ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយចុងដ៏កំណាចឫស្យា ធ្វើទារុណកម្មលើកូនស្រី គ្មានក្តីមេត្តា ត្រូវចាប់ខ្លួន

13 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ ៖ ស្ត្រី​ជា​ម្តាយ​​ចុង​​ដ៏​ឃោរ​ឃៅ​ម្នាក់​​ត្រូវ​បាន​​តុលា​ការ​​សម្រេច​ឃុំ​ខ្លួន​ដាក់​​ពន្ធ​នា​គារ​​រង់​ចាំ​​ការ​បើក​​សវនា​ការ​នា​ពេល​ខាង​មុខ​​ ពី​បទ​​ធ្វើ​ទារុណ​កម្ម​លើ​​កូន​ស្រី​​អាយុ​​៧​ឆ្នាំ​​ដោយ​គ្មាន​ក្តី​មេត្តា​​ ។ ទី​បំផុត​​​ទឹក​ភ្នែក​​កុមារីម្នាក់​​ជា​កូន​​ចុង​ដែល​ហូរ​ស្ទើរ​​ខ្សោះ​​ទៅ​ហើយ​​នោះ ​ត្រូវ​បាន​សង្គ្រោះ​​ដោយ​អ្នក​ជិត​ខាង​ ​ប្តឹង​សមត្ថ​កិច្ច​​ឱ្យ​​ចាប់​ខ្លួន ។

ស្ត្រី​​ចិត្ត​ឫស្សា​​នេះ ​ឈ្មោះ​​យឿម ផល្លា អាយុ​២១​ឆ្នាំ រស់​នៅ​​ភូមិ​ស្រី​​ឈូក សង្កាត់​កំពង់​​ប្រណាក ក្រុង​ព្រះ​វិហារ ត្រូវ​​បាន​​សមត្ថ​កិច្ច​​កង​រាជ​អាវុធ​​ហត្ថ​ខេត្ត​ព្រះ​វិហារ ​​ឃាត់​ខ្លួន​​ ខណៈ​ស្ត្រី​ជា​ម្តាយ​ចុង​​រូប​នេះ​បាន​​ប្រើ​អំពើ​ហិង្សា​​វាយ​ដំច្រំ​ធាក់​លើ​​កុមារីជា​កូន​ចុង​​ឈ្មោះ​​ដន សុគន្ធា អាយុ​៧​ឆ្នាំ ជាំ​រៀង​​រាល​់​ថ្ងៃ​​ ។ ទារុណ​​​កម្ម​​នេះ​​ធ្វើ​​ឱ្យ​អ្នក​រស់​នៅ​ជិត​ខាង​​មិន​អាច​ទ្រាំ​​បិទ​ភ្នែក​បាន​ឡើយ​​ដែល​​ម្តាយ​ចុង​រូប​នេះ វាយ​ដំ​ធ្វើ​បាប​កូន​ចុង​​ ខណៈ​​​ឪពុក​មិន​នៅ​ផ្ទះ ។ ​រហូត​​ដល់​កុមារី​​​បាក់​កម្លាំង​ស្លេក​ស្លាំង​​ និង​មើល​​ទៅ​លើ​ដង​ខ្លួន​​កុមារី​​​​រូប​នេះ​ឃើញ​​ តែ​ស្នាម​​ជាំ​ពេញ​ខ្លួន​​ស្ទើរ​គ្មាន​សល់​​សាច់​​ ក៏​បាន​​ទៅ​រាយ​ការណ៍​ដល់​​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត និង​​​មន្ទីរ​​កិច្ច​​ការនារី​ខេត្ត​​ដើម្បី​មាន​វិធាន​​ការ​​សង្គ្រោះ​ ។

សមត្ថ​កិច្ច​​កង​រាជ​អាវុធ​​ហេត្ថ​ខេត្ត​​បាន​ឃាត់​ខ្លួន​​ស្ត្រី​ជា​ម្តាយ​ចុង​ឈ្មោះ​​យឿម ផល្លា នៅ​វេលា​​ម៉ោង​​៤​​រសៀល​ថ្ងៃ​ទី​១៩ សីហា បន្ទាប់​ពី​​ទទួល​បាន​ដី​កា​នាំ​ខ្លួន​ពី​សាលា​​ដំបូង​ខេត្ត​​ ក្នុង​បណ្តឹង​អាជ្ញា​​មួយ​របស់​មន្ទីរ​​កិច្ច​ការ​នារី​ខេត្ត​ បាន​នាំ​​ខ្លួន​​ទៅ​កាន់​បញ្ជា​ការ​ដ្ឋាន​អាវុធ​ហត្ថ​ខេត្ត កសាង​​សំណុំ​​រឿង​​បញ្ជូន​ទៅ​សាលា​ដំបូង​​ដើម្បី​ចាត់​​ការ​​តាម​ផ្លូវ​ច្បាប់ ។

បើ​តាម​​សាក្សី​​ជា​ប្រជា​ពល​រដ្ឋ​​រស់​នៅ​​ជិត​ខាង​​ លោក​ស្រី​​ ជា ពុទ្ធី បាន​រៀប​រាប់​​ឱ្យ​កោះ​សន្តិ​ភាព​​ដឹង​ថា ហេតុ​ការណ៍​​ដែល​ស្ត្រី​ជា​​​ម្តាយ​ចុង​​ឈ្មោះ​យឿម ផល្លា ធ្វើ​បាប​កុមារី​​ជា​កូន​​ចុង​នេះ គឺ​បាន​ប្រព្រឹត្ត​​​ជា​យូរថ្ងៃ​ណាស់​​មក​ហើយ តែ​គាត់​​ជា​អ្នក​​ជិត​ខាង​​មិន​ហា៊ន​​ប្រាប់​​​ឱ្យ​ឪពុក​​របស់​កុមារី​​រង​គ្រោះ​​ដឹង​ទេ ដោយ​មិន​ដឹង​​ថា កុមារី​​រង​គ្រោះ​នេះ​​ជា​កូន​ចុង​របស់​ស្ត្រី​​រូប​នេះ​​ទៀត​​ផង ។  តែ​​នៅ​ពេល​ថ្មី​​ៗ​នេះ​​ គឺ​ថ្ងៃ​ទី​១៨ សីហា ចាប់​ពី​ម៉ោង​​​​៨​ព្រឹក​​រហូត​​ដល់​​ម៉ោង​៥​​រសៀល​​អ្នក​ជិតខាង​​បាន​ឮ​​​​សូរតែ​​​សំឡេង​ក្មេង​​ស្រីតូច​​ស្រែក​យំ​​ មិន​បាត់​ទាល់​​តែ​សោះ ។ លុះ​ព្រឹក​ឡើង​ក្នុង​​ថ្ងៃទី​១៩ សីហា រូប​គាត់​ក៏​បាន​ទៅ​ទំនាក់​ទំនង​ជា​មួយ​មន្ទីរ​​កិច្ចការ​នារី​ខេត្ត​ដើម្បី​​មាន​វិធាន​​ការ​ជួយ​​សង្គ្រោះ​ ។

កញ្ញា សូរ ណារីកា អនុ​ប្រធាន​មន្ទីរ​កិច្ច​ការ​នារី​​ខេត្ត ដែល​បាន​​ទៅ​ពិនិត្យ​​ដល់​កន្លែង​​​កើត​ហេតុ​​ បាន​​ឃើញ​សភាព​​ដូច​សេចក្តី​​រាយ​ការណ៍​​របស់​ប្រជា​ពល​រដ្ឋ​​រស់​នៅ​ជិត​​ខាង​ប្រាកដ​មែន​​ ពេល​នោះ​​កញ្ញា​​ អនុ​ប្រធាន​មន្ទីរ​​ ក៏​បាន​​ដើរ​តួ​ជា​ដើម​បណ្តឹង​​អាជ្ញា​ជំនួស​​កុមារី​​ជា​អនីតិ​ជន​​ទៅ​សាលា​ដំបូង​ខេត្ត​ភ្លាម​ៗ​​ សុំ​ការ​ឃាត់​ខ្លួន​ស្ត្រី​​ជា​ម្តាយ​ចុង​ខាង​លើ​​នេះ ។ ដោយ​ឡែក​​ក្មេង​ស្រី​​ឈ្មោះ​​ដន សុគន្ធា ត្រូវ​កញ្ញា​ សូរ ណារីកា អនុ​ប្រធាន​​មន្ទីរ​​កិច្ច​​ការនារី​​នាំ​យក​​ទៅ​កាន់​មន្ទីរ​​កិច្ច​ការ​នារី​​ដើម្បី​ថែ​ទាំ​ និង​ស្រាវ​ជ្រាវ​អំពី​​សាវតា​ជាតិ​​រក​ម្តាយ​​បង្កើត​​នៅ​ឯ​ខេត្ត​សៀម​​រាប ។ តាម​រយៈ​​មន្ទីរ​កិច្ច​​ការ​នារី​ខេត្ត​សៀម​រាប ទើប​បាន​ដឹង​​​ថា កុមារី​​រង​គ្រោះ​​នេះ​ពិត​ជា​មាន​ម្តាយ​បង្កើត​​រស់​នៅ​ក្នុង​ខេត្ត​​សៀម​រាប​ប្រាកដ​​មែន ។ ស្ត្រី​ជា​ម្តាយ​បង្កើត​​កុមារី​រង​គ្រោះ​​ឈ្មោះ​​ទី សាវ៉ន ហៅ​តឿ អាយុ​៣២​ឆ្នាំ ត្រូវ​​បាន​មន្ត្រី​​មន្ទីរ​កិច្ច​ការ​នារី​ខេត្ត​សៀម​រាប នាំ​មក​​ទទួល​យក​កុមារី​រង​គ្រោះ​ជា​កូន​បង្កើត​​ទៅ​កាន់​​លំ​នៅ​ឋាន​​នៅ​ឯខេត្ត​សៀម​រាប ​វិញ ។

ស្ត្រី​​ជា​ម្តាយ​បង្កើត​​កុមារី​​រង​គ្រោះ​ឈ្មោះ​​ទី សាវ៉ន ហៅ​តឿ បាន​រៀប​រាប់​ទាំង​ទឹក​ភ្នែក​​ដោយសារ​​ខ្លោច​ចិត្ត​​អាណិត​​កូនថា ករណី​ដែល​​បណ្តាល​​ឱ្យ​កូន​ស្រី​បង្កើត​​បាន​ឃ្លាត​ឆ្ងាយ​​ពី​ខ្លួន​​ជា​ម្តាយ​រហូត​ដល់​មាន​ការ​រង​​គ្រោះ​បែប​នេះ ក៏​​ដោយ​​សារ​ជីវភាព​​​របស់​គ្រួសារ​​គាត់​ទី​​ទាល់​ក្រ​ខ្លាំង​ពេក ។ ស្ត្រី​រូប​​នេះ​បន្ត​ថា កាល​ពី​​៦​ខែ​មុន ប្តីរបស់​គាត់​​​ឈ្មោះ​​ដន បាន​ប្រាប់​​ថា គាត់​ចេញ​ទៅ​រក​ស៊ី​ឆ្ងាយ​ ហើយ​រូប​គាត់​ជា​ប្រពន្ធ​ក៏​​មិន​​ថា​អី​ទេ រហូត​​ដល់​ប្តីរ​បស់​គាត់​ចាក​ចេញ​ពី​ផ្ទះ​​អស់​រយៈ​ពេល​៦​ខែ ទើប​​វិល​វិញ​​ ​។ ក្រោយ​មក​​មិន​យូរ​​ប៉ុន្មាន​​ប្តីរ​ូប​នេះ បាន​ប្រាប់​រូប​គាត់ជា​ប្រពន្ធ​​ថា គេ​ចេញ​ទៅ​រក​ស៊ី​​ឆ្ងាយ​​ទៀត​ហើយ ដោយ​សុំ​យក​កូន​​ស្រី​មួយ​​ទៅ​ជា​មួយ​​ផង​។ គាត់​ជា​ប្រពន្ធ​​មិន​ដឹង​​ថា​ប្តី​​មាន​ប្រពន្ធ​​ចុង​​​នោះ​ទេ ក៏​ព្រម​​ឱ្យ​ប្តី​​នាំ​កូន​ស្រី​​មក​ជា​មួយ​ទៅ​​ ។ អស់​រយៈ​ប្រហែល​ជា​​ង​មួ​យ​ខែហើយ​ទើប​​បាន​ទទួល​ដំណឹង​ថា ប្តី​មាន​​ប្រពន្ធ​ចុង​​ ហើយ​ថែម​ទាំង​វាយ​​ធ្វើ​បាប​កូន​ប្រៀប​​​ដូច​សត្វ​ធាតុ​​ ។

ស្ត្រី​ជា​​ម្តាយ​បង្កើត​​របស់​កុមារី​រង​គ្រោះ​​និយាយ​​រៀប​រាប់​​ទៀត​ថា គ្រាន់​តែ​ឮ​​ដំណឹង​​ថា ប្តី​​មាន​ប្រពន្ធ​​ចុង​​ និង​ថែម​ទាំង​ធ្វើ​បាប​កូន​របស់​គាត់​​ដូច​សត្វ​​ធាតុ រូប​គាត់​​និយាយ​​លែង​រួច​ស្ទើរ​​តែ​​ដួល​សន្លប់​​ ។ ចំណែក​កុមារី​រង​គ្រោះ​​និយាយ​​ទាំង​មិន​ទាន់​ដឹង​ក្តី​​ថា រាល់​​ថ្ងៃ​ម្តាយ​​​ចុង​​បាន​វាយ​ដំ​​លើ​រាង​កាយ​​នាង​នៅ​ពេល​​ដែល​ឪពុក​​មិន​​នៅ​ផ្ទះ​​ដោយ​ប្រើ​ដំបង​ ឬ​ខ្សែ​ភ្លើង​​ ឬ​ដែក​(ដែក​ព្យួរ​ខោ​អាវ) ​​​វាយ​​ហើយ​ជាន់​ក​បោក​ក្បាល​​ផ្ទុប​​ជញ្ជាំង​បណ្តាល​​ឱ្យ​​បែក​ហូរ​ឈាម ​​មិន​តែប៉ុណ្ណោះ​​ ​បង្អត់​​បាយ​ទៀត មាន​ថ្ងៃ​ខ្លះ​ឱ្យ​​នាង​​​ហូប​បាយ​តែ​មួយ​​ពេល​តែ​ប៉ុណ្ណោះ ។

ស្ត្រី​ជាម្តាយ​ចុង​​ជាប់​ចោទ​​នៅ​ចំពោះ​​មុខ​អយ្យ​ការ​សាលា​ដំបូង​ខេត្ត ​បាន​សារ​ភាព​ថា ខ្លួន​ពិត​​ជា​​បាន​ប្រើ​អំពើ​​ហិង្សា​​វាយ​ដំ​ទៅ​លើ​កុមារី​​ជា​កូន​ចុង​ពិត​ប្រាកដ​មែន ដោយ​សារខឹង​​ហើយ​រក​អីមក​វាយ​មិន​ទាន់​ក៏​ទាញ​ដែក​សម្រាប់​​ពាក់​ខោ​អាវ​​វាយ​រហូត​​ដល់​បែក​សាច់​ហូរ​ឈាម​ក៏មាន​​ដែរ​ ព្រោះ​​ទប់​ចិត្ត​​មិន​បាន​ ។ ករណី​អំពើ​​ហិង្សា​​ពីសំណាក់​​ម្តាយ​ចុង​​ទៅ​លើ​​កុមារី​​អាយុ​៧​ឆ្នាំ​​ ឈ្មោះ​ដន សុគន្ធា ខាង​លើ​នេះ សាលា​ដំបូង​​ខេត្ត​ព្រះ​វិហារ បាន​សម្រេច​ឃុំ​ខ្លួន​​ដាក់​ពន្ធ​នា​គារ​​​ហើយ ​យោង​​​មាត្រា​​២១៧​ និង​២១៩ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

ដោយ​ឡែក​​បុរស​ជា​​ប្តី​ឈ្មោះ​គុយ ដន មិន​ត្រូវ​បាន​សាលា​ដំបូង​ធ្វើ​ការ​ឃាត់​ខ្លួន​ទេ ដោយ​សំអាង​​ថា ជា​ឪពុក​មិន​ពាក់​ព័ន្ធ​ក្នុង​អំពើ​​ហិង្សា​ទេ  តែ​ត្រូវ​បាន​ដាក់​​ឱ្យ​ស្ថិត​នៅ​​ក្រោម​ការ​​ត្រួត​ពិនិត្យ​​របស់​សាលា​​ដំបូង​ខេត្ត ដោយ​ឪពុក​ឈ្មោះ​គុយ ដន​ បាន​ប្រាប់​សមត្ថ​កិច្ច​ថា ខ្លួន​រវល់​​ធ្វើ​​កម្ម​ករ​សំណង់ ព្រលឹម​​បាត់​ ព្រលប់​​ឃើញ​ពិត​​ជា​មិន​ដឹង​​ថា កូន​ត្រូវ​វាយ​ដំ​បែប​នេះទេ ។

ជុំ​វិញ​​ករណី​អំពើ​ហិង្សា​​​​​ខាង​លើ​នេះ តាម​ប្រវត្តិ​សង្ខេប​ឱ្យ​ដឹង​ថា ឪពុក​​ឈ្មោះ​គុយ ដន អាយុ​២៧​ឆ្នាំ មាន​ប្រពន្ធ​ដើម​​ឈ្មោះ​ទី សាវ៉ន ហៅ​តឿ បាន​គ្នា​ជា​ប្តី​ប្រពន្ធ​​អស់​រយ​​​ៈ​កាល​ជាង​១០​ឆ្នាំ​មក​ហើយ ​និង​មាន​កូន​​៣​នាក់​ ស្រី​២​នាក់ ហើយ​កុមារី​​រង​គ្រោះ​​នេះ ជា​កូន​ទី​២ ។ ពួក​គេ​រស់​នៅ​ឯខេត្ត​​សៀម​រាប ​ម្តុំ​ផ្សារ​ចាស់​​ ។ ប្តី​ប្រពន្ធ​​នេះ​មិន​បាន​​លែងលះ​​គ្នា​ទេ គឺ​គ្រាន​់​តែ​ចែក​មុខ​របរ​​គ្នា​រក​ស៊ី​​រៀង​ខ្លួន​ប៉ុណ្ណោះ ។ ចំពោះ​កុមារី​រង​គ្រោះ​ឈ្មោះ​​ដន សុគន្ធា ពេល​នេះ​ត្រូវ​បាន​​មន្ទីរ​កិច្ច​ការ​នារី​​ខេត្ត​ព្រះ​វិហារ ​​ប្រគល់​ទៅ​​ឱ្យ​ម្តាយ​​បង្កើត​វិញ នៅ​ចំពោះ​មុខ​មន្ត្រី​​មក​ពី​មន្ទីរ​កិច្ច​ការ​នារី​ខេត្ត​សៀម​រាប នា​ព្រឹក​​ថ្ងៃទី​២២ សីហា ឆ្នាំ​២០១២ នេះ ដើម្បី​នាំ​យក​ទៅ​កាន់​​លំ​នៅ​ឋាន​​ជា​មួយ​ម្តាយ​បង្កើតវិញ​​ហើយ ៕