្យគណបក្សនេះកើនឡើងនូវចំនួន អាសនៈសភានៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥ ឆ្នាំ២០១៣ខាងមុខ ។
លោកឧបនាយករដ្ឋមន្រ្តី និងជាប្រធានប្រតិបត្តិគណបក្សហ្វ៊ុនស៊ិនប៉ិច ញឹក ប៊ុនឆៃ បានបញ្ជាក់បន្ថែមថា នៅក្នុងសមាជនោះដែរថ្នាក់ដឹកនំាគណបក្សទំាងពីរ និងបង្កើតគណៈកម្មការបង្រួបបង្រួមមួយ ដើម្បីឈានទៅជ្រើសរើសសមាជិកគណៈកម្មការអចិន្ត្រៃយ៍គណបក្សជាតិនិយម១រូបក្នុងចំណោម៧រូប ធ្វើជាអនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងអគ្គលេខាធិការរង១រូប ។បើតាមលោកញឹក ប៊ុនឆៃ នៅក្រោយ១ថ្ងៃនៃការធ្វើសមាជ ពោលគឺនៅថ្ងៃទី២៦ សីហា ២០១២ ថ្នាក់ដឹកនាំគណបក្សទំាងពីរ នឹងចុះដល់មូលដ្ឋាន ដើម្បីប្រកាសពីការគោលការណ៍ និងគោលនយោបាយរួមជូនដល់សមាជិក-សមាជិកាគ្រប់លំដាប់ថ្នាក់នៅតាមមូលដ្ឋានទូទំាងប្រទេស ។
លោកញឹក ប៊ុនឆៃ បានបញ្ជាក់ដោយសង្កត់ធ្ងន់ទៀតថា គណបក្សហ្វុ៊នស៊ិនប៉ិច ដែលកើតក្រោយការរួបរួមគ្នាឡើងវិញរវាងអ្នករាជានិយមអតីតជាគូសត្រូវបងប្អូនគ្នានេះ នៅតែប្រកាន់យកនូវគោលជំហរដដែល គឺរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងការអភិវឌ្ឍសង្គមមួយដែលស្អាតស្អំយុត្តិធម៌ និងការបង្រួបបង្រួមជាតិ ៕
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕


ចែករំលែកព័តមាននេះ