រាជធានីភ្នំពេញ ៖ កម្មករ-កម្មការិនីរោងចក្រកាត់ដេរអូសេអង់ ជាង៣ពាន់នាក់ បានប្រមូលផ្តុំគ្នាបន្តធ្វើការតវ៉ាកាន់តែខ្លាំងក្លាជាងមុនទៀត ប្រឆាំងនឹងប្រធានសង្វាក់ផលិតកម្មជនជាតិបង់ក្លាដែស ដោយបានចោទថា មើលងាយស្ត្រីខ្មែរ និងកម្មការិនីទាំងអស់នៅក្នុងរោងចក្រ ។ ក្រុមកម្មករបានធ្វើឱ្យសមត្ថកិច្ចវិលមុខយ៉ាងខ្លាំង ព្រោះតែការតវ៉ាលើកនេះពួកគេបានប្រើល្បិចប្រមូលផ្តុំគ្នាជាក្រុមតូចៗជាច្រើន រួចនាំគ្នាដើរជាក្បួនគេចតាមផ្លូវនានា ដែលជាផលលវិបាកមួយសម្រាប់សមត្ថកិច្ចក្នុងការរារាំង ប៉ុន្តែទោះបីជាបែបណាគេកត់សម្គាល់ឃើញថា ក្នុងហេតុការណ៍នោះ មិនមានអំពើហិង្សា ឬការប៉ះទង្គិចណាមួយកើតឡើងនោះឡើយ ។
ហេតុការណ៍ផ្ទុះបាតុកម្មជាថ្មីនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២២ សីហា ដោយក្រុមកម្មករ-កម្មការិនីបាននាំគ្នាបំបែកជាក្រុមៗហែជាក្បួនដើរចេញពីមុខរោងចក្រកាត់ដេរអូសេអង់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្នុងបំណងទៅកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប៉ុន្តែត្រូវបានសមត្ថកិច្ចធ្វើការរារាំងជាប់នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចដងនង្គ័លមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចម្ងាយពីរោងចក្រប្រមាណជាង៣០០ម៉ែត្រ និងមិនបណ្តាលឱ្យមានការកកស្ទះចរាចរណ៍នោះទេ។ ទោះបីជាបែបណា សមត្ថកិច្ចបានសម្តែងនូវការព្រួយបារម្ភ និងបានធ្វើការណែនាំដល់កម្មករទាំងអស់ឱ្យដាក់ពាក្យបណ្តឹងពីឈ្មោះហ្វារ៉ុក ជនជាតិបង់ក្លាដែសនោះទៅកាន់តុលាការ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសមត្ថកិច្ចចុះស្រាវជ្រាវជុំវិញការចោទប្រកាន់ ដែលមាន៣ចំណុច បើសិនជាដូចការចោទប្រកាន់របស់កម្មករ-កម្មការិនី គឺទី១-ព្រហ្មទណ្ឌ ទី២-អន្តោប្រវេសន៍ និងទី៣-ការជួញដូរផ្លូវភេទ ។
ក្រុមកម្មករ-កម្មការិនីបានឱ្យដឹងថា ពួកគេធ្វើការតវ៉ានេះមានរយៈ១១ថ្ងៃមកហើយ បើគិតរហូតមកដល់ថ្ងៃនេះ ដែលមូលហេតុបង្កឡើងដោយជនជាតិបង់ក្លាដែសម្នាក់ឈ្មោះ ហ្វារ៉ុក មានមុខងារជាប្រធានសង្វាក់ផលិតកម្មនៅក្នុងរោងចក្រ បាននិយាយមើលងាយមើលថោកស្រ្តីខ្មែរយ៉ាងចាស់ដៃបំផុត ដោយគេបានប្រៀបធៀបស្ត្រីខ្មែរទូទៅមានតម្លៃមិនស្មើនឹងសំរាម ។ តាមការចោទប្រកាន់របស់ក្រុមកម្មករ-កម្មការិនី មុននឹងផ្ទុះបាតុកម្ម គឺជននេះបាននិយាយថា ស្ត្រីខ្មែរឱ្យលុយតែបន្តិចបន្តួចចង់យកទៅដេកជាមួយពេលណាក៏បានដែរ ហើយក៏នៅមានពាក្យធ្ងន់ធ្ងរជាងនេះជាច្រើនទៀត ដែលពួកគេសុំមិននិយាយ សុទ្ធសឹងជាពាក្យដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរទូទៅ និងមិនគួរអត់ឱនឱ្យនោះឡើយ ។
កម្មករ-កម្មការិនីបានបន្តទៀតថា កាលពីព្រឹកថ្ងៃទី២០ សីហា កន្លងមក ពួកគេបានប្រមូលផ្តុំគ្នាហែក្បួនដើរចេញពីមុខរោងចក្របម្រុងទៅកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈម្តងរួចមកហើយ តែត្រូវសមត្ថកិច្ចទប់ស្កាត់ទើបអាក់ខានមិនបានទៅវិញ បន្ទាប់មកក៏មានការជួបធ្វើការដោះស្រាយគ្នារវាងតំណាងកម្មករ និងភាគីថៅកែរោងចក្រ ដោយមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីក្រសួងការងារផងដែរ ។ ការដោះស្រាយនោះមិនត្រូវគ្នានោះទេ ដោយសារតែចៅកែរោងចក្រនេះ គឺជាជនជាតិបង់ក្លាដែស ហើយគេបានកាន់ជើងឈ្មោះហ្វារ៉ុកនោះ ដែលជាជនជាតិបង់ក្លាដែសដូចគ្នាមិនព្រមដកជននោះចេញតាមការទាមទាររបស់កម្មករ-កម្មការិនី ។
ទាក់ទិននឹងហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចរាប់រយនាក់ត្រូវបានបញ្ជូនទៅកាន់ទីនោះ ដើម្បីទប់ស្កាត់មិនឱ្យក្រុមកម្មករ-កម្មការិនីហែក្បួនចូលទៅក្នុងរាជធានីភ្នំពេញទេ ព្រោះនាំឱ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងកកស្ទះចរាចរណ៍ផងដែរ ។ ប៉ុន្មានថ្ងៃកន្លងមកនេះ គណៈអភិបាលខណ្ឌពោធិ៍សែនជ័យ រួមជាមួយមន្ត្រីស្ថាប័នពាក់ព័ន្ធនានា បានខិតខំស្វះស្វែងរកដំណោះស្រាយជូនបងប្អូនកម្មករ-កម្មការិនីយ៉ាងយកចិត្តទុកដាក់បំផុត ប៉ុន្តែឃើញថា គន្លឹះដែលអាចបញ្ចប់វិវាទនេះបាន គឺទាល់តែថៅកែដកឈ្មោះហ្វារ៉ុកនោះចេញ ប៉ុន្តែថៅកែនោះមិនព្រមទើបមិនអាចបញ្ចប់រឿង ។
នៅព្រឹកថ្ងៃទី២២ សីហា លោកទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះទៅក្តាប់សភាពការណ៍ដោយផ្ទាល់ ហើយលោកឧត្តមសេនីយ៍ក៏បានចូលទៅកាន់ក្រុមកម្មករសំណូមពរឱ្យពួកគេរក្សាភាពស្ងៀមស្ងាត់ ត្រូវដាក់ពាក្យបណ្តឹងពីឈ្មោះហ្វារ៉ុក នោះទៅកាន់តុលាការ និងដាក់ចូលមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយលោកសន្យាថានឹងចាត់ការជននោះទៅតាមផ្លូវច្បាប់ ។ លោកស្នងការបញ្ជាក់ថា លោកនឹងចុះធ្វើការស្រាវជ្រាវករណីនេះ បន្ទាប់ពីមានបណ្តឹងរបស់បងប្អូនកម្មករ-កម្មការិនី គឺទី១-ស៊ើបអង្កេតលើរឿងព្រហ្មទណ្ឌ ទី២-ការជួញដូរផ្លូវភេទ និងទី៣-អន្តោប្រវេសន៍មានច្បាប់ ឬគ្មានច្បាប់លើជនជាតិបង់ក្លាដែសទាំងនោះ ហើយបើមិនប្រក្រតី នឹងចាត់ការតាមច្បាប់ភ្លាម ។
បន្ទាប់ពីបានស្តាប់ការពន្យល់របស់លោកឧត្តមសេនីយ៍ស្នងការរួចមក កម្មករ-កម្មការិនីទាំងអស់បានធូរអារម្មណ៍ ហើយស្ងប់ស្ងាត់ និងបានដាក់ពាក្យបណ្តឹងទៅតាមការណែនាំនោះ បន្ទាប់មកក៏បានរំសាយជាបណ្តោះអាសន្នផងដែរ ។ គេមិនអាចស្វែងរកការបំភ្លឺណាមួយពីនិយោជករោងចក្រ ឬក៏បុរសបង់ក្លាដែសឈ្មោះហ្វារ៉ុក នោះបានទេ នៅរសៀលថ្ងៃដដែលនោះ៕





ចែករំលែកព័តមាននេះ