តាមទិន្នន័យមួយបានបង្ហាញថា អតិផរណាតំបន់អឺរ៉ុបនៅជាប់គាំងមួយកន្លែងអស់រយៈពេល៣ខែពេញគិតត្រឹមខែកក្កដា វាខុសពីអត្រាគោលដៅរបស់ធនាគារកណ្តាលអឺរ៉ុប ។ ប៉ុន្តែដោយសារមានភាពតានតឹងនៅមជ្ឈិមបូព៌ា និងគ្រោះរាំងស្ងួតនៅអាមេរិក បានរុញច្រានឱ្យតម្លៃគ្រាប់ធញ្ញជាតិ និងប្រេងឡើងថ្លៃយ៉ាងខ្លាំងចាប់តាំងពីពេលនោះមក ។
លោក Hetal Mehta សេដ្ឋវិទូប្រចាំស្ថាប័ន Legal & General investment management ថ្លែងថា បើសម្លឹងមើលទៅមុខអាចនឹងមានសម្ពាធមួយខ្ពស់ ហើយប្រាក់ចំណេញពិតប្រាកដអាចស្ថិតក្នុងបញ្ហាលំបាកបន្ថែមទៀត ។ ល្បឿននៃអតិផរណាប្រចាំឆ្នាំមានចំនួន២,៤%នៅក្នុងខែកក្កដា ខណៈដែលតម្លៃទំនិញប្រើប្រាស់នៅក្នុងប្រទេសតំបន់អឺរ៉ឺបទាំង១៧ធ្លាក់ចុះ០,៥% បើធៀបនឹងការធ្លាក់ចុះខែមិថុនា០,១% ។ រូបិយប័ណ្ណតំបន់ចាយលុយអឺរ៉ូមានអត្រាអតិផរណា២,៤% កាលពីខែមុន បើធៀបនឹងគោលដៅរបស់ធនាគារកណ្តាលអឺរ៉ុបស្ថិតក្រោម២%ក្នុងរយៈពេលមធ្យម ។
ចាប់តាំងពីដើមខែសីហាមក តម្លៃប្រេងបានកើនឡើងជិត១០%ដល់១១៦ដុល្លារក្នុងមួយធុង ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីដើមខែឧសភាមក ខណៈដែលភាពតានតឹងកាន់តែខ្លាំងក្លារវាងអុីរ៉ង់ និងអុីស្រាអែលបង្កឱ្យមានជម្លោះផ្នែកយោធា បង្កឱ្យមានការរឹតបន្តឹងទណ្ឌកម្មកាន់តែធ្ងន់ធ្ងរលើអុីរ៉ង់ ។ បន្ថែមលើនេះ គ្រោះរាំងស្ងួតនៅអាមេរិក ដែលជាប្រទេសផ្គត់ផ្គង់ដំណាំពោតធំបំផុតនៅលើពិភពលោក ត្រូវបានគេរំពឹងថា នឹងកាត់បន្ថយទិន្នផលកសិផលជិត១៧%នៅឆ្នាំនេះ ដែលប្រការនេះបានជំរុញឱ្យមានសម្ពាធមកលើតម្លៃទំនិញគ្រប់ប្រភេទ ។
ប្រធានធនាគារកណ្តាលអឺរ៉ុបលោក Mario Draghi បានថ្លែងថា ឈរលើមូលដ្ឋានតម្លៃប្រេងនាពេលបច្ចុប្បន្ន អតិផរណាអាចធ្លាក់ចុះបន្ថែមទៀតនៅក្នុងទិសដៅឆ្នាំ២០១២ និងស្ថិតក្រោម២%ម្តងទៀតនៅឆ្នាំ២០១៣ ។ លោក Draghi បានបញ្ជាក់ថា លោកគាំទ្រសកម្មភាពរបស់ធនាគារកណ្តាលក្នុងការលើកស្ទួយសេដ្ឋកិច្ចដែលធ្លាក់ចុះ០,២% នៅក្នុងត្រីមាសទី២បន្ទាប់ពីជួបនឹងកំណើនសូន្យភាគរយនៅក្នុងត្រីមាសទី១ ។ ធនាគារកណ្តាលរំពឹងថា នឹងទិញសញ្ញាប័ណ្ណនៅក្នុងទីផ្សារបន្ទាប់បន្សំ (Secondary Market) ដើម្បីជួយទម្លាក់តម្លៃប្រាក់កម្ចីសម្រាប់រដ្ឋជាសមាជិកដែលមានបញ្ហា ។
ប៉ុន្តែសកម្មភាពបែបនេះអាចមានទំហំកំណត់ ប្រសិនបើធនាគារកណ្តាលមានបំណងទប់ស្កាត់អតិផរណាដែលកំពុងកើនឡើងនោះ ។ ទស្សនវិស័យចំពោះភាពអត់ការងារធ្វើនៅតែជាបញ្ហាគួរឱ្យព្រួយបារម្ភ ។ ប្រទេសអាល្លឺម៉ង់កើនចំនួនអ្នកអត់ការងារធ្វើដល់ទៅ៧.០០០នាក់កាលពីខែមិថុនា ហើយអត្រាអត់ការងារធ្វើនៅហូឡង់កើនដល់៦,៥% នៅក្នុងខែកក្កដា ដែលជាអត្រាមួយខ្ពស់ចាប់តាំងពីខែឧសភា ឆ្នាំ២០០៥មក ៕
ចែករំលែកព័តមាននេះ