រាជធានីភ្នំពេញ ៖ វេលាម៉ោង៩ព្រឹកថ្ងៃទី២៣ សីហា ២០១២ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិបានទទួលជួបសវនាការជាមួយអគ្គលេខាធិការរងសហប្រជាជាតិ និងជាប្រធានគណៈកម្មការកិច្ចការសេដ្ឋកិច្ច សង្គមកិច្ចសហប្រជាជាតិទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិក (UN-ESCAP) លោកស្រីបណ្ឌិត Noeleen Heyser នៅទីស្តីការក្រសួងការបរទេស ។
ចំពោះខ្លឹមសារនៃជំនួបរវាងលោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង និង លោកស្រីអគ្គលេខាធិការរងអង្គការសហប្រជាជាតិនាពេលនេះ កោះសន្តិភាពនឹងផ្សាយជូនស្តាប់នៅពេលក្រោយ ។ គួរបញ្ជាក់ថា នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ សីហា លោកស្រីអគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានចូលជួបសម្តែងការគួរសមនិងជួបពិភាក្សាការងារជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួនទៀត ក្នុងនោះលោកស្រី Noeleen Heyser ក៏នឹងជួបពិភាក្សាការងារផងដែរ ជាមួយលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ។
សូមបញ្ជាក់ថា លោកស្រី បណ្ឌិត Noeleen Heyser ជនជាតិសិង្ហហបុរី គឺជាលេខាប្រតិបត្តិទី៩ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ីប៉ាស៊ីហ្វិច (UN-ESCAP) ។ លោកស្រីត្រូវបានការតែងតាំងពីលោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិនៅក្នុងខែសីហា ឆ្នាំ២០០៧ ឱ្យចូលរួមដឹកនាំការងាររបស់ស្ថាប័ននេះ ក្នុងឋានៈជាអគ្គលេខាធិការរងសហប្រជាជាតិ ។លោកស្រីបណ្ឌិត Heyser គឺជាស្ដ្រីទីមួយ ដែលកាន់មុនតំណែងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សហប្រជាជាតិទទួលបន្ទុកអាស៊ី-ប៉ាស៊ីហ្វិក ចាប់តាំងពីស្ថាប័ននេះ ត្រូវបានបង្កើតកាលពីឆ្នាំ១៩៧៤មក ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ