រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌឫស្សីកែវបានធ្វើការប្តេជ្ញាចិត្តដោយបង្កើតជាគណៈកម្មការមួយដើម្បីទប់ស្កាត់ និងលុបបំបាត់ការជួញដូរគ្រឿងញៀនដែលបច្ចុប្បន្នកំពុងតែធ្វើសកម្មភាពលក់ចែកចាយទាំងយប់ទាំងថ្ងៃនៅម្តុំអង់តែនទូរទស្សន៍ជាតិ ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ នេះជាការប្តេជ្ញាចិត្តរបស់លោក ឃ្លាំង ហួត អភិបាលខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី ២១ សីហា ឆ្នាំ២០១២ នៅក្នុងការចុះបង្ក្រាប និងទប់ស្កាត់ការជួញដូរគ្រឿងញៀនក្នុងសង្កាត់ទួលសង្កែជាទ្រង់ទ្រាយធំមួយ ។
តាមព័ត៌មានឱ្យដឹងថា កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២១ សីហា អាជ្ញាធរខណ្ឌឫស្សីកែវបានប្រើប្រាស់កម្លាំងប៉េអឹម សណ្តាប់ធ្នាប់ខណ្ឌ និងប្រជាការពារសង្កាត់ទួលសង្កែប្រមាណជា៧០នាក់ ក្រោមការដឹកនាំរបស់លោកព្រះរាជអាជ្ញារង សុខ រឿន និងលោកឃ្លាំង ហួត បានចុះធ្វើរដ្ឋបាលតាមដងផ្លូវដើម្បីបង្ក្រាបក្រុមជួញដូរគ្រឿងញៀនដែលតែងតែធ្វើសកម្មភាពលក់ដូរនៅតំបន់អង់តែនទូរទស្សន៍ជាតិក្នុងភូមិទួលគោកហើយបានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនម្នាក់់ឈ្មោះ ម៉ុន ផែង ភេទប្រុស ដែលកំពុងសំងំជក់នៅក្នុងផ្ទះទុកចោលមួយកន្លែង ។ អ្វីដែលចាប់អារម្មណ៍នោះគឺនៅក្នុងប្រតិបត្តិការជាទ្រង់ទ្រាយធំនេះ គេពុំឃើញមន្ត្រីប៉ូលិសចូលរួមឡើយ ។
លោក ឃ្លាំង ហួត បានឱ្យដឹងថា តំបន់នេះជាកន្លែងស្មុគស្មាញណាស់ដែលជនល្មើសតែងតែលួចលាក់ធ្វើសកម្មភាពជួញដូរគ្រឿងញៀនទោះបីអាជ្ញាធរ ឬសមត្ថកិច្ចចុះទៅបង្ក្រាបជាបន្តបន្ទាប់ក្តីក៏នៅតែធ្វើសកម្មភាពយ៉ាងសកម្ម ។ លោក ឃ្លាំង ហួត ក៏បានប្តេជ្ញាចិត្តលុបបំបាត់ការជួញដូរគ្រឿងញៀននៅតំបន់អង់តែនទូរទស្សន៍ជាតិនេះឱ្យបានដោយបង្កើតជាគណៈកម្មការមួយហើយរាយការណ៍ទៅសាលារាជធានីភ្នំពេញ ។ គណៈកម្មការនឹងចុះបង្ក្រាបជាប្រចាំដូចភ្លៀងរលឹម ធ្វើយ៉ាងណាបំបាត់ឱ្យបាននូវការចែកចាយ និងជួញដូរគ្រឿងញៀននេះ ។ ទោះជាយ៉ាងណាលោកអភិបាលខណ្ឌបញ្ជាក់ថា អាជ្ញាធរមិនអាចទប់ស្កាត់បានទាំងស្រុងទេបើគ្មានការចូលរួមពីមន្ទីរ និងការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀននោះ ។
គួរបញ្ជាក់ថា តំបន់ខាងកើតអង់តែនទូរទស្សន៍ជាតិជាតំបន់មួយលដែលល្បីថា ក្រុមជួញដូរគ្រឿងញៀនលក់ចែកចាយទាំងយប់ទាំងថ្ងៃ ហើយមានមន្ត្រីសមត្ថកិច្ចទៅយកប្រាក់ពីក្រុមជួញដូរនេះផងដែរ ។ បើតំបន់នេះអាចលុបបំបាត់ការជួញដូរគ្រឿងញៀនបាននោះប្រជាពលរដ្ឋច្បាស់ជាសប្បាយរីករាយ ៕




ចែករំលែកព័តមាននេះ