ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការស្ថាបនា​កំណាត់​​ផ្លូវ​​ជាតិ​លេខ​៦ ឈាន​ដល់​ដំណាក់​​ចុងក្រោយ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ការ​ស្ថាបនា​​កំណាត់​ផ្លូវ​​ជាតិ​លេខ​៦ ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ​ឈា​នដល់​ដំណាក់​ចុង​ក្រោយ​ ពេល​នេះ​​ចាប់​ដំណើរ​​ការ​ស្ថាបនា​​សួន​ច្បារ​ចំកណ្តាល​ចែក​ទ្រូង​ផ្លូវ ​និង​ប្រព័ន្ធ​​លូ​ជា​ការ​បញ្ចប់ ។

​លោក​នង គន្ធរ៉ា ប្រធាន​អង្គ​​ភាព​សាធា​រណ​ការ​​នៃ​មន្ទីរ​សាធារណ​ការ​​ និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ ​បាន​អំពាវ​នាវ​ និង​សំណូម​ពរ​ដល់បង​ប្អូន​ប្រជា​ពល​រដ្ឋ​អ្នក​ធ្វើ​ដំណើរ​ សូម​ប្រយ័ត្ន​ប្រយែង​ពេល​​បើក​បរ​នៅ​ពេល​ដែល​កំណាត់​​ផ្លូវ​ជាតិ​លេខ​6A ​ត្រូវ​បាន​សាង​សង់​សួន​ច្បារ​ចំ​កណ្តាល​ចែក​ទ្រូង​ផ្លូវ​​ទៅ​នឹង​មក​ដាច់​​ពី​គ្នា ។

លោក​នង គន្ធ​រ៉ា ឱ្យ​ដឹង​ថា សួន​​ច្បារ​​បែង​ចែក​ទ្រូង​ផ្លូវ​ដែល​កំពុង​ស្ថាបនា​នា​ពេល​នេះ​មាន​ប្រវែង​​២​ម៉ែត្រ​​កន្លះ​នៅ​ចន្លោះ​ផ្លូវ​ប្រវែង​៤.០០០​ម៉ែត្រ ចាប់​ពីគល់​​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន​ ដល់​អគារ​មន្ទីរ​​សុខា​ភិបាល​​ថ្មី​ក្នុង​សង្កាត់​ព្រែក​លៀប ​ខណ្ឌ​ឫស្សីកែវ ដោយ​ចាក់​ដី​ទន្លេ, រៀប​ខឿន, ដាំ​ស្មៅ, ដាំ​ដើម​ជ្រៃ, ដាក់​បង្គោល​ភ្លើង​​ព្រែក​១០០​ដើម ដោយ​​យក​លំនាំ​តាម​មុខ​​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី ។ ជា​មួយ​គ្នា​នេះ បង​ប្អូន​​ដែល​ធ្វើ​ដំណើរ​​ទៅ​ទទួល​ទាន​អាហារ​ និង​ផឹក​ស៊ី​​នៅ​ត្រើយ​ម្ខាង​​ក្នុង​សង្កាត់​​ជ្រោយ​ចង្វា ​និង​ព្រែក​​​លៀប​​ត្រូវ​មាន​ការ​​ប្រុង​ប្រយ័ត្ន​ខ្ពស់​​លើ​បញ្ហា​សុវត្ថិ​ភាព​​ចរាចរណ៍ ជា​​ពិសេស​អ្នក​ស្រវឹង​ពេល​យប់ ។

ដោយឡែក​ប្រព័ន្ធ​​លូ​ខ្នាត​ធំដែល​មាន​មុខ​កាត់​១​ម៉ែត្រ​ ក៏​កំពុង​ដំណើរ​ការ​ស្ថាបនា​​អម​សង​ខាង​ផ្លូវ​ប្រវែង​៨.០០០​ម៉ែត្រ​ដែល​ពេល​នេះ​បាន​រួច​រាល់​៣៥% ​ហើយ ។ ​សូម​បញ្ជាក់​ថា ​កំណាត់​​ផ្លូវជាតិ​លេខ​៦ ​ស្ថិត​ក្នុង​​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ប្រវែង​៤.០០០​ម៉ែត្រ ទទឹង​២៣​ម៉ែត្រ​កន្លះ ​ត្រូវបាន​អ៊ុត​កៅស៊ូ​រួច​រាល់​កាល​ពី​ខែ​មេសា ឆ្នាំ​២០១២។

​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕