ខេត្តបន្ទាយមានជ័យ ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ៥តោន ពណ៌ស មួយគ្រឿងដឹកហ្គាសរបស់ក្រុមហ៊ុន (អេស ស៊ី អ ស៊ី) ដែលគេសង្ស័យទំនិញគេចពន្ធបានដឹកចេញតាមច្រករបៀងទំនប់ដាច់ ឃុំអូរបីជាន់ ជួបគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងបែកកង់ មុខក្រឡាប់ផ្ងាជើងក្អួតចេញសុទ្ធតែធុងហ្គាសខ្ទាតរមៀលពេញថ្នល់ជាតិ និងបណ្តាលឱ្យមនុស្សម្នាក់រងរបួសស្រាល កាលពីរសៀលថ្ងៃទី២១ សីហា ២០១២ នៅលើកំណាត់ផ្លូវជាតិេលខ៥ ត្រង់ចំណុចស្រះអិុនតាំ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
តាមប្រភពព័ត៌មានឱ្យដឹងថា រថយន្តដឹកហ្គាសបានបើកក្នុងល្បឿនលឿន ពីលិចទៅកើត លុះមកដល់ចំណុចខាងលើ ស្រាប់តែផ្ទុះកង់មុខទាំង២ បណ្តាលឱ្យរថយន្តរេចង្កូតទៅខាងឆ្វេងដៃបែរក្បាលត្រឡប់ក្រោយក្រឡាប់ផ្ងាជើងឡើងលើធ្លាក់ក្នុងស្នាមភ្លោះ ជះធុងហ្គាសរមៀលរាយពេញថ្នល់ជាតិ និងវាលស្រែ ចំណែកអ្នកបើកបរវិញគេឃើញលូនចេញពីក្នុងរថយន្តមកក្រៅរងរបួសស្រាល ។
ទន្ទឹមគ្នានោះមានរថយន្តកូរ៉េដឹកទឹកបរិសុទ្ធមួយគ្រឿងផ្សេងទៀតប្រភេទមួយតោនកន្លះធ្វើដំណើរបញ្ច្រាសទិសគ្នាមកដល់ ហើយធុងហ្គាសផ្លោងខ្ទាតត្រូវចំកង់រថយន្តដឹកទឹកបរិសុទ្ធនោះ បណ្តាលឱ្យបែកកង់មុខខាងស្តាំទៅមុខលែងរួចផងដែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ