ប្រទេសប្រេស៊ីលបានបញ្ចេញកញ្ចប់ទ្រទ្រង់ជំរុញសេដ្ឋកិច្ចរដ្ឋាភិបាលប្រេស៊ីលបានបញ្ចេញកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចដំណាក់កាលដំបូងដើម្បីលើកស្ទួយកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសដែលកំពុងអន់ថយ ។ ទឹកប្រាក់ចំនួន៦០ពាន់លានដុល្លារនឹងត្រូវវិនិយោគនៅក្នុងផ្នែកផ្លូវថ្នល់ និងផ្លូវរថភ្លើងនៅក្នុងប្រទេស នាពេល២៥ឆ្នាំខាងមុខ ។
ក្នុងនោះក៏រួមបញ្ចូលទាំងផ្លូវថ្នល់ថ្មីប្រវែង៨.០០០គីឡូម៉ែត្រ និងផ្លូវដែក៨.០០០គីឡូម៉ែត្រផងដែរ ។ សេចក្តីប្រកាសនោះក៏បានរួមបញ្ចូលទាំងការវិនិយោគលើកំពង់ផែ និងអាកាសយានដ្ឋាននៅក្នុងសប្តាហ៍ក្រោយ ។ គេព្យាករថា កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសប្រេស៊ីលនឹងតិចជាង២%នៅឆ្នាំនេះ ខណៈពេលដែលប្រទេសនេះត្រៀមខ្លួនធ្វើ ជាម្ចាស់ផ្ទះប្រកួតបាល់ទាត់ពិភពលោក២០១៤ និងកីឡាអូឡាំពិកឆ្នាំ២០១៦ខាងមុខ ។
លោកស្រីប្រធានាធិបតី Dilma Rousseff ថ្លែងថា «ថ្ងៃនេះយើងចាប់ផ្តើមដំណាក់កាលថ្មីនៃការអភិវឌ្ឍ ។ រដ្ឋាភិបាលរបស់ខ្ញុំទទួលស្គាល់ថា ដៃគូវិស័យឯកជនមានសារសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច ។ យើងមិនបំបាត់ទ្រព្យសម្បត្តិសាធារណៈទេ តែយើងកំពុងបង្កើតភាពជាដៃគូដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេស ។សូមបញ្ជាក់ថា កាលពីខែកុម្ភៈ ប្រេស៊ីលបានផ្តល់សម្បទានរយៈពេល២០ឆ្នាំដល់អាកាសយានដ្ឋាន៣នៅទីក្រុងសៅប៉ូឡូ និងប្រេស៊ីលីយ៉ា ៕
ចែករំលែកព័តមាននេះ