រាជធានីភ្នំពេញ ៖ ក្រុមចោរប្រដាប់អាវុធ២នាក់បានធ្វើសកម្មភាពប្លន់បុរសអាជីវករលក់មាសម្នាក់ដល់មុខផ្ទះ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី២២ សីហា ឆ្នាំ២០១២ នៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ក្បែរចម្រុះជ្រូកស្ថានីយប្រេងឥន្ធនៈសូគីម៉ិច ដែលក្រុមចោរបានបាញ់បុរសរងគ្រោះ៤គ្រាប់ បណ្តាលឱ្យរងរបួសជើង ហើយត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ភ្លាមៗ ក្រោយកើតហេតុ ។
សាក្សីបានឱ្យដឹងថា ក្រុមចោរប្រដាប់អាវុធមានគ្នា២នាក់ ជិះម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរីទំនើបប្រដាប់ដោយកាំភ្លើងខ្លីមិនស្គាល់មា៉ក បានចូលប្លន់ និងបាញ់បណ្តាលឱ្យបុរសអាជីវករលក់មាសដែលជាម្ចាស់ផ្ទះម្នាក់រងបួស ខណៈដើរចូលទៅរកបើកទ្វារផ្ទះ ហើយពួកចោរបានខឹងបុរសនោះដោយសារតែមិនព្រមប្រគល់ស្បោងគ្រឿងអលង្ការ និងប្រាក់ឱ្យទៅពួកគេ ។
បុរសរងគ្រោះឈ្មោះឡេង ស្រង់ អាយុ៥២ឆ្នាំ ជាអាជីវករលក់មាស ប្តូរប្រាក់នៅផ្សារស្ទឹងមានជ័យ ស្នាក់នៅផ្ទះកើតហេតុខាងលើ ត្រូវចោរបាញ់ចំកំភួនជើង១គ្រាប់ និងបាញ់ចំប្រអប់ជើង១គ្រាប់ ចំណែក២គ្រាប់ទៀតខុសគោលដៅបណ្តាលឱ្យបុរសរងគ្រោះដេកដួល និងបង្កឱ្យមានការភ្ញាក់ផ្អើលឡើង ហើយបន្តិចក្រោយមកប៉ូលិសបានទៅដល់កន្លែងកើតហេតុពិនិត្យមើលសភាពការណ៍ និងស្វែងរកមុខសញ្ញា ។ ចំណែកពួកចោរដោយយល់ថា ស្ថានភាពមិនស្រួលក៏ឡើងជិះម៉ូតូរត់គេចខ្លួនបោះបង់ចោលការដណ្តើមយកស្បោងទ្រព្យពោលគឺប្លន់មិនបានសម្រេចទេ ។
អំពើប្លន់ខាងលើនេះត្រូវបានសាច់ញាតិជនរងគ្រោះនិយាយថា មុនពេលកើតហេតុគឺបុរសរងគ្រោះបានប្រមូលគ្រឿងអលង្ការនិងប្រាក់ដាក់ក្នុងស្បោងខ្មៅមួយ រួចហើយជិះម៉ូតូទៅផ្ទះនៅកន្លែងកើតហេតុខាងលើ លុះពេលដល់មុខផ្ទះក៏ចុះពីលើម៉ូតូបម្រុងដើរទៅចាក់សោបើកទ្វារចូល ស្រាប់តែចោរ២នាក់ភ្ជង់ញ៉ាច់តែម្តង ។ ពួកចោរទាំងនេះអាចតាមឃ្លាំមើលបុរសរងគ្រោះជាយូរថ្ងៃមកហើយ ទើបថ្ងៃនេះពួកគេសម្រេចចិត្តប្លន់ ប៉ុន្តែមិនបានសម្រេច។ នេះគឺជាលើកទី១ហើយដែលក្រុមចោរប្លន់អ្នកលក់មាសបានជួបនឹងការបរាជ័យក្នុងសកម្មភាពរបស់ខ្លួន។ មន្ត្រីប៉ូលិសមិនទាន់បានសន្និដ្ឋានបែបណាមួយនៅឡើយទេ ជុំវិញអំពើប្លន់មួយនេះ ៕






ចែករំលែកព័តមាននេះ