រាជធានីភ្នំពេញ ៖ ជនប្រដាប់អាវុធ២នាក់បានជិះម៉ូតូឆ្មក់ចូលប្លន់បុរសអាជីវករលក់មាសម្នាក់ដល់មុខផ្ទះ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២២ សីហា ២០១២ នៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ក្បែរច្រមុះជ្រូកស្ថានីយប្រេងឥន្ធនៈសូគីម៉ិច ហើយក្រុមចោរបានបាញ់បុរសរូបនេះ៤គ្រាប់ បណ្តាលឱ្យរងរបួសជើងធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតភ្លាមៗ ។
សាក្សីឱបាន្យដឹងថា ជនប្រដាប់អាវុធមានគ្នា២នាក់ ជិះម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរីទំនើប ប្រដាប់ដោយកាំភ្លើងខ្លីមិនស្គាល់ម៉ាក បានចូលប្លន់ និងបាញ់ បណ្តាលឱ្យបុរសអាជីវករលក់មាសដែលជាម្ចាស់ផ្ទះម្នាក់រងរបួស ខណៈដើរចូលទៅរកបើកទ្វារផ្ទះ ហើយពួកចោរបានខឹងបុរសនោះ ដោយសារតែមិនព្រមប្រគល់ស្បោងគ្រឿងអលង្ការ និងប្រាក់ឱ្យទៅពួកគេ ។
បុរសរងគ្រោះឈ្មោះឡេង ស្រង់ អាយុ៥២ឆ្នាំ ជាអាជីវករលក់មាស-ប្តូរប្រាក់នៅផ្សារស្ទឹងមានជ័យ ស្នាក់នៅផ្ទះកើតហេតុខាងលើ ត្រូវចោរបាញ់ចំកំភួនជើង១គ្រាប់ និងបាញ់ចំប្រអប់ជើង១គ្រាប់ ចំណែក២គ្រាប់ទៀតខុសគោលដៅ បណ្តាលឱ្យដេកដួល និងបង្កឱ្យមានការភ្ញាក់ផ្អើលឡើង ហើយបន្តិចក្រោយមក ប៉ូលិសបានទៅដល់កន្លែងកើតហេតុពិនិត្យមើលសភាពការណ៍ និងស្វែងរកមុខសញ្ញា ។ ចំណែកពួកចោរដោយយល់ថា ស្ថានភាពមិនស្រួលក៏ឡើងជិះម៉ូតូរត់គេចខ្លួនទៅបាត់ បោះបង់ចោលការដណ្តើមយកស្បោងទ្រព្យ ពោលគឺប្លន់មិនសម្រេចទេ ។
អំពើប្លន់ខាងលើនេះត្រូវបានសាច់ញាតិជនរងគ្រោះនិយាយថា មុនពេលកើតហេតុ គឺបុរសរងគ្រោះបានប្រមូលគ្រឿងអលង្ការ និងបប្រាក់ដាក់ក្នុងស្បោងខ្មៅមួយ រួចហើយជិះម៉ូតូទៅផ្ទះនៅកន្លែងកើតហេតុខាងលើ លុះពេលដល់មុខផ្ទះក៏ចុះពីលើម៉ូតូបម្រុងដើរទៅចាក់សោបើកទ្វារចូលទៅក្នុងផ្ទះ ស្រាប់តែចោរ២នាក់ភ្ជង់ញ៉ាច់តែម្តង ។ ពួកចោរទាំងនេះអាចតាមឃ្លាំមើលបុរសរងគ្រោះជាយូរថ្ងៃមកហើយ ទើបថ្ងៃនេះពួកគេសម្រេចចិត្តប្លន់ ប៉ុន្តែមិនបានសម្រេច ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕







ចែករំលែកព័តមាននេះ