សារព័ត៌មានបរទេសផ្សាយឱ្យដឹងថា កីឡាករខេវិន សេមមុត របស់ក្រុមជម្រើសជាតិម៉ាល់ត៍ ត្រូវហាមចូលប្រកួតរយៈពេល១០ឆ្នាំពីសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ក្រោយពីបានសម្រេចថា មានកំហុសសីុសំណូកលទ្ធផលបាល់ទាត់ក្នុងការប្រកួតយូរ៉ូ២០០៨នៅជុំជម្រុះរវាងក្រុមជម្រើសជាតិន័រវេស និងម៉ាល់ត៍ ។
ការប្រកួតនោះក្រុមជម្រើសជាតិន័រវេស ឈ្នះក្នុងលទ្ធផល ៤-០ កាលពីខែមិថុនា ២០០៧ ដោយលទ្ធផល៣គ្រាប់កើតឡើងតែក្នុងរយៈពេល១៨នាទី ខណៈពេលកីឡាករសេមមុត ក្នុងចំណោមកីឡាករ៤រូប ដែលបានបញ្ជាក់ក្នុងបញ្ជីឈ្មោះគណៈកម្មការផ្នែកវិន័យរបស់ UEFA ដែលត្រូវប្តូរចេញក្នុងអំឡុងតង់ទី២ ។
UEFA បានបញ្ជាក់ថា មានភស្តុតាងមិនគ្រប់គ្រាន់ នឹងដាក់ទោសលើកីឡាករដទៃទៀតទេនៅក្នុងហេតុការណ៍នោះ ។ កីឡាករសេមមុត បច្ចុប្បន្នលេងឱ្យក្លឹប Valetta នៅក្នុងប្រទេសបានឱ្យដឹងថា គេនឹងប្តឹងទៅឧទ្ធរណ៍ចំពោះការសម្រេចនោះដោយមេធាវីរបស់គេអះអាងថា ជារឿងអយុត្តិធម៌ ។
កីឡាករអាយុ៣១ឆ្នាំ រូបនេះបញ្ជាក់ថា «មានអ្នកខ្លះយល់ថា វាជារឿងល្អមួយប្រសិនបើខ្ញុំបង្ហាញមុខអ្នកប្រព្រឹត្តខុសដទៃទៀត និងធ្វើឱ្យខ្លួនបានទទួលការសម្រាលទោស ប៉ុន្តែខ្ញុំមិនដឹងអ្វីសោះ តើឱ្យខ្ញុំបង្ហើបឱ្យដឹងបានបែបណា? ខ្ញុំពិតជាមិនបានដឹងទេ» ។
លោកន័រម៉េន ដាមេនីន ប្រធានសមាគមបាល់ទាត់ម៉ាល់ត៍មានជំនឿចិត្តថា មានកីឡាករលើសពី១នាក់ដែលមានចំណែកក្នុងការសីុសំណូកលទ្ធផលបាល់ទាត់ដោយមានដើមទុនសម្រាប់បិទមាត់ដល់ទៅ២៥០.០០០ដុល្លារ ក្នុងការប្រកួតមួយគូនោះ ៕
ចែករំលែកព័តមាននេះ