ខេត្តបាត់ដំបង ៖ អ្នកបើកគ្រឿងចក្រចំនួន៣នាក់ ដែលស៊ីឈ្នួលឈូសឆាយដីឱ្យថៅកែស្រីម្នាក់ដែលអាជ្ញាធរបានចោទប្រកាន់ថា បានឈូសរំលោភបំពានយកដីសម្បទានសង្គមកិច្ចរបស់រដ្ឋនៅចំណុច «បឹងដង្កោ» ក្នុងភូមិអូរឫស្សី ឃុំបឹងប្រាំ ស្រុកបវេល នឹងត្រូវកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធី នៅថ្ងៃទី២៣ សីហា នេះហើយ ។ នេះបើតាមការអះអាងរបស់សមត្ថកិច្ចជំនាញ ។
មន្ត្រីនគរបាលស្រុកបវេលបានឱ្យដឹងថា អ្នកបើកបរគ្រឿងចក្រចំនួន៣នាក់ ត្រូវបានកម្លាំងចម្រុះព័ទ្ធចាប់កាលពីព្រឹកថ្ងៃទី២១ សីហា នៅចំណុចភូមិ-ឃុំខាងលើ ក្នុងគ្រាដែលពួកគេកំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃដោយប្រើគ្រឿងចក្រ (អាប៊ុលស៊ែរ) ដែលអាជ្ញាធរអះអាងថា ប៉ះពាល់លើដីសម្បទានសង្គមកិច្ចរបស់រដ្ឋទុកសម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ និងគ្រួសារអតីតយោធិនពិការ ពលី ឬកាត់រំសាយ ។ ជនត្រូវចោទទាំង៣នាក់នេះ មាន ១-ឈ្មោះគុជ ស៊ត អាយុ៤៤ឆ្នាំ នៅភូមិសំពៅខាងកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ២-ឈ្មោះផល្លី តុលា អាយុ២២ឆ្នាំ នៅភូមិបល្ល័ង្ក សង្កាត់វត្តនគរ ក្រុងបាត់ដំបង និង៣-ឈ្មោះភិន សំអឿន អាយុ៣២ឆ្នាំ នៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ។ ជាមួយនឹងការឃាត់ខ្លួនអ្នកបើកបរគ្រឿងចក្រទាំង៣នាក់នេះ សមត្ថកិច្ចក៏បានរឹបអូសគ្រឿងចក្រ (អាប៊ុលស៊ែរ) ១គ្រឿង និងសម្ភារមួយចំនួនផងដែរ ។ ជនទាំង៣នាក់បានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ហើយនៅរសៀលថ្ងៃទី២២ សីហា ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ