ប៉ូលិសគូសបញ្ជាក់កាលពីថ្ងៃទី២២ សីហា ថា មនុស្សយ៉ាងតិច៥០នាក់ស្លាប់ ក្នុងការវាយប្រហារសងសឹកគ្នាមួយដែលកើតមាននៅភាគអាគ្នេហ៍កេនយ៉ា រវាងសហគមន៍ជនជាតិភាគតិច២ ដែលប្រឆាំងគ្នា ។ប៉ូលិសបន្តថា ការប៉ះទង្គិចគ្នានានានៅពេលយប់កើតមានរវាងសហគមន៍ប៉ូកូម៉ូ និងសហគមន៍ អ័រម៉ា នៅតំបន់ស្ទឹងតាណា ។ ក្រៅពីអ្នកស្លាប់មនុស្សជាច្រើននាក់ ត្រូវរបួស ហើយផ្ទះជាច្រើនខ្នងត្រូវដុតបំផ្លាញ ។
មេប៉ូលិសតំបន់ម្នាក់លោកចូសេប គីទួរ និយាយថា បណ្តាជនរងគ្រោះក្នុងនោះមានកុមារ១១នាក់ ត្រូវសម្លាប់កាលពីព្រឹកថ្ងៃទី២២ សីហា ក្នុងការប៉ះទង្គិចគ្នាដែលក៏បណ្តាលឱ្យសត្វពាហនៈជាច្រើនក្បាលរបស់ពួកអ្នកចិញ្ចឹមសត្វនៃសហគមន៍អ័រម៉ា ត្រូវងាប់ផងដែរ ។ មេប៉ូលិសរូបនេះ អះអាងថា មនុស្ស៥០នាក់ស្លាប់ ក្នុងនោះមានកុមារ១១នាក់ ។ ប្រជាជននៃសហគមន៍ប៉ូកូម៉ូ ដែលជាកសិករ និងប្រជាជនសហគមន៍អ័រម៉ា ជាអ្នកចិញ្ចឹមសត្វ មានជម្លោះជាមួយគ្នាជុំវិញរឿងវាលស្មៅចាប់តាំងពីមួយរយៈពេលមកហើយ ។
យោងតាមប្រភពមួយចំនួនថា សហគមន៍ប៉ូតូម៉ូ បានវាយប្រហារពួកអ្នកចិញ្ចឹមសត្វនៃសហគមន៍អ័រម៉ា ដែលដេញសត្វពួកគេទៅរកស្មៅស៊ី ក្នុងតំបន់របស់ពួកគេ ចំណែកពួកអ័រម់ា បានបំផ្លាញផលដំណាំជាការសងសឹកវិញ៕
ចែករំលែកព័តមាននេះ