ការបាញ់ផ្លោង និងការប្រយុទ្ធគ្នានៅបន្តខ្លាំង ក្លា ក្នុងប្រទេសស៊ីរីកាលពីថ្ងៃទី២២ សីហា ដោយកងទ័ពស៊ីរីបានបើកធ្វើការវាយលុកសំខាន់មួយនៅក្រុងដាម៉ាស់ ខណៈមានភាពតាងតឹងយ៉ាងខ្លាំងនៅភាគខាងជើងលីបង់ គឺនៅក្រុងទ្រីប៉ូលី ។ប្រធានាធិបតីបារាំងលោកហ្វ្រង់ស្វ័រហូឡង់ និងនាយករដ្ឋមន្ត្រីអង់គ្លេសលោកដាវីដ កាមឺរ៉ូនបើតាមសេចក្តីប្រកាសមួយរបស់វិមានអេលីហ្សេថា បានអបអរសាទរចំពោះការព្រមព្រៀងគ្នាទាំងស្រុងលើវិបត្តិនៅស៊ីរីក្នុងឱកាសនៃកិច្ចសន្ទនាគ្នាតាមទូរស័ព្ទកាលពីថ្ងៃទី២២ សីហា ។
មេដឹកនាំទាំង២បានព្រមព្រៀងគ្នារក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធដែលមានរវាងបារាំង និងអង់គ្លេសចំពោះស៊ីរី ។ វិមានអេលឺហ្សេបញ្ជាក់ថា ក្នុងការសន្ទនាគ្នានោះ លោកហូឡង់រំលឹកជាថ្មីពីជំហររបស់បារាំងលើភាពចាំបាច់ឱ្យមានការឆ្លងកាត់នយោបាយមួយដែលបញ្ចូលការចាកចេញពីអំណាចរបស់លោកបាចាអាល់ អាសាដ ដែលត្រូវអនុវត្តដោយឆាប់រហ័ស ។ លោកហូឡង់ ក៏គូសបញ្ជាក់ផងដែរ ពីការសន្យារបស់បារាំងផ្តល់ការគាំទ្រដល់ពួកប្រឆាំងស៊ីរី ក្នុងនោះរួមទាំងនៅលើទីលានប្រយុទ្ធផង ។
ក្រៅពីប្រតិបត្តិការដោយទ្រង់ទ្រាយធំធ្វើឡើងដោយកងទ័ពគាំទ្រដោយឧទ្ធម្ភាគចក្រ និងកាំភ្លើងធំធុនធ្ងន់នៅកាហ្វារស៊ូសេហ៍ ភាគខាងលិចក្រុងដាម៉ាស់ ការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ នានា ក៏កើតមានផងដែរ ក្នុងសង្កាត់តាដា មូន និងសង្កាត់ចូបារ ខណៈដែលអាជ្ញាធរអះអាងកាលពីប៉ុន្មានសបា្តហ៍មុនពីការដណ្តើមត្រួតត្រារដ្ឋធានីទាំងមូល ក្រោយពីវាយបណ្តេញពួកឧទ្ទាម ។
អង្គការ OSDH ចោទប្រកាន់កងទ័ពស៊ីរីថា បានសម្លាប់ជនស៊ីវិល៤២នាក់ កាលពីថ្ងៃទី២១ សីហា នៅម៉ាអាដាមីយ៉ាតអាល់ចាមចម្ងាយ៦គ.ម ពីក្រុងដាម៉ាស់ ។ ម្យ៉ាងវិញទៀតកងយន្តហោះស៊ីរីបានទម្លាក់គ្រាប់បែកលើតំបន់នានារបស់ពួកឧទ្ទាមនៅភាគខាងត្បូងក្នុងអាឡែបជាទីក្រុងធំទី២របស់ប្រទេស ដែលនៅទីនោះ ពួកឧទ្ទាមនៅក្រាញទប់ទល់នឹងការវាយលុករបស់កងទ័ព ៕


ចែករំលែកព័តមាននេះ