ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់សំណង់រោងចក្រសង្កត់កម្មកររបួសធ្ងន់6នាក់​ ស្រាល9នាក់

13 ឆ្នាំ មុន

ខេត្តកណ្តាល ៖ យ៉ាង​ហោចណាស់​​កម្ម​ករ​​៦​នាក់​​រង​របួស​ធ្ងន់​​ និង​៩​នាក់​​ផ្សេង​​ទៀត​របួស​ស្រាល​​ ត្រូវ​បាន​នាំ​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​ភ្លាម​ៗ​​ បន្ទាប់​ពី​មាន​ការ​​បាក់​​អគារ​រោង​ចក្រ​ដែល​​​សាង​សង់​​ពី​គ្រោង​ដែក​ក្នុងសួន​ឧស្សាហ​កម្ម​​យៀន​ឈីង​​ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​​ភូមិ​អំពិល​​រូង ឃុំ​ទំនប់​ធំ ស្រុក​ពញា​ឮ ខេត្ត​កណ្តាល​​​ ។ ឧប្បទ្ទ​វហេតុ​គ្រោះ​ថ្នាក់​​បាក់​​អគារ​​នេះ បាន​​កើតឡើង​នៅ​​វេលា​ម៉ោង​​៧ និង​២០​​នាទី​​ថ្ងៃទី​២២ សីហា ។

តាម​របាយ​ការណ៍​​របស់​ប៉ូលិស​​ប៉ុស្តិ៍​​​រដ្ឋ​​បាល​ទំនប់​ធំ បាន​ឱ្យ​ដឹង​ថា មុន​ពេល​​កើត​ហេតុ គឺ​​ក្រុម​កម្ម​ករ​​៩​នាក់​កំពុង​​តែ​ធ្វើ​ការ​​តាម​តួនាទី​រៀង​ខ្លួន និង​អ្នក​ខ្លះ​​ជា​ជាង​​ដែក​បាន​ឡើង​ទៅ​ផ្សារ​​​ផ្នែក​ដំបូល​​ដូច​ធម្ម​តា​​​ ក៏​ស្រាប់​តែ​បាក់ធ្លាក់​មក​​តែ​ម្តង​​ ។ លោក​ថ្លាង ភិន​រ៉ា អធិ​ការ​​ប៉ូលិស​​ស្រុក​មាន​ប្រសាសន៍​​ថា កម្ម​ករ​​ប្រមាណ​២០​នាក់​កំពុង​ធ្វើ​​ការ​ដោយ​អ្នក​ខ្លះ​​នៅ​ពី​ក្រោម​​ អ្នក​ខ្លះ​ទៀត​នៅ​ផ្សារ​ដំបូល​​អគារ​ដែល​ប្រក់​​ដោយ​ស័ង្ក​សី ។ ពេល​កំពុង​​ធ្វើ​ការ​​នោះ​ក៏​មាន​សំឡេង​​ឱ្យ​ដឹង​ផង​ដែរ មុន​ពេល​បាក់​​ តែ​ការ​ឱ្យ​សំឡេង​​នោះ​មិន​ទាន់​ទាំង​​បាន​ប៉ុន្មាន​​ផង​ដំបូល​អគារ​​ក៏​បាក់​ធ្លាក់​​​ដាប​មក​​ក្រោម​ស្ទើរ​តែ​ទាំង​ស្រុង ។

តាម​ការ​សន្ឋិដ្ឋានគ្រា​​ដំបូង​​មិន​ទាន់​ជា​ផ្លូវ​ការ​​នៅ​ឡើយ​នោះ​ គឺ​ការ​បាក់​​អគារ​​រោង​ចក្រ​​នេះ អាច​បណ្តាល​មក​ពី​គ្រឿង​ចក្រ​ដែល​​កាយ​ដី​​ក្បែរ​​អគារ​ធ្វើ​​ឱ្យ​មាន​រំញ័រ​​ ទើប​បង្ក​​ឱ្យ​​​គ្រោង​អគារ​ដែល​គ្មាន​​ស​សរ​​កណ្តាល​នោះ​​ក៏​កាច់​បាក់​​សសរ​ជើង​រៀង​ផ្នែក​ខាង​ក្រោម​ទើប​ធ្វើ​​ឱ្យ​​បាក់​​ធ្លាក់​ដំបូល​​អគារ​​មក​ក្រោម​​តែម្តង ។ អគារ​រោង​ចក្រ​​ដែល​កំពុង​សាង​សង់​​នេះ​មាន​បណ្តោយ​​ប្រវែង​​១២០​ម៉ែត្រ និង​ទទឺង​៧០​ម៉ែត្រ កម្ពស់​​៩​ម៉ែត្រ និង​​ទើប​​តែ​សង​់​បាន​​៥០​ភាគ​រយ​​​តែប៉ុណ្ណោះ ។ ទោះ​បី​ជា​​មាន​ការ​សន្និដ្ឋាន​​ដូច​ខាង​លើ​នេះ​ក្តី ក៏​​មិន​ទាន់​ត្រូវ​​បាន​ចាត់​ទុក​​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ប៉ុន្តែ​តាម​ស្ថាន​ភាព​នៃការ​សាង​សង់​​អគារ​ដែល​គ្មាន​សសរ​​កណ្តាលនេះ​​អាច​​​មាន​បញ្ហា​​​បច្ចេក​ទេស​ ដែល​​បណ្តាល​​ឱ្យ​សសរ​​ជើង​រៀង​​មិន​អាច​ទ្រ​ទម្ងន់​​ដំបូល​​បាន​​ទើប​បង្ក​ឱ្យ​មាន​​ការ​បាក់​ធ្លាក់​​បែប​នេះ ។

កាល​ពី​ប៉ុន្មាន​​ខែ​មុន​នេះ អគារ​រោង​ចក្រ​មួយ​កន្លែង​​នៅ​ក្នុង​សង្កាត់​ភ្នំ​ពេញ​ថ្មី ខណ្ឌ​សែន​សុខ ក្នុង​រាជ​ធានី​ភ្នំពេញ​ ក៏​បាន​​បាក់​រាប​ដល់​ដី​​ដែរ ដោយ​​សារ​តែ​​ខ្យល់​​ហើយ​ក៏​ចាត់​ទុក​​ជា​​សំណាង​​ល្អ​ដែរ ដែល​ក្នុង​អគារ​​នោះ​មិន​ទាន់​មាន​កម្ម​ករ​​ធ្វើ​ការ​​នៅ​ឡើយ​ទេ ។ ការ​​បាក់​នោះ​​បាន​បង្ហាញ​​ឱ្យ​ឃើញ​​ថា​ ការសាង​សង់​​អគារ​​ដោយ​គ្រោង​ដែក​នោះ​មិន​​មាន​ភាព​រឹង​មាំ​​នេះទេ ប្រសិន​បើ​​ការ​សាង​សង់​​មាន​​បច្ចេក​ទេស​​ស្ទើរ​ភ្លើង​ ៕