ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកថ្ងៃទី២៣ សីហា នេះ ​ផ្លាស់​ប្តូរ​អភិបាល​ និង​​អភិបាល​រង​​​ខេត្តព្រៃ​វែង

13 ឆ្នាំ មុន

ខេត្ត​ព្រៃវែង ៖ ពិធីផ្លាស់ប្តូរ​​​អភិបាល​ខេត្ត​ព្រៃ​វែង​​​នត្រូវ​បានរៀបចំ​ឡើង​នាព្រឹក​ថ្ងៃទី២៣ ​​សីហា ២០១២ ​​នៅ​សាលា​ខេត្តព្រៃ​វែង ដោយ​លោក​ហាស់ សារ៉េត អភិបាល​ខេត្ត​កែប ​​ផ្លាស់ទៅ​​​កាន់​តំណែង​​ជា​អភិបាល​ខេត្ត​ព្រៃ​វែង​ជំនួស​លោក​អ៊ុង សាមី ដែល​នឹង​ត្រូវ​ឡើង​ទៅ​​កាន់​តំណែង​​​ជា​អនុ​​រដ្ឋ​លេខាធិការក្រសួង​មហា​ផ្ទៃក្រោម​អធិបតី​ភាព​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហ​ផ្ទៃ​ ។

​​ចំណែក​​ការ​ផ្លាស់ប្តូរ​មួយ​​ទៀត​ គឺ​លោក​ផាន់ ចាន់ថុល ​​អភិបាល​រង​​ខេត្តព្រៃវែង ​ និង​ជា​ប្រធាន​​សាខា​កាកបាទក្រហម​​​ខេត្ត​ផង​នោះ ត្រូវ​បាន​ដក​ចេញ​ពី​​មុខ​តំណែង ហើយ​អ្នក​ដែល​ឡើងមក​កាន់​​តំណែង​ជំនួស​​លោក​អភិបាល​រង​​រូបនេះ គឺ​លោកអ៊ុំ ប៊ុនឡេង​​ នាយ​ខុទ្ទ​កាល័យ​​នៃ​សាលា​ខេត្ត​​ព្រៃ​វែង។ ​​​​តាមប្រភពព័ត៌​មាន​​បង្ហើប​​ឱ្យ​ដឹង​​ថា ការ​ដក​មុខតំណែង​​​លោក​ផាន់ ចាន់ថុល​នេះ អាចបណ្តាល​មកពីមាន​កំហុស​ឆ្គង​ក្នុង​ការ​អនុវត្ត​ការងារ​​​កន្លងមក ​ដូចជា​​លោកអភិបាល​រង​​រូបនេះ មិន​សូវ​​ធ្វើ​កិច្ច​ការ​​​សាលាខេត្ត​​​ ​និងចុះ​​មូលដ្ឋាន … ​ប៉ុន្តែ​លោកបែរ​ជា​ធ្វើ​កិច្ច​ការ​ផ្ទាល់ខ្លួន​​បែប​​ឯកជន​​ច្រើនជាង​ការងារ​​រដ្ឋ ។

គួររំលឹក​ថា ពិធី​ផ្លាស់​ប្តូរ​តំណែងអភិបាលខេត្តកែបជាផ្លូវការ បានប្រព្រឹត្តឡើងនៅព្រឹកពុធទី២២ សីហា ២០១២ ដោយលោកកែន សត្ថា អភិបាលរងខេត្តនេះ បានឡើងទៅកាន់មុខតំណែងជាអភិបាលខេត្តកែប ជំនួសលោកហាស់ សារ៉េត ដែល​ត្រូវ​បាន​ផ្លាស់​ទៅធ្វើជាអភិបាល​ខេត្ត​ព្រៃ​វែងជំនួសលោកអ៊ុង សាមី ដែល​នឹង​ឡើង​កាន់តួនាទីជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។

នេះបើយោងតាមអ្នកនំាពាក្យក្រសួងមហាផ្ទៃលោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ ដែលថ្លែងតាមទូរស័ព្ទប្រាប់​កោះ​សន្តិភាពនៅរសៀលថ្ងៃទី២០ សីហា២០១២ កន្លងមកនេះ ។ លោកខៀវ សុភ័គ បានបញ្ជាក់ឲ្យដឹងដែរថា ការផ្លាស់ប្តូរនេះ មិនមែនជាការដកតួនាទីអ្វីនោះទេ គឺជាការកែ​សម្រួល​ភារកិច្ចតែប៉ុណ្ណោះ ដោយ​សារលោកអ៊ុង សាមី មានបញ្ហាសុខភាព ដែលធ្វើឲ្យកិច្ចការ​របស់លោកមួយ​ចំនួនមិន​អាច​ឆ្លើយ​តបទៅនឹងតួនាទី និងតម្រូវការរបស់ក្រសួងមហាផ្ទៃ ។ បើតាម​អ្នក​នំាពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងទៀតថា ពិធីផ្ទេរមុខតំណែងខេត្តព្រៃវែងនឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃព្រហស្បតិ៍ទី២៣ សីហា ២០១២ ខាងមុខនេះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕