រាជធានីភ្នំពេញ ៖ ដើម្បីធ្វើការអភិវឌ្ឍនូវចំណេះដឹង និងចំណេះធ្វើដល់បុគ្គលិកផ្នែកផលិតកម្ម ក្រុមហ៊ុនខ្មែរ ប្រ៊ូវេីរី បានរៀបចំឡើងនូវវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាមួយ ដែលមានរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ សីហា ឆ្នាំ២០១២ ស្តីអំពីបច្ចេកវិទ្យាទំនើបក្នុងដំណើរការផលិតស្រាបៀរនៅរោងចក្រស្រាបៀរកម្ពុជា ។
វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ៏មានសារសំខាន់មួយនេះ ត្រូវបានបង្រៀនដោយលោក Dr.Ing GEORG WENK និងលោក Dr.Ing DENIZ BILGE ជាអ្នកជំនាញការអន្តរជាតិខាងផលិតស្រាបៀរពីវិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាលការផលិតស្រាបៀរ (VLB) របស់ប្រទេសអាល្លឺម៉ង់ ដែលឈានមុខគេ និងមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការបណ្តុះបណ្តាលលើការផលិតស្រាបៀរនៅលើពិភពលោក ។ ឆ្លងកាត់វគ្គសិក្សានេះ បុគ្គលិកផ្នែកផលិតកម្មរបស់ក្រុមហ៊ុនទាំងអស់ នឹងមានការយល់ដឹងច្បាស់ និងបង្កើនជំនាញថែមទៀតក្នុងការផលិតស្រាបៀរកម្ពុជារបស់យើងឱ្យមានគុណភាពខ្ពស់ និងមានឱជារសឈ្ងុយឆ្ងាញ់ជារៀងរហូត ។
ក្រុមហ៊ុនខ្មែរ ប្រ៊ូវើរី ក៏ជាសមាជិករបស់វិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាលលើការផលិតស្រាវបៀរនេះផងដែរ ហើយតាមរយៈសមាជិកភាពនេះ រោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុនខ្មែរ ប្រ៊ូវើរី នឹងទទួលបាននូវការបណ្តុះបណ្តាលជាប្រចាំអំពីបច្ចេកវិទ្យាថ្មីៗក្នុងការផលិតស្រាបៀរពីវិទ្យាស្ថានមួយនេះ ។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនខ្មែរ ប្រ៊ូវើរី គឺជាក្រុមហ៊ុនផលិតស្រាបៀរក្នុងស្រុកដំបូងគេបំផុត ដែលផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជួយដល់សង្គមជាតិយើង តាមរយៈការផ្តល់នូវអាហារូបករណ៍ជាច្រើនជូនដល់កូនខ្មែរយើងដែលក្រីក្រ ឱ្យបានបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានា និងតាមរយៈការបណ្តុះបណ្តាលដោយផ្ទាល់ទៅលើធនធានមនុស្សរបស់យើងឱ្យមានចំណេះដឹង និងចំណេះធ្វើជាប្រចាំ ៕
ចែករំលែកព័តមាននេះ